ដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យ
ទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា។-លូកា ២:១០
ខណៈពេលដែលខ្ញុំកំពុងដើរលេងកាត់តាមហាងទំនិញមួយ ក្នុងរដូវកាលនៃបុណ្យណូអែល ខ្ញុំក៏បានចោលកន្ទុយភ្នែកឃើញពាក្យ ក្តីអំណរ ដែលព្យួរបន្តោកនឹងពិដាន កំពុងវិលយឺតៗ ដោយសារខ្យល់បក់តិចៗ។ ទោះផ្លាកមួយនេះមានពណ៌ខ្ចីស្អាត ក្នុងរដូវកាលនៃថ្ងៃឈប់សម្រាកបុណ្យណូអែលក៏ដោយ ក៏ពាក្យនេះហាក់ដូចជាត្រូវគេយកមកដាក់ខុសកន្លែង។ ព្រោះមើលទៅមនុស្សម្នាក់ៗនៅកន្លែងនោះ ហាក់ដូចជាគ្មានអំណរសូម្បីតែបន្តិច។
ក្នុងកណ្ឌគម្ពីរដំណឹងល្អតាមលោកលូកា មានការកត់ត្រាអំពីការប្រកាសរបស់ទេវតា អំពីក្តីអំណរថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ ប៉ុន្តែ បើយើងគិតអំពីព្រះរាជសារមួយនេះឲ្យដិតដល់ យើងអាចមានចម្ងល់។ ព្រោះអ្នកជឿលើព្រះគ្រីស្ទពិតជាមានអំណរ ក្នុងការនឹកចាំ អំពីការយាងមកយកកំណើត នៃព្រះអម្ចាស់យើង នៅក្នុងលោកិយនេះ តែទេវតាមិនបានសន្យាតែប៉ុណ្ណេះទេ។ ទេវតាមិនបានសន្យាថា នឹងមានដំណឹងល្អសម្រាប់តែគ្រីស្ទបរិស័ទនោះទេ។ ដំណឹងល្អនោះគឺសម្រាប់ “មនុស្ស គ្រប់គ្នា” ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យគេដឹងថា ការប្រសូត្ររបស់ព្រះយេស៊ូវ ជាដំណឹងល្អសម្រាប់មនុស្សម្នាក់ៗ?
តើអ្នកធ្លាប់សួរខ្លួនឯងដែរឬទេថា មានដំណឹងល្អអ្វី ដែលអាចមានឥទ្ធិពលមកលើមនុស្សទាំងអស់ដូចៗគ្នា ដោយមិនប្រកាន់វប្បធម៌ ភេទ កំរិតប្រាក់ចំណូល ឬទីកន្លែង? ពីដំបូង ខ្ញុំគិតថា បើគេរកឃើញថ្នាំព្យាបាលជម្ងឺមហារីក នោះមនុស្សទំាងអស់ប្រាកដជានឹងចាត់ទុកវាជាដំណឹងល្អ។ ជាការពិតណាស់ បើគេពិតជារកឃើញមែន នោះវាគឺជាដំណឹងល្អសម្រាប់មនុស្សគ្រប់គ្នាហើយ។ ប៉ុន្តែ ក្រោយមកខ្ញុំក៏បានដឹងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានជម្ងឺមហារីកទេ។ អ្នកខ្លះមានជម្ងឺអេដស៍ ខ្លះមានជម្ងឺទឹកនោមផ្អែម ហើយខ្លះទៀតមានជម្ងឺថ្លើម ឬជម្ងឺអ្វីផ្សេងទៀត។
បន្ទាប់មក ខ្ញុំក៏បានគិតអំពីសង្រ្គាម។ បើពិភពលោកលែងមានសង្រ្គាម នោះមនុស្សទាំងអស់នឹងថា នេះជាដំណឺងល្អ។ ប៉ុន្តែ ខ្ញុំក៏បានយល់ភ្លាមថា នៅពេលខ្លះ មនុស្សជាច្រើនមិនស្ថិតនៅក្នុងសង្រ្គាម ឬទទួលផលប៉ះពាល់ដោយសង្រ្គាមទេ។
ទីបំផុត ខ្ញុំក៏បានគិតថា ខ្ញុំរកឃើញចម្លើយហើយ : គឺការលប់បំបាត់ភាពក្រីក្រ។ បើភាពក្រីក្រលែងមែនទៀត តើវាមិនមែនជាដំណឹងល្អជាសកលទេឬ? ប៉ុន្តែ ជាការពិតណាស់មនុស្សរាប់លាននាក់ មិនមែនជាអ្នកក្រ ឬទទួលផលប៉ះពាល់ដោយផ្ទាល់ពីភាពក្រីក្រឡើយ។ តាមពិត មានមនុស្សរាប់លាននាក់ ដែលមានជីវភាពល្អ បើប្រៀបធៀបនឹងអ្នកដទៃទៀត។ ទេ ដំណឹងល្អនេះមិនមានឥទ្ធិពលមកលើមនុស្សទំាងអស់ស្មើៗគ្នាឡើយ។
ដំណឹងល្អពិតប្រាកដ គឺមិនប្រកាន់ទីកន្លែង មនុស្ស ពេលវេលា ឬវប្បធម៌ឡើយ។ ដូចនេះ តើដំណឹងអ្វី ជាដំណឹងល្អដែលនឹងនាំក្តីអំណរដ៏អស្ចារ្យដល់មនុស្សទាំងអស់?
