ពេលដែលលោកម៉ាវីន មីលៀម(Marvin Williams) ដែលជាអ្នកនិពន្ធសៀវភៅនំម៉ាណាប្រចាំថ្ងៃ និងភរិយារបស់គាត់ បានឆ្លងវីរូសកូរ៉ូណា គាត់បានរកឃើញមេរៀនថ្មីមួយចំនួន ដែលបានបង្រៀនគាត់ អំពីព្រះជាម្ចាស់ និងសេចក្តីជំនឿរបស់គាត់។
ទីបន្ទាល់របស់លោកម៉ាវីន វីលៀម
វីរូស COVID-19 បាននំាមកនូវការលំបាកច្រើនណាស់ ប៉ុន្តែ ក៏បាននាំមកនូវមេរៀនដែលមិនអាចភ្លេចបាន។ កាលពីថ្ងៃទី២៩ ខែមីនា ខ្ញុំ និងភរិយាខ្ញុំបានទៅធ្វើតេស្តឈាម រកឃើញថាមានវីរូសនេះ។ ពេលដែលគ្រូពេទ្យបានទូរស័ព្ទប្រាប់យើង អំពីលទ្ធផលនៃការធ្វើតេសនេះ យើងក៏ចាប់ផ្តើមមានអារម្មណ៍តានតឹងយ៉ាងខ្លាំង ដោយលាយឡំជាមួយនឹងការពិបាកចិត្ត ការបាក់ទឹកចិត្ត និងការភ័យខ្លាច។ ពេលដែលខ្ញុំគិតពិចារណា អំពីបទពិសោធន៍ដែលខ្ញុំទទួលបានពីវីរូសកូរ៉ូណា ព្រះជាម្ចាស់បានបង្រៀនខ្ញុំ នូវមេរៀនមួយចំនួន ដែលខ្ញុំមិននឹកស្មានដល់។
រឿងនេះបានចាប់ផ្តើមកើតឡើង នៅពេលដែលមីកា(Micah) ដែលជាកូនកណ្តាលរបស់យើង បានត្រឡប់មកផ្ទះវិញ ដោយមានអារម្មណ៍ថាមិនស្រួលខ្លួន។ យើងមិនបានគិតច្រើនអំពីបញ្ហានេះទេ ហើយគ្រាន់តែសន្និដ្ឋានថា គាត់មានជម្ងឺផ្តាស់សាយធំ ឬកំពុងតែមានបញ្ហាអាឡែកស៊ី។ ប៉ុន្តែ បន្ទាប់ពីគាត់វិលត្រឡប់មកផ្ទះវិញ បានបីបួនថ្ងៃ ភរិយារបស់ខ្ញុំ ឈ្មោះតូញ៉ា(Tonia) ក៏បានចាប់ផ្តើមមានជម្ងឺ ហើយយើងគិតថា វាជាជម្ងឺផ្តាស់សាយធំ ដោយមានអាការៈរងារ ឡើងកម្តៅខ្លាំង ឈឺខ្លួន និងក្អក ហើយយើងក៏បានផ្តោតអារម្មណ៍កាន់តែខ្លាំង មកលើបញ្ហានេះ។
ក្នុងអំឡុងពេលនេះ ខ្ញុំក៏បានតាមដានសុខភាពខ្លួនឯងជាប់ជានិច្ច ក្រែងលោមានគ្រុនក្តៅ និងពិបាកដកដង្ហើម។ ខ្ញុំមិនមានរោគសញ្ញាទាំងនេះទេ ព្រោះខ្ញុំមានកម្តៅខ្លួនតែ៣៧អង្សាសេ ហើយនៅបន្តហាត់ប្រាណជាធម្មតា។ ខ្ញុំមិនមានបញ្ហាអ្វីទេ។ បន្ទាប់ពីតូញ៉ាចាប់ផ្តើមមានជម្ងឺបានបួនប្រាំថ្ងៃ ហើយចាប់ផ្តើមធូរស្រាលវិញ ខ្ញុំក៏ស្រាប់តែក្តៅខ្លួនស្ទីងៗ(៣៧.២អង្សាសេ) តែមិនទាន់មានរោគសញ្ញាអ្វីទេ។
លទ្ធផលពិនិត្យសុខភាពដែលគួរឲ្យភ្ញាក់ផ្អើល
យើងក៏បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ នៅថ្ងៃ២៦ មីនា។ ខ្ញុំមិនអាចនិយាយលម្អិតអំពីការធ្វើតេស្តនេះ នៅពេលនេះបានទេ ប៉ុន្តែ ក្នុងរយៈពេល៨វិនាទីនៃការធ្វើតេស្តនោះ ខ្ញុំពិតជាមានអារម្មណ៍ពិបាកណាស់។
