ថ្ងៃមួយ ពេលខ្ញុំចាប់កាន់កាសែតអាន ខ្ញុំក៏បានឃើញការផ្សាយពាណិជ្ជកម្មពេញមួយទំព័រកាសែត។ ការផ្សាយពាណិជ្ជកម្មនេះពិតជាទាក់ភ្នែកណាស់។ នៅក្បែរផ្នែកខាងលើ នៃចុងទំព័រដែលមានផ្ទៃពណ៌ខៀវខ្ចី មានរូបស្រមោលផ្កាយមួយដួង។ នៅចំកណ្តាលទំព័រនោះ ខ្ញុំឃើញពាក្យដែលគេបានសរសេរថា : ព្រះឱរសដែលបានប្រសូត្រនោះ គឺជាព្រះរាជបុត្រា។
នៅផ្នែកខាងក្រោមនៃទំព័រដដែលនោះ ខ្ញុំឃើញបទគម្ពីរ លូកា ២:១១ ដែលគេបោះពុម្ភនៅលើនោះថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”។ ព្រះរាជសារដ៏សាមញ្ញនេះ គឺប្រកាសថា ព្រះឱរសដែលបានប្រសូត្រនោះ គឺជាព្រះរាជបុត្រា ជាអំណោយដ៏ថ្ងៃថ្លាបំផុត ហួសពាក្យពណ៌នា ព្រោះទ្រង់ជាព្រះសង្រ្គោះ ដែលបានយាងចុះមកផែនដី ដោយប្រសូត្រជាទារកតូច។ ហេតុអ្វីបានជាទ្រង់ធ្វើដូចនេះ?
យើងត្រូវការព្រះយេស៊ូវ ហេតុនេះហើយបានជាព្រះវរបិតាចាត់ទ្រង់ឲ្យយាងចុះមក។ ដោយសារអំពើបាប នោះយើងបានដាច់ចេញពីព្រះដ៏បរិសុទ្ធ(រ៉ូម ៣:២៣)។ យើងត្រូវការព្រះសង្រ្គោះដ៏ល្អឥតខ្ចោះ និងព្រះដែលផ្សះផ្សាឲ្យយើងជានឹងព្រះ។ មានតែព្រះទេដែលអាចស្អាងទំនាក់ទំនងរវាងមនុស្សនឹងទ្រង់ឡើងវិញ។
ដោយសារយើងត្រូវការទ្រង់ ហើយដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ នោះព្រះវរបិតាបានប្រទានយើងនូវព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ជាអំណោយដល់យើង។ ចូរទទួលអំណោយរបស់ទ្រង់ថ្ងៃនេះ ដោយមិនគិតថ្លៃ។-ANNE CETAS
អត្ថបទក្នុងវីដេអូនេះ ត្រូវបានអានដោយកុមារី អេសធើ លួ អាយុ៧ឆ្នាំ។