ការផ្តល់ឲ្យនេះគឺបើកចំហរសម្រាប់មនុស្សទាំងអស់
ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ។-ម៉ាកុស ១៦:១៥
ចូរគិតអំពីការផ្តល់ឲ្យដែលអ្នកបានឮ និងបានទទួលក្នុងជីវិតអ្នក។ តើមានការផ្តល់ឲ្យមួយណា ដែលពិតជាបើកចំហរសម្រាប់មនុស្សគ្រប់គ្នា ដែលនៅមានជីវិតក្នុងពេលបច្ចុប្បន្ន និងអ្នកដែលមានជីវិតក្នុងពេលអនាគត? ជាការពិតណាស់ ការផ្តល់ឲ្យទាំងអស់ដែលយើងទទួលមានបរិមាណកំណត់ និងពេលវេលាកំណត់។
តាមធម្មតា ការផ្តល់ឲ្យដ៏អស្ចារ្យស្តាប់មើលទៅដូចជាគួរឲ្យភ្ញាក់ផ្អើលណាស់ ទាល់តែយើងបានអានលក្ខខ័ណ្ឌនៃការផ្តល់ឲ្យនោះសិន ទើបយើងដឹងថា ការពិតវាយ៉ាងម៉េច។ ចិត្តដែលរំភើបរីករាយក៏បានប្រែជាការខកចិត្តភ្លាមៗ ពេលដែលយើងដឹងថា អ្នកត្រូវទិញអ្វីមួយពីគេ ឬមានអាយុដូចដែលគេកំណត់ ឬមួយមានកំរិតប្រាក់ចំណូលដ៏ជាក់លាក់ណាមួយ ពុំនោះទេ ត្រូវមានទីលំនៅកន្លែងណាមួយ ដើម្បីឲ្យអាចទទួលការផ្តល់ឲ្យរបស់គេ។ គេមិនអាចធ្វើការផ្តល់ឲ្យជាសកល សម្រាប់មនុស្សទំាងអស់ នៅគ្រប់ទីកន្លែង និងពេលវេលាបានទេ។ ការផ្តល់ឲ្យនេះមិនយុត្តិធម៌ទេ តែជីវិតមនុស្សតែងជួបរឿងបែបនេះជាធម្មតាទៅហើយ។ ពេលដែលយើងបានធំដឹងក្តី យើងដឹងថា ជីវិតមិនតែងតែយុត្តិធម៌ជានិច្ចឡើយ។
តែការផ្តល់ឲ្យមកពីព្រះមានភាពអស្ចារ្យ ខុសពីការផ្តល់ឲ្យធម្មតា។ ការផ្តល់ឲ្យរបស់ទ្រង់ គឺជាដំណឹងល្អ ដែលនឹងនាំមកនូវក្តីអំណរដ៏លើសលប់ដល់មនុស្សគ្រប់គ្នា មិនប្រកាន់និន្នាការនយោបាយ ភាសា ប្រពៃណី ភូមិសាស្រ្ត ឋានៈ ប្រាក់ចំណូល សាសនា ភេទ ឬអ្វីមួយឡើយ។ ដំណឹងល្អនេះជាការផ្តល់ឲ្យស្មើៗគ្នា សម្រាប់ចិត្ត និងគំនិតមនុស្សម្នាក់ៗ។ ការផ្តល់ឲ្យនេះគឺសម្រាប់មនុស្សទាំងអស់ ដោយមិនចេះហួសកាលបរិច្ចេទសម្រាប់ការទទួល បានសេចក្តីថា មនុស្សម្នាក់ៗអាចទទួលបានគ្រប់ពេលដែលខ្លួនឮដំណឹងនេះ ដរាបណានៅមានជីវិតនៅឡើយ។ ការប្រសូត្ររបស់ព្រះយេស៊ូវ និងមូលហេតុដែលទ្រង់ប្រសូត្រ គឺជាដំណឹងល្អសម្រាប់មនុស្សទាំងអស់ ដែលបានកើតហើយ ក៏ដូចជាសម្រាប់មនុស្សដែលនឹងចាប់កំណើតនៅពេលអនាគត។
សេចក្តីល្អ និងព្រះគុណព្រះ