បីថ្ងៃក្រោយមក ក្រុមគ្រូពេទ្យក៏បានទូរស័ព្ទមកយើង ដើម្បីប្រាប់ដំណឹងអាក្រក់មួយ។ ពួកគេនិយាយថា “អ្នកបានធ្វើតេស្តរកឃើញថា មានវីរូសកូវីត-១៩ហើយ។ សូមនៅដាច់ដោយឡែក ឲ្យបាន១៤ថ្ងៃ។ បើសិនជាអ្នកពិបាកដកដង្ហើម ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ហើយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺឆ្លងនឹងទាក់ទងអ្នក នៅថ្ងៃបន្ទាប់។ តែក្នុងពេលនេះ សូមញាំទឹក ហើយសម្រាកឲ្យបានច្រើន”។
ភ្លាមនោះ ខ្ញុំមានអារម្មណ៍លាយឡំគ្នាជាច្រើន :
គឺអារម្មណ៍ពិបាកចិត្ត
បាក់ទឹកចិត្ត
ភ័យខ្លាច
ការប្រកាន់ទោសខ្លួនឯង
ការសោកសង្រេង
ទុក្ខព្រួយ
… ហើយខ្ញុំក៏បានមានសំណួរជាច្រើន ដែលខ្ញុំមិនធ្លាប់បានសួរកាលពីមុខ :
តើយើងនឹងថប់ដង្ហើម និងត្រូវប្រញាប់ទៅមន្ទីរពេទ្យ នៅពេលណា?
តើខ្ញុំនឹងស្លាប់ទេ? តើមាននរណាម្នាក់ ក្នុងគ្រួសារខ្ញុំ ដែលនឹងស្លាប់ដោយសារជំងឺនេះទេ?
តើយើងនឹងស្លាប់ ដោយគ្មានសាច់ញាតិណាម្នាក់នៅក្បែរឬ?
ឱព្រះអង្គអើយ ហេតុអ្វីទូលបង្គំមានការឈឺចាប់ យ៉ាងនេះ?
ហេតុអ្វីមនុស្សអាក្រក់មានភាពចម្រុងចម្រើន តែមនុស្សស្លូតត្រង់បែរជាមានជំងឺទៅវិញ?
អ្នកត្រូវដឹងថា របាយការណ៍ភាគច្រើន ដែលយើងបានឃើញ ក្នុងបណ្តាញផ្សព្វផ្សាយ គឺជាពត៌មានអវិជ្ជមាន។ ខ្ញុំក៏បានគិតស្មានថា នរណាម្នាក់ ឬគ្នាយើងជាច្រើននាក់ ក្នុងគ្រួសារយើង នឹងក្លាយជាផ្នែកមួយរបស់ផែនទីពិភពលោក នៃអ្នកឆ្លងវីរូសកូរ៉ូណា។ ខ្ញុំដឹងថា នេះជាការគិតអវិជ្ជមាន ដែលមិនបានបង្ហាញពីសេចក្តីជំនឿនោះទេ ប៉ុន្តែ វាជាធាតុពិតរបស់ខ្ញុំ និងភរិយាខ្ញុំ ក្នុងពេលដ៏ពិបាកនោះ។
នៅពេលយប់ មុនចូលគេង កូនៗរបស់យើង បានចូលក្នុងបន្ទប់យើង ដើម្បីអធិស្ឋានជាមួយ ក៏ដូចជាអធិស្ឋានឲ្យយើង។ យើងក៏បានចូលគេង ដោយព្យាយាមសម្រាក នៅក្នុងផែនការ ដែលព្រះជាម្ចាស់មានសម្រាប់ជីវិតយើង។
កូវីត-១៩ បានរំខានការរស់នៅរបស់យើង ហើយបានជំរុញយើង ឲ្យទូលសូមឲ្យព្រះទ្រង់ធ្វើការ ក្នុងជម្រៅនៃជីវិតរបស់យើង។ ពេលដែលខ្ញុំទូលអង្វរ សូមឲ្យព្រះអង្គធ្វើការក្នុងជម្រៅនៃជីវិតខ្ញុំ ព្រះអង្គក៏បានបង្រៀនខ្ញុំ នូវមេរៀនមួយ ដែលខ្ញុំមិននឹកស្មានដល់ ដែលមានដូចតទៅ :
១. ខ្ញុំក៏អាចមានការភ័យខ្លាច និងសោកសៅដែរ
