នៅក្នុងការប្រឹងប្រែងទប់ស្កាត់ការរីករាលដាល នៃវីរូសកូវីត ១៩ យើងឃើញថា មានការសម្រេចចិត្តផ្ទាល់ៗខ្លួនខ្លះ អាចជួយទប់ស្កាត់ការរីករាលដាលនៃវីរូសនេះ តែក៏មានការសម្រេចចិត្តខ្លះអាចនាំឲ្យមានការឆ្លងជាសហគមន៍។ ខ្ញុំបានសង្កេតឃើញថា រឿងដូចនេះក៏បានកើតឡើង ក្នុងជីវិតខាងវិញ្ញាណរបស់ខ្ញុំផងដែរ ដែលក្នុងនោះ ការសម្រេចចិត្តតូចៗជាច្រើន ដែលហាក់ដូចជាមិននាំឲ្យមានផលវិបាក បាននាំមកនូវផលប៉ះពាល់ មកលើជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ក៏ដូចជាជីវិតរបស់អ្នកដែលនៅក្នុងសហគមន៍របស់ខ្ញុំផងដែរ។
រឿងដែលខ្ញុំបានសម្រេចចិត្តធ្វើនោះ គឺជាអំពើបាបដែលខ្ញុំប្រព្រឹត្តដោយមិនដឹងខ្លួន។ អំពើបាបទាំងនោះបានសង្ងំខ្លួន នៅក្នុងផ្នែកដ៏ស្រអាប់នៃគំនិតយើង ដែលយើងងាយនឹងលើកហេតុផលការពារថា វាមិនមានអ្វីខុសឆ្គង ហើយក៏មានអារម្មណ៍ថា វាជាទង្វើរដ៏ត្រឹមត្រូវ តែវាបានដកក្តីអំណរ និងភាពពោរពេញ បន្តិចម្តងៗចេញពីជីវិត ដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងមាន។
១. ការរើសមុខ
ពេលដែលមិត្តភក្តិម្នាក់បានលើកទឹកចិត្តខ្ញុំ ឲ្យមានទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើន នៅព្រះវិហារ ខ្ញុំក៏បានធ្វើជាយកចិត្តទុកដាក់ចំពោះរឿងនេះ តែតាមពិត ខ្ញុំមិនមានចំណាប់អារម្មណ៍ នៅក្នុងការស្គាល់អ្នកផ្សេងទៀត ដែលនៅក្រៅរង្វង់នៃមិត្តភាពដ៏រឹងមាំរបស់ខ្ញុំនោះឡើយ។ ហើយដល់ពេលដែលខ្ញុំត្រូវស្គាល់អ្នកថ្មីទៀត ខ្ញុំក៏បានងាកទៅរកសមាជិកពួកជំនុំ ដែលមានការរួសរាយ និងគួរឲ្យចង់រាប់អាន តែខ្ញុំចង់នៅឲ្យឆ្ងាយពីអ្នក ដែលខ្ញុំគិតថា មានលក្ខណៈដែលខ្ញុំមិនចូលចិត្ត ហើយខ្ញុំក៏បានលើកហេតុផលថា ខ្ញុំមិនរាប់អានគេ គឺមកពីនិស្ស័យកំណើតរបស់ខ្ញុំ ដែលមិនចូលចិត្តមានការទំនាក់ទំនងច្រើន។
តើអ្នកធ្លាប់មានរឿងដូចនេះដែរទេ? ការប្រព្រឹត្តដូចនេះ គឺជាការមានពុត និងជាអំពើបាប ដែលយើងប្រព្រឹត្តដោយមិនដឹងខ្លួន។ ការរើសអើងក្រុមមួយ ហើយលម្អៀងទៅរកក្រុមមួយទៀត គឺជាអំពើបាប ដែលកណ្ឌគម្ពីរយ៉ាកុបបានហៅថា ការស្រឡាញ់ដោយរើសមុខ។ ក្នុងបទគម្ពីរយ៉ាកុប ២:១-១៣ លោកយ៉ាកុបបានស្តីបន្ទោសឲ្យសមាជិកពួកជំនុំ ដែលរាប់អានអ្នកមាន ខ្លាំងជាងអ្នកក្រ ហើយចំណែកខ្ញុំវិញ ខ្ញុំចូលចិត្តរាប់អានតែអ្នកដែលខ្ញុំស្គាល់ និងអ្នកដែលគួរឲ្យចង់រាប់អាន។
ប៉ុន្តែ ពួកជំនុំមិនត្រូវមានលក្ខណះដូចនេះឡើយ។ លោកពេត្រុសស្គាល់សេចក្តីពិតដែលថា ព្រះទ្រង់មិនដែលស្រឡាញ់ដោយរើសមុខនោះឡើយ តែព្រះអង្គបានទទួលអស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយធ្វើអ្វីដែលត្រឹមត្រូវ(កិច្ចការ ១០:៣៤) ដូចនេះ ដោយសារព្រះគ្រីស្ទបានទទួលខ្ញុំ នោះខ្ញុំបានបន្តអធិស្ឋានសូមព្រះទ្រង់ជួយខ្ញុំឲ្យយល់សេចក្តីពិតនេះ ដូចលោកពេត្រុសផងដែរ ដើម្បីឲ្យខ្ញុំបានធ្វើអ្នកនាំសេចក្តីស្រឡាញ់របស់ព្រះ ទៅដល់កូនរបស់ព្រះអង្គទំាងអស់។
២. ការក្លែងបន្លំការនិយាយដើមថា ជា “ការចែករំលែករឿង”
មានពេលមួយ ខ្ញុំបាននិយាយប្រាប់មិត្តភក្តិរបស់ខ្ញុំម្នាក់ អំពីជម្លោះដែលខ្ញុំមានជាមួយមនុស្សម្នាក់កាលពីពេលថ្មីៗនេះ។ បន្ទាប់មក ខ្ញុំក៏បានប្រាប់ខ្លួនឯងថា “ខ្ញុំនិយាយប្រាប់គាត់ ដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ល្អជាងមុន ហើយវាមិនមែនជាការនិយាយដើមឡើយ ព្រោះរឿងនោះពិតជាបានកើតឡើងមែន”។
ខ្ញុំធ្លាប់ក្លែងបន្លំការនិយាយដើមថាជា “ការចែករំលែករឿង” ហើយបានបណ្តោយឲ្យវាមានការរីករាលដាលកាន់តែអាក្រក់ឡើង។ ប៉ុន្តែ ថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ទៀតបានប្រាប់ខ្ញុំ អំពីរបៀបចែករំលែករឿង ដែលខុសពីនេះ។ គាត់និយាយប្រាប់គេ អំពីជម្លោះរបស់គាត់ តែគាត់មានការប្រុងប្រយ័ត្ន ដោយមិនបញ្ចេញឈ្មោះអ្នកដែលបានធ្វើឲ្យគាត់ឈឺចាប់ ហើយមិនព្រមនិយាយអំពីរឿងនោះ ឲ្យបានលម្អិតជាងនោះឡើយ។ គាត់គ្រាន់តែលើកឡើងថា គាត់មានអារម្មណ៍ឈឺចាប់ ហើយគាត់ទុកចិត្តថា ព្រះទ្រង់នឹងប្រោសគាត់ឲ្យជាមិនខាន។
ការនេះបានជំរុញឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំគួរតែចែករំលែករឿង អំពីជម្លោះ ឬការមិនចុះសម្រុងជាមួយអ្នកដទៃដែរដោយរបៀបណា? ខ្ញុំក៏បានបើកព្រះគម្ពីរប៊ីប រកមើលខគម្ពីរដែលអនុញ្ញាតឲ្យខ្ញុំបន្តទម្លាប់មួយនេះ តែខគម្ពីរដែលខ្ញុំរកឃើញ សុទ្ធតែប្រាប់ខ្ញុំ ឲ្យអត់ឱនទោស ចំពោះកំហុសដែលគេធ្វើមកលើខ្ញុំ ឬដោះស្រាយជាមួយគេ ដោយលាក់កំបាំង(សុភាសិត ១៩:១១ និង ម៉ាថាយ ១៨:១៥-១៧)។
ដូចនេះ សព្វថ្ងៃនេះ ពេលណាខ្ញុំមានអារម្មណ៍ថា ចង់ “ចែករំលែករឿងប្រភេទនោះ” ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំចាំបាច់ត្រូវចែកចាយរឿងនោះទេ? តើការចែករំលែកនោះ មានប្រយោជន៍អ្វីខ្លះ សម្រាប់ភាគីទាំងសង្ខាង? តើខ្ញុំមានចេទនាអ្វី នៅក្នុងការចែករំលែករឿងនោះ?
៣. ការលួចម៉ោង ក្នុងពេលធ្វើការ ដោយមិនដឹងខ្លួន
ខ្ញុំធ្លាប់មានកំហុស នៅក្នុងការលួចម៉ោង នៅកន្លែងធ្វើការ ដោយការជជែកគ្នាលេង ហួសម៉ោងសម្រាកបាយថ្ងៃត្រង់ ដែលនាំឲ្យខ្ញុំចូលធ្វើការយឺតបួនប្រាំនាទី ម្តងហើយម្តងទៀត ឬដោយបើកមើលហ្វេសប៊ុក ក្នុងម៉ោងធ្វើការ ។ល។
ប៉ុន្តែ អ្នកប្រហែលជាគិតថា នរណាក៏ធ្វើអញ្ចឹងដែរ ជួនកាល សូម្បីតែចៅហ្វាយនាយយើងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរប៊ីបបានបង្រៀនយ៉ាងច្បាស់ អំពីរឿងនេះ។ យើងត្រូវធ្វើការ អស់ពីចិត្ត ដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនសម្រាប់មនុស្ស(កូល៉ុស ៣:២៣-២៤)។ ការនេះមានន័យថា យើងត្រូវប្រើពេលម៉ោងធ្វើការ ដោយផ្តោតចិត្តឲ្យបានមូល ទៅលើកិច្ចការ ដែលគេបានចាត់តាំងឲ្យយើងធ្វើ។
ចាប់តាំងពីពេលដែលខ្ញុំបានដឹងថា ខ្ញុំបាន “លួចម៉ោង” ធ្វើការ ខ្ញុំក៏បានផ្លាស់ប្តូររបៀបដែលខ្ញុំធ្វើការងារ។ ដើម្បីផ្តោតចិត្ត និងធ្វើការឲ្យបានល្អ ខ្ញុំក៏បានឈប់ដាក់ទូរស័ព្ទនៅលើតុធ្វើការទៀត ហើយជម្នះចិត្ត ដែលចង់ឆែកមើលទូរស័ព្ទជាញឹកញាប់។
ពីដំបូង វាមិនមានភាពងាយស្រួលទេ។ ក្នុងសម័យកូវីត ខ្ញុំបានតាមដានពត៌មាន លើសពីចាំបាច់។ ដូចនេះ ខ្ញុំក៏បានធ្វើការបន្ថែមម៉ោង ដើម្បីសងម៉ោង ដែលខ្ញុំបានបាត់។
៤. ការជៀសវាងការសន្ទនា ដែលពិបាកៗ
មានពេលជាច្រើនដងពេកហើយ ដែលខ្ញុំបានបង្ខំចិត្តញញឹម និងងក់ក្បាល ដើម្បីបង្ហាញការយល់ស្រប ចំពោះការប្រឹក្សាយោបលមិនល្អ ពីមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំមិនចង់ធ្វើឲ្យខូចមិត្តភាពរបស់យើង ដោយប្រាប់ពួកគេថា ខ្ញុំគិតយ៉ាងណា ចំពោះការប្រឹក្សារបស់ពួកគេ។ ខ្ញុំមិននិយាយ ព្រោះចង់ឲ្យពួកគេសប្បាយចិត្ត។ ប៉ុន្តែ បទគម្ពីរ សុភាសិត ២៧:៦ បានប្រាប់យើងថា “របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ”។
ខ្ញុំក៏បានដឹងថា ការកុហក់ ឬធ្វើជាយល់ស្រប ដើម្បីជៀសវាងការសន្ទនា ដែលនាំឲ្យអាក់អន់ចិត្ត បាននាំឲ្យបាត់បង់ភាពស្មោះត្រង់ ដែលនាំឲ្យទំនាក់ទំនងមានភាពរឹងមាំ។ ឧទាហរណ៍ ពេលដែលមិត្តភក្តិដែលជាគ្រីស្ទបរិស័ទម្នាក់ ប្រាប់ខ្ញុំថា គាត់ចង់រស់នៅជាមួយមិត្តស្រីគាត់ មុនពេលរៀបការ ខ្ញុំគិតថា ការយល់ស្របនឹងគំនិតគាត់ ហើយប្តូរប្រធានបទ ទៅនិយាយអំពីអ្វីផ្សេង គឺមានភាពងាយស្រួលជាងការដាស់តឿនគាត់ ឲ្យជៀសវាងអំពើអសីលធម៌ផ្លូវភេទ។ បើខ្ញុំមិនបានដាស់តឿនគាត់ គឺមានន័យថា ខ្ញុំបានប្រព្រឹត្តដូចខ្មាំងសត្រូវ ជាជាងធ្វើជាមិត្តពិតប្រាកដ។ ផ្ទុយទៅវិញ ខ្ញុំអាចនាំគាត់សន្ទនា អំពីប្រធានបទនេះ ឲ្យកាន់តែស៊ីជម្រៅ ដោយព្យាយាមស្វែងយល់ អំពីទស្សនៈរបស់គាត់ ហើយនាំគាត់មើលខគម្ពីរ ដែលនិយាយអំពីរឿងនេះ។
៥. ការមិនធ្វើអ្វីម្យ៉ាង
ចំណុចចុងក្រោយ ដែលខ្ញុំចង់ឲ្យយើងពិចារណានោះ គឺជាញឹកញាប់ អំពើបាបរបស់ខ្ញុំ មិនមែនជាការប្រព្រឹត្តខុសនោះទេ តែជាការមិនធ្វើអ្វីម្យ៉ាង។
ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំចង់ធ្វើការល្អជាច្រើន ដែលមិនបានសម្រេចដូចបំណង។ ខ្ញុំធ្លាប់គិតចង់ធ្វើជាអ្នកបណ្តុះបណ្តាល ដល់យុវជនដែលងាយរងគ្រោះ និងទៅសួរសុខទុក្ខមណ្ឌលចាស់ជរា និងបង្រៀនភាសាអង់គ្លេសដល់ជនភាសខ្លួន។ ខ្ញុំពិតជាមានពេលវេលា និងកម្លាំង ដើម្បីធ្វើការទាំងនេះ តែខ្ញុំបានសម្រេចចិត្តបោសសម្អាតទីធ្លាផ្ទះ មើលកម្មវិធីទូរទស្សន៍ និងទៅលេងកីឡា ក្នុងពេលទំនេរទៅវិញ។
សាវ័កយ៉ាកុបបានដាស់តឿនយើងថា “ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ”(យ៉ាកុប ៤:១៧)។ សម្រាប់ខ្ញុំ បទគម្ពីរនេះបានធ្វើឲ្យខ្ញុំនឹកចាំបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែងថា “ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ម៉ាថាយ ២៥:៤០)។
ចាប់តាំងពីពេលនោះមក ខ្ញុំក៏បានប្តេជ្ញាចិត្តធ្វើការបម្រើព្រះ ផ្នែកកុមារ ក្នុងព្រះវិហាររបស់ខ្ញុំ ខណៈពេលដែលខ្ញុំដឹងថា គេត្រូវការអ្នកជំនួយបន្ថែមទៀត ហើយខ្ញុំកំពុងតែស្ថិតក្នុងរដូវកាលនៃជីវិត ដែលមានពេលវេលា និងកម្លាំង សម្រាប់ធ្វើការបម្រើនេះ យ៉ាងមានប្រសិទ្ធភាព។
ក្នុងសៀវភៅរឿង សំបុត្ររបស់អារក្ស ដែលលោកស៊ី អេស លូអ៊ីស(C. S. Lewis) បាននិពន្ធ គាត់បានសរសេរថា “ជាការពិតណាស់ ផ្លូវដែលងាយស្រួលបំផុត ឆ្ពោះទៅរកស្ថាននរក គឺជាផ្លូវដែលធ្វើដំណើរយឺតៗ មិនសូវចោទ ដើរមិនឈឺជើង មិនពិបាកបត់ភ្លាមៗ គ្មានផ្លាកសញ្ញា”។
ខ្ញុំមានការពិបាក នៅក្នុងការទទួលស្គាល់អំពើបាបទាំងនេះ ហើយក៏ពិបាកនិយាយប្រាប់គេ ដោយបើកចំហរ ព្រោះ តាមធម្មតា ខ្ញុំចង់បន្តលាក់បាំងអំពើបាបរបស់ខ្ញុំ តែខ្ញុំអរព្រះគុណព្រះអង្គ ដែលបានធ្វើការក្នុងចិត្តខ្ញុំ ហើយប្រទានឲ្យខ្ញុំមានមិត្តភក្តិ ដែលបាននំាខ្ញុំ ឲ្យមានការរស់នៅ ក្នុងខ្នាតគំរូដែលខ្ពស់ជាងមុន តាមបំណងព្រះទ័យព្រះ។ ទោះការល្បួងចេះតែនំាខ្ញុំឲ្យធ្វើព្រងើយកន្តើយចំពោះអំពើបាបទំាងនេះ ដែលធ្វើដោយមិនដឹងខ្លួនក៏ដោយ ខ្ញុំបានថ្វាយពួកវាដល់ព្រះ ហើយក៏បានរកឃើញថា ព្រះអង្គតែងតែមានព្រះគុណសម្រាប់មនុស្សមានបាបជានិច្ច។
បើអ្នកកំពុងតែមានអំពើបាបណាមួយ ក្នុងចំណោមអំពើបាបដែលបានរៀបរាប់ខាងលើនេះ នោះព្រះគម្ពីរបានរំឭកយើងថា “ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ”(រ៉ូម ៨:១)។ យើងអាចទទួលការលើកទឹកចិត្ត ក្នុងការតយុទ្ធនឹងអំពើបាប យើងអាចចូលទៅរកព្រះយេស៊ូវ ដ្បិតទ្រង់មានក្តីអាណឹតដល់ភាពកម្សោយរបស់យើង ហើយប្រទានយើងនូវសេចក្តីមេត្តា និងព្រះគុណ ដើម្បីជួយយើង(ហេព្រើរ ៤:១៤-១៦)។
Written By Jasmine Ong, New Zealand