ទ្រង់មានសេចក្តីមេត្តាករុណាដល់គ្រប់ទាំងដំណមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ។-លូកា ១:៥០
ពេលដែលខ្ញុំទើបតែទទួលជឿព្រះគ្រីស្ទ ខ្ញុំគិតថា ព្រះទ្រង់ប្រទានព្រះគុណ ដល់មនុស្សម្នាក់ៗ ក្នុងចំនួនកំណត់។ ខ្ញុំគិតថា មនុស្សម្នាក់ៗអាចទទួលបានព្រះគុណ ខ្លះៗ ប៉ុន្តែ យើងត្រូវមានការប្រុងប្រយ័ត្ន ពុំនោះទេ យើងនឹងប្រើព្រះគុណអស់។ ដូចនេះ ពេលខ្ញុំចូលទៅរកព្រះ ខ្ញុំបានធ្វើសន្សឹមៗ ព្រោះខ្លាចមានកំហុសឆ្គង ធ្វើឲ្យខាតព្រះគុណ។
ប៉ុន្តែ ព្រះគុណព្រះមិនមានន័យដូចនេះទេ។ ព្រះទ្រង់មិនអរសប្បាយ នៅក្នុងការកាត់ទោសខ្ញុំ ដោយសារអំពើបាបរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកផែនដី ដើម្បីដោះស្រាយបញ្ហានៃអំពើបាបជួសខ្ញុំ។ ព្រះវរបិតាទ្រង់បានទទួលយកព្រះជន្មដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ សម្រាប់បង់ថ្លៃលោះអំពើបាបរបស់ខ្ញុំ ហើយព្រះគុណដែលទ្រង់ប្រទាន គឺស្ថិតស្ថេរនៅអស់កល្បជានិច្ច។
ព្រះយេស៊ូវបានប្រសូត្រ ក្នុងនាមជាព្រះសង្រ្គោះ ហើយទ្រង់បានចម្រើនវ័យធំឡើង ក្នុងលោកិយដែលមានបាបរបស់យើង។ ទ្រង់បានចំណាយពេលបង្រៀនពួកមនុស្សមានបាប ដូចជាស្រ្តីរកស៊ីផ្លូវភេទ និងពួកកេងប្រវ័ញ្ចជាដើម ដោយប្រាប់ពួកគេ នូវអ្វីដែលទ្រង់បានបង្រៀនដល់ពួកអ្នកដឹកនាំសាសនា។ ទ្រង់ប្រាប់ពួកគេថា នៅក្នុងដំណាក់ទ្រង់ មានកន្លែងសម្រាប់ពួកគេ ហើយទ្រង់សព្វព្រះទ័យឲ្យពួកគេទៅរស់នៅជាមួយទ្រង់។ ទ្រង់ជ្រាបអំពីពួកគេ គ្មានកន្លែងចន្លោះ តែទ្រង់នៅតែសព្វព្រះទ័យនឹងធ្វើជាព្រះសង្រ្គោះរបស់ពួកគេ! នេះហើយជាដំណឹងល្អដល់មនុស្សគ្រប់គ្នា នោះ។
ខ្ញុំជាមនុស្សដែលមានក្តីស្រមៃ។ ខ្ញុំបានស្រមៃឃើញលោកិយ ដែលល្អប្រសើរជាងនេះ ព្រោះលោកិយដែលខ្ញុំកំពុងរស់នៅ មានពេញដោយការឈឺចាប់ ហើយមិនគួរឲ្យចង់រស់នៅ នៅពេលខ្លះ។ ខ្ញុំមានគ្រួសារដ៏ល្អ និងមិត្តភក្តិល្អជាច្រើន ហើយមានជីវិតរស់នៅ ដែលគួរឲ្យខ្ញុំអរព្រះគុណទ្រង់។ ប៉ុន្តៃ ជីវិតដ៏អស្ចារ្យនេះមិនការពារខ្ញុំឲ្យរួច ពីការស្លាប់នៃមនុស្សជាទីស្រឡាញ់ ពីជម្ងឺ ទុក្ខលំបាក និងទុក្ខវេទនាបានឡើយ។
សម្រាប់អស់អ្នកដែលស្រមៃឃើញលោកិយដែលល្អជាងនេះ គឺអ្នកដែលឆ្ងល់ថា តើការរស់នៅក្នុងលោកិយដែលល្អឥតខ្ចោះ ទំនាក់ទំនង និងសន្តិភាពល្អឥតខ្ចោះ មានភាពសប្បាយរីករាយយ៉ាងណា ខ្ញុំសូមជម្រាបថា មានដំណឹងល្អមួយ។ កាលណាព្រះទ្រង់បានយាងចុះពីស្ថានសួគ៌ មករកយើងរាល់គ្នា ទ្រង់បានប្រទាននូវភស្តុតាងបញ្ជាក់ថា មានពិភពមួយទៀត សម្រាប់ឲ្យយើងរស់នៅ បន្ទាប់ពីយើងចាកចេញពីលោកិយនេះទៅ។ លោកិយយើងមិនអាចបង្កើតឲ្យមានព្រះសង្រ្គោះឡើយ បានជាទ្រង់បានយាងចុះពីកន្លែងដែលប្រសើជាងលោកិយនេះ។ ព្រះសង្រ្គោះដែលបានប្រសូត្រដើម្បីយើងរាល់គ្នា ទ្រង់ប្រាប់យើងថា ពិភពមួយទៀតមានលក្ខណៈដូចម្តេច ហើយទ្រង់ក៏បានប្រាប់ពីរបៀបដែលយើងអាចក្លាយជាពលរដ្ឋនៃពិភពមួយនោះផងដែរ។
តើយើងស្គាល់ព្រះច្បាស់ប៉ុណ្ណា?
សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់។-លូកា ១:៦៨
យើងដឹងថា ព្រះទ្រង់ជា ព្រះយេហូវ៉ាដែលមានគ្រប់ចេស្តា មានពេញដោយសិរីល្អ ដែលភ្លឺខ្លាំងពេក បានជាយើងមិនអាចមើលទៅទ្រង់បាន ដូចនេះ តើទ្រង់ត្រូវយាងចុះមកក្នុងលោកិយនេះ ដោយសម្លេងកងរំពង លាន់ឮកក្រើកផែនដី ក្នុងឋានៈដ៏ខ្ពង់ខ្ពស់បំផុតឬ?
ជាការពិតណាស់ ពេលទ្រង់យាងចុះមក ពួកទេវតាបានប្រកាសដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យ ដល់ពួកអ្នកគង្វាលចៀម។ នោះជាការប្រកាសដែលលាន់ឮរំពងមែន តែពួកទេវតាមិនបានប្រកាសដល់មនុស្សគ្រប់គ្នា ឬដល់ពួកអ្នកគង្វាលចៀមទំាងអស់ នៅទូទាំងផែនដីឡើយ។
អ្នកប្រហែលជាចង់សួរថាចុះចំណែកឯពួកអ្នកប្រាជ្ញវិញ? ជាការពិតណាស់ មានពួកអ្នកប្រាជ្ញមួយក្រុម បានធ្វើដំណើរមកពីទិសខាងកើត តាមផ្កាយដែលពួកគេឃើញនៅលើមេឃ ប៉ុន្តែ ពួកគេគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ បើប្រៀបធៀបនឹងមនុស្សរាប់លាននាក់ កំពុងរស់នៅក្នុងពិភពលោកសម័យនោះ។
អញ្ចឹង ចុះចំណែកឯផ្កាយវិញ? តើមនុស្សគ្រប់គ្នាបានកត់សំគាល់អំពីផ្កាយដ៏ពិសេសមួយនោះទេ? តើពួកគេយល់អំពីអត្ថន័យរបស់ទីសំគាល់នៃផ្កាយ នៅលើមេឃទេ? ក្នុងចំណោមផ្កាយទាំងអស់នៅលើមេឃ តើពួកគេបានផ្តោតទៅលើផ្កាយមួយនេះ លើសផ្កាយផ្សេងទៀតឬទេ? ខ្ញុំមិនគិតដូច្នោះទេ។ តើមានមនុស្សប៉ុន្មាននាក់ បានកត់សំគាល់អំពីផ្ទៃមេឃ?
ព្រះទ្រង់មិនបានសម្រេចព្រះទ័យយាងចុះមកលោកិយនេះ នៅក្នុងទីក្រុងរ៉ូម ជាទីក្រុងដែលមានអំណាចបំផុតនៅសម័យនោះឡើយ តែបានជ្រើសរើសភូមិបេថ្លេហិម ដែលជាភូមិតូចមួយ ក្នុងទឹកដីអ៊ីស្រាអែល។ ទ្រង់មិនបានប្រសូត្រក្នុងរាជវាំងឡើយ តែបានប្រសូត្រក្នុងក្រោលសត្វវិញ។ អ្នកហែរហមទ្រង់ មិនមែនជាពួកអភិជន និងពួកនាម៉ឺនដែលស្លៀកពាក់ខោអាវប្រណិតឡើយ តែជាសត្វពាហនៈដែលនៅក្នុងក្រោល។ ឪពុកម្តាយខាងសាច់ឈាមរបស់ទ្រង់ ក៏មិនមែនជាពួកក្សត្រដែរ តែសុទ្ធតែជាអ្នកស្រុកស្រែ ហើយទ្រង់ក៏មិនបានដណ្តប់កាយដោយខោអាវរាជវង្សដែរ តែបានស្លៀកពាក់តែខោអាវធម្មតាប៉ុណ្ណោះ។
ខ្ញុំជឿថា យើងប្រហែលជារំពឹងថា ព្រះនៃចក្រវាលគួរតែបង្ហាញព្រះអង្គទ្រង់ នៅលើផែនដី ដោយភាពរុងរឿងបំផុត និងក្នុងខ្ទង់ចំណាយខ្ពស់បំផុត។ តែផ្ទុយទៅវិញ ព្រះទ្រង់បានព្រមលះបង់សិរីល្អដែលទ្រង់សក្តិសមនឹងទទួល ទំាងនៅលើផែនដី និងក្នុងនគរស្ថានសួគ៌ ហើយបានសម្រេចព្រះទ័យរស់នៅ ក្នុងភាពតូចទាប ក្នុងភាគច្រើននៃជីវិតទ្រង់។
យើងប្រហែលជាសន្និដ្ឋានថា ព្រះដែលមានគ្រប់អំណាចចេស្តាប្រើអំណាចទ្រង់ ដើម្បីការពារព្រះកិត្តិនាម និងសិរីល្អរបស់ទ្រង់ ហើយក៏មិនព្រមឲ្យមនុស្សដែលជាស្នាព្រះហស្តដ៏តូចល្អិតរបស់ទ្រង់ ប្រព្រឹត្តចំពោះទ្រង់ ដោយការល្មើសឡើយ។ យើងប្រហែលជារំពឹងថា ទ្រង់យាងមកដើម្បីកាត់ទោសស្នាព្រះហស្តទ្រង់ ដែលសើចចម្អកឲ្យក្រឹត្យវិន័យរបស់ទ្រង់ ហើយមិនអើពើចំពោះព្រះរាជបញ្ជាទ្រង់។ ប៉ុន្តែ ទ្រង់មិនបានយាងមកដើម្បីកាត់ទោសគេទេ។ យើងប្រហែលជាគិតថា វាជារឿងចម្លែក ដែលទ្រង់បានប្រព្រឹត្តចំពោះស្នាព្រះហស្តទ្រង់ ដោយសេចក្តីស្រឡាញ់ និងព្រះគុណជាច្រើនយ៉ាងនេះ បន្ទាប់ពីពួកគេបានប្រព្រឹត្តចំពោះទ្រង់ ដោយសេចក្តីសម្អប់ និងការមាក់ងាយ។ ប៉ុន្តែ ការដែលទ្រង់ប្រព្រឹត្តល្អយ៉ាងនេះ ចំពោះពួកគេ គឺមិនមែនជារឿងចម្លែកទេ។ ក្នុងកំណើតរបស់ទ្រង់ជាមនុស្ស ទ្រង់មិនដែលបានប្រព្រឹត្តអ្វីដែលខុសនឹងបុគ្គលិកលក្ខណៈរបស់ទ្រង់ជាព្រះឡើយ។ យើងយល់ថា មនុស្សគិតថាខ្លួនស្គាល់ព្រះ តែការយាងមកនៃព្រះយេស៊ូវបានបង្ហាញថា ពួកគេមិនបានស្គាល់ទ្រង់ទេ។
ដំណឹងល្អ សម្រាប់មនុស្សគ្រប់គ្នា!
កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង។-កិច្ចការ ១:៨
នៅទំព័រដំបូងនៃសៀវភៅនេះ យើងសួរថា “តើមានដំណឹងល្អអ្វី ដែលនឹងនាំមកនូវក្តីអំណរដ៏អស្ចារ្យ ដល់មនុស្សគ្រប់គ្នា?” ចម្លើយនោ?