ពេលដែលវេជ្ជបណ្ឌិតទូរស័ព្ទមកខ្ញុំ ដើម្បីប្រាប់លទ្ធផលនៃការធ្វើតេស្ត ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនត្រូវមានការពិបាកចិត្ត ឬការភ័យខ្លាចឡើយ ព្រោះខ្ញុំជាគ្រូគង្វាល។ ខ្ញុំគួរតែពាក់គ្រឿងសឹកនៃក្តីអំណរ ការលើកទឹកចិត្ត និងសេចក្តីក្លាហានជានិច្ច។ ហើយខ្ញុំប្រាប់ខ្លួនឯងទៀតថា ខ្ញុំមិនត្រូវឲ្យគេមើលឃើញខ្ញុំបែកញើសថ្ងាស ដោយសារការភ័យខ្លាច ហើយខ្ញុំត្រូវតែមានចម្លើយ សម្រាប់សំណួរគ្រប់យ៉ាង ហើយខ្ញុំត្រូវមានភាពរឹងមាំ សម្រាប់មនុស្សទំាងអស់ ទោះវាមិនមែនជាធាតុពិតរបស់ខ្ញុំក៏ដោយ។ នេះជាការព្យាយាមគ្រប់គ្រងរូបភាពសម្បកក្រៅ។ ក្នុងនាមខ្ញុំជាគ្រូគង្វាល នេះជាជំនាញរបស់ខ្ញុំស្រាប់ហើយ។
ប៉ុន្តែ ខ្ញុំមានការភ័យខ្លាច បាក់ទឹកចិត្ត និងក្រៀមក្រំ។ ហើយខ្ញុំបានប្រកាន់ទោសខ្លួនឯង ដែលបានបណ្តោយខ្លួនឯង ឲ្យមានអារម្មណ៍អវិជ្ជមានទំាងអស់នេះ។ ប៉ុន្តែ ទីបំផុត ខ្ញុំបានអនុញ្ញាតខ្លួនឯង ឲ្យទទួលយកការពិតថា គ្រូគង្វាលក៏ជាមនុស្សដែរ។ ខ្ញុំមិនចាំបាច់ត្រូវ ព្យាយាមបង្ហាញចេញនូវភាពរឹងមាំតែសម្បកក្រៅនោះទេ។ តែខ្ញុំអាចពោលទំនួញ និងថ្វាយការភ័យខ្លាចរបស់ខ្ញុំ ដល់ព្រះវរបិតា។
២. ខ្ញុំមិនពិសេសលើសអ្នកដទៃឡើយ
វីរូសកូវីត-១៩ មិនរើសមុខនរណាឡើយ។ វាវាយប្រហារមកលើមនុស្សចាស់ ក្មេង និងគ្រប់ជនជាតិ ហើយគ្រូគង្វាលក៏អាចឆ្លងវាដែរ។ គ្រូគង្វាលពីរនាក់ ដែលខ្ញុំបានស្គាល់បានលាចាកលោកហើយ ដោយសារវីរូសដ៏កាចសាហាវនេះ។ ចិត្តខ្ញុំមានការឈឺចាប់ ចំពោះការបាត់បង់របស់ក្រុមគ្រួសារ និងពួកជំនុំរបស់ពួកគេ។
ឥឡូវនេះ ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំនៅមានជីវិតរស់ ខណៈពេលដែលគ្រូគង្វាលទាំងពីររូបបានបាត់បង់ជីវិត ដោយសារជំងឺនេះ។ ប៉ុន្តែ ខ្ញុំដឹងថា ខ្ញុំមិនមានអ្វីពិសេសជាងពួកគេឡើយ។ ជាការពិតណាស់ ខ្ញុំដឹងថា ខ្ញុំពិសេស ចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ប៉ុន្តែ ខ្ញុំមិនការការចាក់ប្រេងតាំង ឬសេចក្តីសុចរិតដែលពិសេសជាងពួកគេ ដែលបានអនុញ្ញាតឲ្យខ្ញុំ និងក្រុមគ្រួសារខ្ញុំនៅមានជីវិតរស់នោះទេ។ ទាំងអស់នេះ គឺសុទ្ធតែដោយសារព្រះគុណព្រះ។ ខ្ញុំបានទទួលព្រះគុណព្រះអង្គ ដោយការបន្ទាបខ្លួន និងការដឹងគុណ។
៣. ខ្ញុំអាចគ្រប់គ្រងអ្វីដែលខ្ញុំអាចគ្រប់គ្រងបានប៉ុណ្ណោះ
ខ្ញុំមិនអាចគ្រប់គ្រងគ្រួសារខ្ញុំមួយរយភាគរយ កុំឲ្យឆ្លងវីរូសកូវីត១៩ បានឡើយ តែខ្ញុំអាចគ្រប់គ្រងការឆ្លើយតបរបស់ខ្ញុំ ចំពោះការផ្ទុកវីរូសនេះ។ ខ្ញុំមិនអាចគ្រប់គ្រងរោគសញ្ញា ដូចជាការរងា ក្តៅខ្លួន ក្អក និងរាករួសធ្ងន់ធ្ងរ សុបិនអាក្រក់ ខួរក្បាលដែលមានភាពអព្វអួរ ការបាត់បង់សមត្ថភាពដឹងរស់ជាតិ និងធំក្លិន ប៉ុន្តែ ខ្ញុំអាចគ្រប់គ្រងចង្វាក់នៃការសម្រាក និងការញាំទឹកកុំឲ្យខ្វះជាតិទឹក ហើយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងមន្រ្តីសុខាភិបាល។ ខ្ញុំមិនអាចគ្រប់គ្រងរយៈពេល ដែលរដ្ឋាភិបាលកំណត់ឲ្យនៅតែក្នុងផ្ទះ ប៉ុន្តែ ខ្ញុំអាចគ្រប់គ្រងអាកប្បកិរិយា និងការប្រើប្រាស់ពេលវេលារបស់ខ្ញុំ ក្នុងរយៈពេល ដែលខ្ញុំត្រូវនៅដាច់ដោយឡែក។
ដូចនេះ ខ្ញុំត្រូវអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងការគ្រប់យ៉ាង ក្នុងជីវិតខ្ញុំ។ ដ្បិត ខ្ញុំអាចគ្រប់គ្រងតែអ្វីដែលខ្ញុំអាចគ្រប់គ្រងបានប៉ុណ្ណោះ។
៤. ព្រះជាម្ចាស់មានបន្ទូលតាមរយៈទឹកក្រូច
ក្នុងអំឡុងពេលដែលខ្ញុំកំពុងតែតយុទ្ធនឹងវីរូសកូវីត១៩ ខ្ញុំលែងដឹងរស់ជាតិ និងក្លិន អស់រយៈពេល៦ថ្ងៃ។ នេះប្រហែលជាផ្នែកដែលគួរឲ្យភ័យខ្លាច និងបាក់ទឹកចិត្តបំផុត ក្នុងពេលដែលខ្ញុំមានវីរូសនេះ។ ខ្ញុំលែងចង់ញាំអាហារ ហើយញាំមិនសូវបានច្រើន។
ប៉ុន្តែ នៅម៉ោងប្រហែល៦ព្រឹក ព្រះទ្រង់បានប្រទានអំណោយតូចមួយ មកខ្ញុំ។ បន្ទាប់ពីខ្ញុំមិនអាចដឹងរស់ជាតិ និងក្លិន ខ្ញុំស្រាប់តែឃ្លានទឹកក្រូចច្របាច់។ វាចម្លែកបន្តិច ព្រោះខ្ញុំមិនបានឃ្លានអ្វីសោះ ហើយ ហើយខ្ញុំក៏មិនបានញាំទឹកក្រូចច្រើនដែរ ក្នុងរយះពេល៦ថ្ងៃនោះ។
ក្រោយមក នៅព្រឹកដដែលនោះ ខ្ញុំមានអារម្មណ៍ថា មានកម្លាំងជាងមុខ ហើយក៏បានឡើងជណ្តើរ ចូលទៅក្នុងផ្ទះបាយ នៅជាន់ខាងលើ រួចចាក់ទឹកក្រូចមួយកែវញាំ។ វាពិតជាមានរស់ជាតិឆ្ងាញ់ណាស់។ ព្រះទ្រង់បានប្រទានអំណោយមកកូនរបស់ព្រះអង្គ ហើយអំណោយទាំងនោះមិនធ្វើឲ្យយើងខកចិត្តឡើយ។
៥. ខ្ញុំត្រូវការអ្នកដទៃ ជួយវាយបំបាក់អំណួត
ខ្ញុំជាគ្រូគង្វាល។ ខ្ញុំអធិស្ឋានឲ្យអ្នកដទៃ។ បើខ្ញុំគិតថា ខ្ញុំមិនត្រូវការគេអធិស្ឋានឲ្យខ្ញុំ នោះខ្ញុំកំពុងតែមានអំណួតហើយ តើមែនទេ? អំណួតពិតជាមានគ្រោះថ្នាក់ ចំពោះវិញ្ញាណយើង ហើយក៏ជាទីស្អប់ខ្ពើមដល់ព្រះជាម្ចាស់ទៀតផង!
ដូចនេះ ពេលដែលខ្ញុំ និងភរិយាខ្ញុំធ្វើតេស្តរកឃើញថា យើងបានឆ្លងវីរូសកូរ៉ូណា ខ្ញុំក៏បានសុំឲ្យបងប្អូនរួមជំនឿយើង ឲ្យអធិស្ឋានឲ្យយើង។ ក្នុងនាមខ្ញុំជាគ្រូគង្វាល ខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែបង្ហាញភាពរឹងពឹង ឲ្យគេឃើញជានិច្ច ហើយខ្ញុំមិនគួរសុំឲ្យគេជួយនោះទេ។
ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់ក៏បានចាប់ផ្តើមបង្ហាញឲ្យខ្ញុំមើលឃើញអំណួតរបស់ខ្ញុំ និងបានវាយបំបាក់អំណួតនោះ ដែលខ្ញុំមិនបានគិតថា ខ្លួនឯងមាន។ ខ្ញុំមិនត្រូវបង្ហាញចេញនូវភាពរឹងប៉ឹងគ្រប់ពេលវេលានោះឡើយ។ ការសុំឲ្យគេជួយ និងរំលែកបន្ទុករបស់យើង គឺជាទង្វើរដ៏ត្រឹមត្រូវ មិនខុសនឹងការបង្រៀនក្នុងព្រះគម្ពីរឡើយ។ បន្ទាប់ពីខ្ញុំបានសុំឲ្យគេជួយអធិស្ឋានឲ្យ មានបងប្អូនរួមជំនឿទាំងក្នុង និងក្រៅប្រទេស បានជួយរំលែកបន្ទុកយើង តាមរយៈការអធិស្ឋាន ហើយព្រះអម្ចាសក៏បានឆ្លើយតបការអធិស្ឋានរបស់យើង។
ខ្ញុំក៏បានជាពីជំងឺនេះ ហើយមានអារម្មណ៍ថា មានភាពរឹងប៉ឹងឡើងវិញ។ ខ្ញុំអរព្រះគុណព្រះ សម្រាប់ការបង្រៀនខ្ញុំ តាមរយៈបទពិសោធន៍ជាមួយវីរូសកូវីត ១៩ ឲ្យខ្ញុំបានស្គាល់ព្រះអង្គ និងខ្លួនឯងកាន់តែច្បាស់ ហើយជួយឲ្យខ្ញុំមានការផ្លាស់ប្រែកាន់តែជ្រាលជ្រៅ។
តើព្រះទ្រង់បង្រៀនអ្នក និងក្រុមគ្រួសារអ្នក នូវមេរៀនអ្វីខ្លះ ដែលអ្នកមិននឹកស្មានដល់ ក្នុងរដូវកាលដ៏លំបាកនេះ?
លោកម៉ាវីន វីលៀម ស្ថិតក្នុងចំណោមអ្នកនិពន្ធរបស់សៀវភៅនំម៉ាណាប្រចាំថ្ងៃ សព្វថ្ងៃនេះ គាត់ជាគ្រូគង្វាល នៅព្រះវិហារព្រះត្រៃឯក ក្នុងក្រុងឡានស៊ីង រដ្ឋមីឈីហ្គិន។ គាត់ និងអ្នកស្រីតូញ៉ា ដែលជាភរិយា មានបុត្របីនាក់។ Check out his blog at marvinlwilliams.com