ព្រះឱរស
ថ្ងៃមួយ ពេលខ្ញុំចាប់កាន់កាសែតអាន ខ្ញុំក៏បានឃើញការផ្សាយពាណិជ្ជកម្មពេញមួយទំព័រកាសែត។ ការផ្សាយពាណិជ្ជកម្មនេះពិតជាទាក់ភ្នែកណាស់។ នៅក្បែរផ្នែកខាងលើ នៃចុងទំព័រដែលមានផ្ទៃពណ៌ខៀវខ្ចី មានរូបស្រមោលផ្កាយមួយដួង។ នៅចំកណ្តាលទំព័រនោះ ខ្ញុំឃើញពាក្យដែលគេបានសរសេរថា : ព្រះឱរសដែលបានប្រសូត្រនោះ គឺជាព្រះរាជបុត្រា។
នៅផ្នែកខាងក្រោមនៃទំព័រដដែលនោះ ខ្ញុំឃើញបទគម្ពីរ លូកា ២:១១ ដែលគេបោះពុម្ភនៅលើនោះថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”។ ព្រះរាជសារដ៏សាមញ្ញនេះ គឺប្រកាសថា ព្រះឱរសដែលបានប្រសូត្រនោះ គឺជាព្រះរាជបុត្រា ជាអំណោយដ៏ថ្ងៃថ្លាបំផុត ហួសពាក្យពណ៌នា ព្រោះទ្រង់ជាព្រះសង្រ្គោះ ដែលបានយាងចុះមកផែនដី ដោយប្រសូត្រជាទារកតូច។ ហេតុអ្វីបានជាទ្រង់ធ្វើដូចនេះ?
យើងត្រូវការព្រះយេស៊ូវ ហេតុនេះហើយបានជាព្រះវរបិតាចាត់ទ្រង់ឲ្យយាងចុះមក។ ដោយសារអំពើបាប នោះយើងបានដាច់ចេញពីព្រះដ៏បរិសុទ្ធ(រ៉ូម ៣:២៣)។ យើងត្រូវការព្រះសង្រ្គោះដ៏ល្អឥតខ្ចោះ និងព្រះដែលផ្សះផ្សាឲ្យយើងជានឹងព្រះ។ មានតែព្រះទេដែលអាចស្អាងទំនាក់ទំនងរវាងមនុស្សនឹងទ្រង់ឡើងវិញ។
ព្រះទ្រង់សព្វព្រះទ័យនឹងចាត់ព្រះយេស៊ូវឲ្យចុះមក។ ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់(យ៉ូហាន ៣:១៦) ដើម្បីផ្សះផ្សាយើងឲ្យជានឹងព្រះវិញ។ មានតែព្រះយេស៊ូវទេ ដែលអាចធ្វើជាយញ្ញបូជាដែលល្អឥតខ្ចោះ តាមការតម្រូវរបស់ព្រះវរបិតា ព្រោះមានតែទ្រង់ទេដែលគ្មានបាបសោះ(ហេព្រើរ ៩:១១-១៥)។ ទ្រង់បានស្ម័គ្រព្រះទ័យលះបង់ព្រះជន្មទ្រង់ នៅលើឈើឆ្កាង។ ព្រះទ្រង់បានទទួលយញ្ញបូជារបស់ទ្រង់ ហើយបានប្រោសទ្រង់ឲ្យរួចពីស្លាប់។
ដោយសារយើងត្រូវការទ្រង់ ហើយដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ នោះព្រះវរបិតាបានប្រទានយើងនូវព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ជាអំណោយដល់យើង។ ចូរទទួលអំណោយរបស់ទ្រង់ថ្ងៃនេះ ដោយមិនគិតថ្លៃ។-ANNE CETAS
ព្រះយេស៊ូវបានសុគត ដើម្បីឲ្យយើងរស់។
លូកា ២:៧
នាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។
ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ
រ៉ូម ៣:២២-២៦
២២ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ២៤ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ២៥ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ២៦ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត