សូម​អាន យ៉ូហាន ១៥:៩-១៧

ព្រះ​គម្ពីរ​សុភាសិត​បាន​ពណ៌​នា​ថា មនុស្ស​ឥត​ប្រាជ្ញា​ ជា​មនុស្ស​ដែល​ពោល​ពាក្យ​ឥត​បើ​គិត “ដូច​ជាចាក់​ដោយ​ដាវ” (សុភាសិត ១២:១៨)។ អណ្ដាត​របស់​មនុស្ស​អាច​ធ្វើ​ជា​កាំបិត​ ដែល​មាន​មុខ​ច្រើន ដូច​កាំបិត​របស់​កង​ទ័ព​ស្វីស ពី​ព្រោះ​មនុស្ស​យើង​អាច​ប្រើ​ប្រាស់​អណ្តាត​ កាប់ ចាក់ ឬ​កាត់ ដើម្បី​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក តាម​របៀប​ជា​ច្រើន។

ពាក្យ​សម្តី​ដែល​ធ្វើ​ឲ្យ​ខូច​ខាត អាច​បណ្តាល​ឲ្យ​កើត​មាន​កំហឹង អារម្មណ៍​រំខាន ភាព​នឿយ​ណាយ ភាព​ឆេវឆាវ និង​ថែម​ទាំង​ការ​ខក​ចិត្ត ភាព​តាន​តឹង ការ​ប្រកាន់​ទោស និង​ការ​ភ័យ​ខ្លាច។ ហើយ​កាល​ណា​មនុស្ស​យើង​កាប់​ចាក់​គ្នា ដោយ​ពាក្យ​សម្ដី នោះ​មាន​ន័យ​ថា ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​មិត្ត​ភាព និង​ទំនាក់​ទំនង​រង​របួស ហើយ​បែក​បាក់​គ្នា។ ហេតុ​ដូច្នេះហើយ ទើប​ព្រះ​គម្ពីរ​ប្រាប់​យើង​ថា “ការ​សាប​ព្រោះ​សេចក្តី​ទាស់​ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​” ស្ថិត​ក្នុង​ចំណោម​ការ​ប្រាំពីរ​យ៉ាង​ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះអម្ចាស់(សុភាសិត ៦:១៦-១៩)។

តើ​ធ្វើ​ដូចម្ដេច​ ទើប​យើង​អាច​ចៀស​ផុត​ ពី​ការ​ទាំង​នោះ​បាន? ជា​ដំបូង យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ចំពោះ​ អ្វី​ដែល​យើង​ត្រូវ​និយាយ។ យើង​មិន​ត្រូវ​ឲ្យ​មាន​ការ​និយាយ​ដើម​គ្នា និង​ការ​មួល​បង្កាច់​គ្នា ហើយ​មិន​ត្រូវ​ប្រើ​ពាក្យ​សម្ដី​ណា​ ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់ ប៉ុន្តែ​ ត្រូវ​និយាយ​តែ​ពាក្យ​សម្ដី​ទាំង​ឡាយ​ណា​ ដែល​នាំ​មក​នូវការ​ប្រោស​ឲ្យ​ជា​វិញ។ យើង​ត្រូវ​ជម្រុះ​ចោល ការ​អួត​បំប៉ោង និង​ការ​កុហក និង​អស់​ទាំង​ពាក្យ​សម្ដី​ ដែល​បង្ក​ការ​ឈឺ​ចាប់ និង​ការ​ទាស់​ទែង​គ្នា។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​និយាយ​តែពាក្យ​សម្ដី​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ការ​ប្រោស​ឲ្យ​ជា និង​ការ​អត់​ទោស​ ការ​សណ្ដោល​ប្រណី​ និង​និយាយ​តែ​ការ​ពិត ដោយ​ឲ្យ​សេចក្តី​ល្អ​ទាំង​នេះ គ្រប់​គ្រង​ទំនាក់​ទំនង និង​ពាក្យ​សម្តី​របស់​យើង​។ សរុប​មក តើ​យើង​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា ​បើ​សិន​ជា​ព្រះយេស៊ូវ​មិន​បាន​មាន​បន្ទូល ប្រកប​ដោយ​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ព្រះ​គុណ និង​ការ​អត់​ទោស ដល់​យើង​រាល់​គ្នា​ទេ​នោះ?

ដូច្នេះ សូម​ទម្លាក់​ពាក្យ​សម្តី​ដែល​មុត​ដូច​ “ដាវ” ចុះ ហើយ​សូម​ប្រើ​​ពាក្យ​សម្ដី ដើម្បី​ជួយ និង​ ​ប្រោស​ឲ្យ​ជា​វិញ។ – JMS

តើ​មាន​ពាក្យ​សម្ដី​អ្វី​ខ្លះ ដែល​អ្នក​គួរ​តែ​ចៀស​វាង ហើយ​អ្នក​ត្រូវ​និយាយ​ពាក្យ​សម្ដី​អ្វី​ខ្លះ ដើម្បី​ជួយ និង​ប្រោស​ឲ្យ​ជា ដល់​មិត្ត​ភាព​របស់​អ្នក?