ថ្ងៃ​មួយ ពេល​ខ្ញុំ​ចាប់​កាន់​កាសែត​អាន ខ្ញុំ​ក៏​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ពេញ​មួយ​ទំព័រ​កាសែត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះពិត​ជា​ទាក់​ភ្នែក​ណាស់។ នៅ​ក្បែរ​ផ្នែក​ខាង​លើ នៃ​ចុង​ទំព័រ​ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ​ខ្ចី មាន​រូប​ស្រមោល​ផ្កាយ​មួយ​ដួង។ នៅ​ចំ​កណ្តាល​ទំព័រ​នោះ ខ្ញុំ​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​ថា :  ព្រះ​ឱរស​ដែល​បាន​ប្រសូត្រ​នោះ គឺ​ជា​ព្រះ​រាជ​បុត្រា។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​ដដែល​នោះ ខ្ញុំ​ឃើញ​បទ​គម្ពីរ លូកា ២:១១ ដែល​គេ​បោះ​ពុម្ភ​នៅ​លើ​នោះ​ថា “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”។ ព្រះ​រាជ​សារ​ដ៏សាមញ្ញ​នេះ គឺ​ប្រកាស​ថា ព្រះ​ឱ​រស​ដែល​បាន​ប្រសូត្រ​នោះ គឺ​ជា​ព្រះ​រាជ​បុត្រា ជា​អំណោយ​ដ៏​ថ្ងៃ​ថ្លា​បំផុត ហួស​ពាក្យ​ពណ៌នា ​ព្រោះ​ទ្រង់​ជា​ព្រះ​សង្រ្គោះ ដែល​បាន​យាង​ចុះ​មក​ផែន​ដី ដោយ​ប្រសូត្រ​ជា​ទារក​តូច។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ដូច​នេះ?

យើង​ត្រូវ​ការ​ព្រះ​យេស៊ូវ ហេតុ​នេះ​ហើយ​បា​នជា​ព្រះ​វរបិតា​ចាត់​ទ្រង់​ឲ្យ​យាង​ចុះ​មក។ ដោយ​សារ​អំពើ​បាប នោះ​យើង​បាន​ដាច់​ចេញ​ពី​ព្រះ​ដ៏​បរិសុទ្ធ(រ៉ូម ៣:២៣)។ យើង​ត្រូវ​ការ​ព្រះ​សង្រ្គោះ​ដ៏​ល្អ​ឥត​ខ្ចោះ និង​ព្រះ​ដែល​ផ្សះ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ។ មាន​តែ​ព្រះ​ទេ​ដែល​អាច​ស្អាង​ទំនាក់​ទំនង​រវាង​មនុស្ស​នឹង​ទ្រង់​ឡើង​វិញ។

ដោយ​សារ​យើង​ត្រូវ​ការ​ទ្រង់ ហើយ​ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នោះ​ព្រះ​វរបិតា​បាន​ប្រទាន​យើង​នូវ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ ជា​អំណោយ​ដល់​យើង។ ចូរ​ទទួល​អំណោយ​របស់​ទ្រង់​ថ្ងៃ​នេះ ដោយ​មិន​គិត​ថ្លៃ។-ANNE CETAS
អត្ថបទក្នុងវីដេអូនេះ ត្រូវបានអានដោយកុមារី អេសធើ លួ អាយុ៧ឆ្នាំ។