អ្នកឈ្នះដ៏អស្ចារ្យ
អាន : ហេព្រើ ១២:១-៩
វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?-រ៉ូម ៧:២៤
តើនរណាដែលមិនមានការរំជួលចិត្ត ពេលដែលបានឃើញកីឡាកររត់ប្រណាំង ដែលរត់ដួលហើយ នៅតែមិនព្រមបោះបង់ការប្រកួត គឺគាត់បានក្រោកឡើងហើយបន្តរត់ទៅមុខទៀត? គំរូរបស់កីឡាករម្នាក់នេះ បានបណ្តាលចិត្តមនុស្សជាច្រើន។
យ៉ាងណាមិញ គ្រីស្ទបរិស័ទក៏បានទទួលការបណ្តាលចិត្តដូចនេះផងដែរ ពីគំរូរបស់ព្រះអម្ចាស់ និងព្រះសង្រ្គោះរបស់ខ្លួន។ គ្មាននរណាដែលបានទទួលការបន្ទាបបន្ថោកខ្លាំងជាងព្រះយេស៊ូវឡើយ តែក្រោយមកទ្រង់ក៏បានងើបឡើងវិញ។ គេបានប្រមាថទ្រង់ ទាំងមើលងាយ ស្តោះទឹកមាត់ដាក់ វាយដំ ហើយដំដែកគោលទ្រង់ជាប់លើឈើឆ្កាង។ ពេលការរងទុក្ខរបស់ទ្រង់បានបញ្ចប់ ដោយការសុគត គេក៏បានយកលំពែងមកចាក់ចំហៀងទ្រង់ទៀត។ ពួកពេជឃាតបានធ្វើដូចនេះ ដើម្បីបញ្ជាក់ថា ពួកគេមានជ័យជម្នះក្នុងការប្រហារជីវិតទ្រង់ ហើយក៏ប្រកាសថា ទ្រង់បានសុគតហើយ។ ក្រោយមក គេក៏បានឲ្យពួកទាហានយាមផ្នូរទ្រង់ទៀត។ តើមាននរណាដែលត្រូវគេបន្ទាបបន្ថោកជាងនេះទៀត។
តែនោះមិនមែនជាចុងបញ្ចប់របស់ទ្រង់ទេ។ ព្រោះបីថ្ងៃក្រោយមក ព្រះយេស៊ូវក៏បានមានព្រះជន្មរស់ឡើងវិញ ហើយក៏បានបង្ហាញព្រះអង្គទ្រង់ដល់ពួកសិស្សទ្រង់ជាច្រើននាក់។ ទ្រង់ជាអ្នកមានជ័យជម្នះ នៅក្នុងការប្រយុទ្ធនឹងសេចក្តីស្លាប់ អំពើបាប និងស្ថាននរក។
តើនៅថ្ងៃនេះ អ្នកមានអារម្មណ៍ថា លែងចង់រត់ទៅមុខទៀតឬ? តើអ្នកបានជំពប់ដួលធ្វើឲ្យឈឺចាប់ខ្លាំងឬ? សូមមើលទៅការរងទុក្ខរបស់ព្រះយេស៊ូវ និងមើលទៅការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ចុះ ទាំងសូមឲ្យទ្រង់ប្រទានឲ្យអ្នក មានជ័យជម្នះ។ ចូរស្រមៃមើលថា ទ្រង់សព្វព្រះទ័យនឹងជួយជ្រោងអ្នកឡើងយ៉ាងដូចម្តេចខ្លះ ទោះអ្នកបានដួលចុះ ហើយមានភាពដុនដាបយ៉ាងណាក៏ដោយ! ព្រះអម្ចាស់នៃយើងជាអ្នកមានជ័យជម្នះដ៏អស្ចារ្យបំផុត។-Mart DeHaan
ខ្ញុំព្រះអម្ចាស់នៃយើង ជាគំរូដ៏អស្ចារ្យបំផុត
ដែលមានអំណាចឈ្នះការគ្រប់យ៉ាង
អំណាចដែលបានប្រោសទ្រង់ឲ្យរស់ពីសុគត
បានផ្តល់ក្តីសង្ឃឹមដល់យើង ក្នុងពេលដ៏ងងឹត។-Branon
ព្រះយេស៊ូវបានសុគតដើម្បីជួយយើង ហើយទ្រង់ក៏បានមានព្រះជន្មរស់ ដើម្បីថែរក្សាយើង។
ការអានបទគម្ពីរប្រចាំថ្ងៃនេះ – ហេព្រើ ១២:១-៩
១ ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ២ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ ៣ ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ ៤ ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ ៥ តែអ្នករាល់គ្នាបានភ្លេចសេចក្តីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ ៦ ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល» ៧ បើសិនជាអ្នករាល់គ្នាត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ ៨ តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្តីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ ៩ មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី។
ការស្វែងយល់
ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា គឺនៅ “កន្លែងដ៏មានកិត្តិយស” នៅក្បែរបល្ល័ង្កព្រះវរបិតា(ខ.២) ជាកន្លែងដែលមានអំណាច និងព្រះចេស្តា។ ការដែលព្រះវរបិតាបានទទួលព្រះយេស៊ូវ ឲ្យគង់នៅកន្លែងដ៏មានកិត្តិយសដូចនេះ គឺមានន័យថា ទ្រង់បានពេញព្រះទ័យ ចំពោះការអ្វីដែលព្រះគ្រីស្ទបានសម្រេច។ ទ្រង់បានទទួលរងទុក្ខវេទនា បានបង់ថ្លៃលោះបាបយើង ហើយបានឈ្នះសេចក្តីស្លាប់ ហើយទ្រង់ក៏ត្រូវបានលើកដំកើងខ្ពស់ឡើង(មើលភីលីព ២:៥-១១)។