បុណ្យណូអែលក្នុងភូមិ
អនុស្សាវរីយបុណ្យណូអែលដើមដំបូងរបស់ខ្ញុំ គឺចាប់ផ្តើមនៅក្នុងបណ្តុំភូមិតូចៗ ដែលហុមព័ទ្ធដោយចំការដើមកាកាវ និងដើមម៉ាហូហ្កានីខ្ពស់ៗ និងដើមលម៉ើ។ យើងបានស្លៀកពាក់ខោអាវថ្មីៗ ដែលឪពុកម្តាយយើងបានផ្តល់ឲ្យ សម្រាប់បុណ្យណូអែល។ យើងជាក្រុមក្មេងអាយុពី៨ ទៅ១០ឆ្នាំ ដ៏សប្បាយរីករាយ ដែលបានដើរ ពីភូមិមួយទៅភូមិមួយទៀត ដូចពួកអ្នកប្រាជ្ញ ដែលកំពុងស្វែងរកព្រះឱរសយេស៊ូវអញ្ចឹង(ម៉ាថាយ ២:១-២)។
ព្រះឱរសយេស៊ូវមិនគង់នៅទីនោះ ក្នុងលក្ខណៈជាសាច់ឈាមឲ្យយើងឃើញទេ តែយើងបានរកឃើញនូវមិត្តភាព និងសុឆន្ទៈជាច្រើន។ នៅពេលរសៀល ម្តាយរបស់យើងក៏បានឲ្យយើងយកម្ហូបមួយចានគោម ទៅឲ្យអ្នកជិតខាងយើង។ សម្រាប់យើងដែលរស់នៅក្នុងភូមិនេះ បុណ្យណូអែលជាពេលដែលយើងប្រព្រឹត្តចំពោះគ្នា ដោយចិត្តសប្បុរស។
ប៉ុន្តែ យើងនៅខ្វះអ្វីម្យ៉ាង។ អ្នកភូមិយើងមិនទាន់ស្គាល់រឿងពិតនៃបុណ្យណូអែលនៅឡើយទេ។ នៅក្នុងការប្រារព្ធពិធីដ៏រីករាយ យើងមិនបានគិតដល់មូលហេតុ ដែលគេធ្វើបុណ្យណូអែលឡើយ។ យើងមិនមានព្រះវិហារនៅតាមភូមិណាមួយឡើយ ហើយគ្មាននរណាប្រាប់យើងអំពីព្រះរាជសារនៃបុណ្យណូអែល ដូចដែលមានចែងថា ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ ឲ្យមកសង្រ្គោះយើងរាល់គ្នា ឲ្យរួចពីបាប(យ៉ូហាន ៣:១៦)។ ការប្រារព្ធបុណ្យណូអែលរបស់យើងនៅពេលនោះ គឺមិនខុសពីការចូលរួមបុណ្យខួបកំណើត ដែលគ្មានម្ចាស់បុណ្យខួបកំណើតនោះឡើយ។
យើងចេះតែប្រារព្ធធ្វើ គឺខុសពីពួកអ្នកប្រាជ្ញ ដែលបានស្វែងរកព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា ពួកអ្នកប្រាជ្ញបានសួរគេថា “តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា?”(ម៉ាថាយ ២:២)។ ហើយពេលដែលពួកគេរកឃើញទ្រង់ ពួកគេ“ក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់ទ្រង់”(ខ.១១)។ ដូចនេះ ពួកគេបានរកឃើញទ្រង់ ហើយថ្វាយបង្គំទ្រង់ មុននឹងថ្វាយអំណោយដល់ទ្រង់។
សេចក្តីពិតមានដូចគ្នា សម្រាប់យើងរាល់គ្នា ទោះយើងនៅក្មេង ឬពេញវ័យហើយក្តី។ គឺសេចក្តីពិតដែលប្រាប់យើងថា ពិធីបុណ្យណូអែល មិនគ្រាន់តែជាពិធីបុណ្យ និងការផ្តោតចិត្តទៅលើព្រះគ្រីស្ទបុណ្ណោះឡើយ។ ព្រះរាជបុត្រាបានយាងមក ដើម្បីប្រទានជីវិត ហើយឲ្យ “ជីវិតនោះបានពេញបរិបូរ”(យ៉ូហាន ១០:១០)។-LAWRENCE DARMANI
ព្រះយេស៊ូវជាមូលហេតុដែលយើងប្រារព្ធធ្វើពិធីបុណ្យណូអែល។
យ៉ូហាន ១០:១០
តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង។-យ៉ូហាន ១០:១០
ការអានបទគម្ពីរ សម្រាប់ថ្ងៃនេះ
ម៉ាថាយ ២:១-១១
១ កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា ២ តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។
៣ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្តីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង ៤ កាលបានប្រជុំពួកសង្គ្រាជ និងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា ៥ នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្តីទុកមកដូច្នេះថា ៦ «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយ នៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។
៧ នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា ៨ រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ ៩ កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់ ១០ គេមានសេចក្តីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ ១១ ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ។
លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត