ថ្ងៃទី ៦
អាន យ៉ាកុប ១:១៩-២១
ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់ ខ្ញុំធ្វើការក្នុងបរិយាកាសដ៏មមាញឹក និងធ្វើអ្វីៗលឿនៗ និងស្ថិតក្នុងភាពតានតឹង។ កាលពីពេលថ្មីៗនេះ ខ្ញុំបានរកឃើញថា ខ្ញុំមានការអាក់អន់ចិត្តនឹងការងាររបស់ខ្ញុំ ដោយត្អូញត្អែរជាញឹកញាប់ទៅកាន់អ្នកផ្សេងទៀតថា ការងារពិបាកពេកហើយ ហើយមានអារម្មណ៍ជូរចត់ ចំពោះបន្ទុកការងារ។
ពេលណាយើងប្រឈមមុខនឹងស្ថានភាព និងមនុស្សដែលលំបាក យើងច្រើនតែប្រតិកម្មទៅវិញ ដោយកំហឹង និងការរអ៊ូរទាំ។ ប៉ុន្តែ ក្នុងបទគម្ពីរនេះ លោកយ៉ាកុបបានលើកទឹកចិត្តយើងឲ្យរក្សាភាពស្ងៀមស្ងាត់ និងស្តាប់ព្រះបន្ទូលរបស់ព្រះ ជាជាងផ្ទុះឡើងដូចភ្នំភ្លើង។
នៅពេលដែលលោកយ៉ាកុបប្រាប់យើងឲ្យ “ឆាប់នឹងស្តាប់” (ខ.១៩) នោះគឺមានន័យថា យើងត្រូវមានភាពស្ងាត់ស្ងៀមនៅចំពោះព្រះបន្ទូលរបស់ព្រះ រួចចុះចូលចំពោះព្រះបន្ទូលព្រះអង្គ។ វាក៏អាចមានន័យថា យើងស្វែងរកការប្រឹក្សាពីអ្នកដទៃដែលមានបទពិសោធន៍ ហើយណែនាំយើងឲ្យងាកទៅរកបទគម្ពីរ។
ផ្ទុយទៅវិញ លោកយ៉ាកុបឲ្យយើងក្រនឹងនិយាយ ហើយយឺតនឹងខឹង (ខ.១៩)។ ក្នុងស្ថានភាពតានតឹង យើងអាចក្លាយជាមនុស្សថ្លង់ ចំពោះព្រះបន្ទូលរបស់ព្រះ និងហើយងាយនឹងធ្វើឲ្យយើងធ្វើបាបទាស់នឹងព្រះអង្គ នៅក្នុងការប្រញាប់តបតទៅគេ ទាំងកំហឹង(ខ.២០)។ នេះប្រហែលជាមូលហេតុ ដែលលោកយ៉ាកុបប្រាប់យើងឲ្យមានអំណរ នៅក្នុងទុក្ខលំបាក ហើយឲ្យយើងបានស៊ូទ្រាំ ក្នុងសេចក្តីខ្ចាប់ខ្ជួន ពីព្រោះព្រះជាម្ចាស់ប្រើការទាំងនេះដើម្បីឲ្យយើងបានបរិសុទ្ធ និងបង្កើតផលផ្លែទ្រង់នៅក្នុងយើង។
យើងប្រហែលពិបាកយល់ និងពិបាកស្តាប់បង្គាប់ នៅពេលដែលយើងជួបលំបាក ប៉ុន្តែ ព្រះទ្រង់ប្រទានប្រាជ្ញាដល់យើងរាល់គ្នា នៅពេលដែលយើងស្វែងរកទ្រង់ និងព្រះបន្ទូលទ្រង់ ដោយពិតត្រង់ និងស្មោះត្រង់ (១:៥)។
យើងត្រូវជញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ ដែលនិយាយអំពីគោលបំណងនៃការល្បួង ដែលយើងប្រឈមមុខ និងសេចក្តីសន្យាដែលយើងមាននៅក្នុងទ្រង់ នៅពេលយើងជ្រើសរើសយកការស្តាប់បង្គាប់ ហើយអំពីអំណាចរបស់ព្រះអង្គក្នុងការសម្រេចតាមព្រះបន្ទូលសន្យាទាំងនេះ។ នោះយើងអាចប្រព្រឹត្ដតាមរបៀបដែលធ្វើឲ្យយើងមានចរិកលក្ខណៈសុចរិត ដែលទ្រង់សព្វព្រះហឫទ័យឲ្យយើងមាន ហើយបញ្ចៀសការរិះគន់ ឬការត្អូញត្អែរចេញ។
ប៉ុន្មានថ្ងៃនេះ នៅពេលដែលការល្បួង លួងលោមឲ្យខ្ញុំផ្ទុះកំហឹងឡើង ឬធ្វើបាបដោយកំហឹងរបស់ខ្ញុំ ខ្ញុំក៏បានងាកទៅរកបទព្រះគម្ពីរយ៉ាកុប ដែលរំឭកខ្ញុំឲ្យឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹង។ ពេលណាខ្ញុំសម្លឹងមើលទៅឯព្រះបន្ទូលព្រះជាមុនសិន ហើយទុកព្រះបន្ទូលនោះនៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំក៏បានដឹងថា ព្រះបន្ទូលទ្រង់ពិតជាដឹកនាំខ្ញុំ ឲ្យមើល ហើយមានបន្ទូលមកកាន់ខ្ញុំ នៅពេលដែលខ្ញុំត្រូវការ ហើយជួយខ្ញុំឲ្យធ្វើនូវអ្វីដែលត្រឹមត្រូវនៅចំពោះទ្រង់ (ទំនុកដំកើង ១១៩:១១; សុភាសិត ៦:២០-២២)។
តាមរយៈការអនុវត្តដូចនេះ ព្រះកំពុងបង្រៀនខ្ញុំពីរបៀបស្វែងរកសេចក្តីអំណរនៅក្នុងសេចក្តីល្បួង ដែលខ្ញុំប្រឈមមុខក្នុងនាមជាអ្នកសារព័ត៌មាន ដូចនេះ នៅទីបំផុតខ្ញុំអាចមានភាពចាស់ទុំ និងពេញខ្នាតនៅក្នុងជំនឿរបស់ខ្ញុំលើទ្រង់។
ដោយ Wendy Wong, សិង្ហបុរី
សំណួរត្រិះរិះ
១. តើស្ថានភាពអ្វីខ្លះ ដែលបណ្តាលឲ្យអ្នកផ្ទុះកំហឹងឡើង?
២. តើអ្នកអាចឆ្លើយតបដោយរបៀបណា ដែលព្រះសព្វព្រះហឫទ័យ?
៣. តើសេចក្តីពិតអ្វីខ្លះ ដែលអ្នកអាចរំឭកខ្លួនអ្នកផ្ទាល់ នៅពេលណាអ្នកប្រឈមមុខនឹងស្ថានភាពដ៏លំបាក?