មូល​ហេតុ​ចម្បង

ព្រះយេស៊ូវ​បាន​កែ​តម្រង់​ទស្សនៈ​ដ៏​ស្រពិច​ស្រពិល ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះ។ ទ្រង់​បាន​បើក​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ​មួយ​អង្គ ដែល​បាន​យាង​ចុះ​មក​រក​យើង​រាល់​គ្នា ទ្រង់​ជា​ព្រះ​ដែល​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ហើយ​ដែល​ប្រសើរ​បំផុត​នោះ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។

អ្នក​ដែល​បាន​ចម្រើ​វ័យ​ធំ​ឡើង​ ក្នុង​គ្រួសារ​គ្រីស្ទ​បរិស័ទ អាច​មាន​អារម្មណ៍​ធម្មតា ចំពោះ​ព្រះ​រាជ​សារ​របស់​ព្រះយេស៊ូវ។ ពួក​គេ​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ទេ ហើយ​ពួក​គេ​ប្រហែល​មិន​ទាន់​យល់​ថា ទំនាក់​ទំនង​រវាង​មនុស្ស​នឹង​ព្រះ ជា​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់​ទេ។ លោក​អារីស្តូត ដែល​ជា​អ្នក​ប្រាជ្ញ​ជន​ជាតិ​ក្រិក បាន​លើក​ឡើង​ថា “វា​ជា​រឿង​ចម្លែក បើ​សិន​ជា​មនុស្ស​ម្នាក់​អៈ​អាង​ថា​ខ្លួន​ស្រឡាញ់​ព្រះ​ហ្ស៊ូស(Zeus ព្រះ​របស់​សាសន៍​ក្រិក)”។ ប៉ុន្តែ វា​ក៏​ជា​រឿង​ចម្លែក​ដែរ បើ​សិន​ជា​គេ​ថា ព្រះ​ហ្ស៊ូស​ស្រឡាញ់​មនុស្ស។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​របស់​គ្រីស្ទ​បរិស័ទ​បាន​លើក​ឡើង​ថា សេចក្តី​ស្រឡាញ់​ជា​មូល​ហេតុ ដែល​ព្រះ​យេស៊ូវ​បាន​យាង​ចុះ​មក​ផែន​ដី។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់”(១យ៉ូហាន ៤:៩)។

ខ្ញុំ​នៅ​ចាំ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​រង់​ចាំ​ជិះ​យន្ត​ហោះ នៅ​អាកាស​យាន្ដ​ដ្ឋាន។ កាល​នោះ ខ្ញុំ​ក៏​បាន​ឆ្លៀត​ពេល​និពន្ធ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​ខក​ចិត្ត​ចំពោះ​ព្រះ  ហើយ​ខ្ញុំ​មាន​ចិត្ត​ឈឺ​ឆ្អាល ចំពោះ​អ្នក​ដែល​មាន​សេចក្តី​ទុក្ខ និង​ការ​សង្ស័យ ​ក៏​ដូច​ជា​ចំពោះ​អ្នក​ដែល​សេចក្តី​អធិស្ឋាន​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។

អ្នក​ស្រី​ខារែន(Karen) ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ។ មាន​ពេល​មួយ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួច​សន្និ​សិទ​ដូច​ខ្ញុំ​ដែរ។ គាត់​ធ្លាប់​តែ​ស្តាប់​ខ្ញុំ​និយាយ ដោយ​មិន​និយាយ​អ្វី​តប​មក​ខ្ញុំ​វិញ តាំង​ពី​យូរ​មក​ហើយ ហើយ​នៅ​ថ្ងៃ​នោះ គាត់​ស្រាប់​តែ​សួរ​ខ្ញុំ​ថា “ភីលីព តើ​អ្នក​ធ្លាប់​អនុញ្ញាត​ឲ្យ​ព្រះ​ស្រឡាញ់​អ្នក​ទេ? ខ្ញុំ​គិត​ថា នេះ​ជា​រឿង​សំខាន់​ណាស់”។

ពេល​នោះ​ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​មើល​រំលង​ព្រះ​រាជ​សារ​ដ៏​សំខាន់​បំផុត​នៃ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ ដែល​បាន​ថ្លែង​ប្រាប់​ថា រឿង​របស់​ព្រះ​យេស៊ូវ ជា​រឿង​នៃ​សេចក្តី​ស្រឡាញ់។ ជា​ការ​ពិត​ណាស់ រឿង​នេះ​មាន​ការ​ទាក់​ទង​នឹង​ការ​ឈឺ​ចាប់ និង​ការ​ខក​ចិត្ត។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​មួយ​អង្គ ដែល​នឹង​ប្រមូល​ក្រុម​គ្រួសារ​របស់​ទ្រង់​មក​វិញ​ ទោះ​ជាមាន​ការ​លះ​បង់​យ៉ាង​ក៏​ដោយ។-PHILIP YANCEY

សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ដែល​ព្រះ​យាង​មក​យក​កំណើត​ជា​មនុស្ស។-WALVOORD

១យ៉ូហាន ៤:៩

សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ​សារ​ទ្រង់។

ការអានបទគម្ពីរសម្រាប់ថ្ងៃនេះ

១យ៉ូហាន ៤:១-៩

១ ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែងក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ ២ យើង​នឹង​សំគាល់​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណាដែល​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ ៣ តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះគ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ ៤ ពួក​កូន​តូចៗ អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង ៥ ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ ៦ ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត និង​វិញ្ញាណ​នៃ​សេចក្តី​ខុសឆ្គង​ទៅ​បាន។

៧ ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ ៨ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង ៩ សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់។

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ អំណោយនៃព្រះគុណរបស់ព្រះ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត