អេម៉ាញូអែល

មាន​ពេល​មួយ ខ្ញុំ​បាន​ជជែក​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ ដែល​ជា​គូស្វាមី​ថ្មោង​ថ្មី ហើយ​កំពុង​អន្ទៈ​សារ​ចង់​បាន​កូន។ គាត់​និង​ភរិយា​គាត់ កំពុង​រៀប​ផែន​ការ និង​អធិស្ឋាន​សូម​ព្រះ​ប្រទាន​កូន​ម្នាក់។ ពួក​គេ​បាន​ជ្រើស​រើស​ឈ្មោះ​ឲ្យ​កូន​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ ទោះ​ភរិយា​របស់​គាត់​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ក៏​ដោយ។​

ក្នុង​ឆ្នាំ​៧៣៥​នៃ​គ្រីស្ទ​សគ​រាជ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ ឲ្យ​ប្រជា​ជាតិ​យូដា​ស្តាប់ ពេល​ដែល​ពួក​គេ​កំពុង​មាន​ការ​តយុទ្ធ​ខាង​វិញ្ញាណ។ គឺ​ដូច​ដែល​គាត់​បាន​ប្រកាស​ថា “​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល(ដែល​មាន​ន័យ​ថា ព្រះ​គង់​នៅ​ជា​មួយ​យើង)”(អេសាយ ៧:១៤)។  ត្រង់​ចំណុច​នេះ គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ព្រះយេស៊ូវ តាំង​ពី​៧៣០​ឆ្នាំ មុន​ពេល​ទ្រង់​ចាប់​កំណើត!

ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា សេចក្តី​ពិត​ទាំង​មូល​នៃ​បុណ្យ​ណូអែល គឺ​អាច​បង្រួម​មក​ត្រឹម​ពាក្យ​បី​បួន​ម៉ាត់​ថា “ព្រះ​គង់​នៅជា​មួយ​យើង”។ ក្នុង​ពេល​បុណ្យ​ណូអែល យើង​ច្រើន​តែ​ផ្តោត​ចិត្ត ទៅ​លើ​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​ជា​មនុស្ស។ ប៉ុន្តែ ការ​ផ្តោត​ចិត្ត​ដែល​ប្រសើរ​ជាង​នេះ គឺ​ជា​ការ​ផ្តោត​ទៅ​លើ​ភាព​ជា​ព្រះ​របស់​ទ្រង់ ទៅ​លើ​ភាព​ពិត​របស់​ទ្រង់ ដែល​ជា “ព្រះ​គង់​នៅ​ជា​មួយ​យើង”។

អេម៉ាញូអែល មាន​ន័យ​ថា យើង​មិន​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​វត្ត​មាន​ព្រះ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ដែល​ជា​កន្លែង​ដ៏​សែន​ឆ្ងាយ​ពី​យើង​នោះ​ឡើយ។ ទ្រង់​បាន​យាង​មក​គង់​នៅ​ជា​មួយ​យើង។ ទ្រង់​មាន​សាច់ និង​ស្បែក​ជា​មនុស្ស ហើយ​បាន​ស្លៀក​ពាក់​ខោ​អាវ​មនុស្ស​ផង​ដែរ។ ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា​បាន​ហៅ​ព្រះ​នាម​ទ្រង់ ដែល​ជា​កូន​របស់​ពួក​គេ ការ​នេះ​បាន​រំឭក​ថា ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ពួក​គេ។ តាម​ន័យ​ត្រង់ គឺ​មាន​ន័យ​ថា ទ្រង់​គង់​នៅ​ក្រោម​ដំបូង​ផ្ទះ​តែ​មួយ​ជា​មួយ​ពួក​គេ។

តើ​អ្នក​មាន​អារម្មណ៍​ឯក​កោ​ឬទេ? តើ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​គង់​នៅ​ឆ្ងាយ​ឈោង​មិន​ដល់ ហើយ​ទ្រង់​កំពុង​ទត​មើល​អ្នក​ពី​ចម្ងាយ​ឬ? ព្រះ​រាជ​សារ​នៃ​បុណ្យ​ណូអែល​សូម​លើក​ទឹក​ចិត្ត​អ្នក​ថា អ្នក​មិន​ចំា​បាច់​ត្រូវ​មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ ដ្បិត​ព្រះ​យេស៊ូវ​បាន​យាង​មក​ហើយ។ ទ្រង់​ជាអេម៉ាញូអែល ព្រះ​គង់​នៅ​មួយ​យើង។-K.T.SIM

អេម៉ាញូអែល​គឺ​មាន​ន័យ​ថា ព្រះ​គង់​នៅ​ជា​មួយ​យើង​ខ្ញុំ។

មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យព្រះនាម​ថា អេម៉ាញូអែល(ដែលមានន័យថា “ព្រះគង់នៅចាមួយយើង”)។-អេសាយ ៧:១៤

បទគម្ពីរសម្រាប់អានថ្ងៃនេះ

អេសាយ ៧:១០-១៤

១០ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អេហាស​ថា ១១ ចូរ​ឯង​សូម​ទី​សំគាល់​១​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជំរៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី ១២ តែ​អេហាស​តប​ថា យើង​មិន​ព្រម​សូម​ទេ ក៏​មិន​ព្រម​ល្បងល​ព្រះយេហូវ៉ា​ឡើយ ១៣ ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង ១៤ ដូច្នេះ​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត