ការស្វាគមន៍ក្នុងបុណ្យណូអែល
នៅក្នុងខេត្តផាមផាំងហ្កា ដែលមានទីតាំងនៅលើប្រជុំកោះលូហ្សុន ប្រទេសភីលីពីន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា សាន ហ្វឺណានដូ។ ជារៀងរាល់ឆ្នាំ គេបានប្រារព្ធធ្វើពិធីបុណ្យពិពណ៌ភ្លើងចង្កៀង នៅទីក្រុងនេះ ដែលជាតំណាងឲ្យប្រពៃណីបុណ្យណូអែលរបស់ជនជាតិភីលិពីន ដែលគេហៅថា ចង្កៀងប៉ារូលស៍ ។ សិល្បៈករដែលមានអំណោយទាន បានប្រើដើមឫស្សី ក្រដាស់ពណ៌ និងទៀនធម្មតា បង្កើតជាចង្កៀងដែលមានរូបរាង្គដូចផ្កាយ ដែលគួរឲ្យពិចពិលរមិលមើល ដើម្បីអបអរសាទរព្រះរាជកំណើតព្រះគ្រីស្ទ។
ជនជាតិភីលីពីននៅទូទាំងពិភពលោក បាននាំយកប្រពៃណីបុណ្យណូអែលមួយនេះ ទៅជាមួយពួកគេ នៅតាមតំបន់ជាយក្រុង តាមទីប្រជុំជន និងនៅតំបន់ដែលមានខុនដូខ្ពស់ៗ។ អ្នកអាចឃើញចង្កៀងប៉ារ៉ូលស៍បញ្ចេញពន្លឺភ្លឹបភ្លែតៗ នៅក្នុងផ្ទះតូចៗដែលគេសង់នៅលើទឹក ក្នុងតំបន់បារានហ្កាយ ដែលនៅដាច់ស្រយ៉ាលបំផុត ក្នុងប្រទេសភីលីពីន។ ការរៀបចំមានការខុសគ្នាពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្តែ ក្តីអំណរនៃបុណ្យណូអែល នៅតែមានដូចគ្នា។
នៅសម័យដ៏យូរលង់មកហើយ នៅតំបន់ខ្ពង់រាបដាច់ស្រយ៉ាល ពួកអ្នកគង្វាល “កំពុងចាំយាម នៅក្នុងទីវាល” បានឃើញទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើល។ “នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(លូកា ២:១៣-១៤)។
ចង្កៀងប៉ារូល ជានិមិត្តរូបដំណាង ឲ្យផ្កាយនៅបេថ្លេហិម ដែលបាននាំផ្លូវពួកអ្នកប្រាជ្ញទាំងបីនាក់ ឲ្យដើរទៅរកព្រះរាជបុត្រានៃព្រះ ដែលជាពន្លឺសម្រាប់លោកិយ។ អ្នកប្រាជ្ញដែលមានទ្រព្យស្តុកស្តម្ភ និងពួកអ្នកគង្វាលដែលក្រីក្រ បានទទួលការស្វាគមន៍ដូចគ្នា។ គឺដូចដែលពួកហោរាបានថ្លែងទំនាយថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ ពន្លឺរបស់ទ្រង់ គឺសម្រាប់មនុស្សរាល់គ្នា។-TIM GUSTAFSON
ពន្លឺដែលព្រះគ្រីស្ទប្រទានមក នឹងបំភ្លឺ សូម្បីតែនៅថ្ងៃដែលមានភាពងងឹតបំផុតក៏ដោយ។
អេសាយ ៩:២
ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ។
ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ
លូកា ២:១៣-២០
១៣ នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា ១៤ សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ ១៥ កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង ១៦ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង ១៧ កាលបានឃើញហើយ នោះគេក៏រ៉ាយរ៉ាប់រឿង ពីសេចក្តីដែលទេវតាបានប្រាប់ពីព្រះឱរស ១៨ ហើយអស់អ្នកណាដែលឮ ក៏មានសេចក្តីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក ១៩ តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត ២០ ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក។
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត