សូមអាន រ៉ូម ១:១៨-២៥

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​ផ្ទាំង​ផ្សព្វ​ផ្សាយ​នៅ​តាម​ដង​ផ្លូវ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “ព្រះ​ជា​ម្ចាស់​គ្រាន់​តែ​ជា​មិត្ត​ភក្តិ មាន​តែ​ក្នុង​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ សូម​ជ្រើស​រើស​អ្វី​ដែល​ពិតជា​មាន​មែន។ ធ្វើ​យ៉ាង​នេះ ទើប​មាន​ប្រយោជន៍​ជាង សម្រាប់​យើង​រាល់​គ្នា”។

ជាក់​ស្ដែង ពាក្យ​នេះ​ប្រៀប​ធៀប​គ្រីស្ទ​បរិស័ទ ទៅ​នឹង​កូន​ក្មេង ដែល​មាន​ក្ដី​ស្រមៃ​ដ៏​រស់​រវើក ដល់​ថ្នាក់​ធ្វើឲ្យ​ពួក​គេ​អាច​ប្រឌិត​ឡើង នូវ​មិត្ត​ភក្ដិ​ ដែល​អាច​លេង​ជា​មួយ​ពួក​គេ​បាន។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​គ្រាន់​តែ​ជា​មិត្ត​ភក្ដិ​ ក្នុង​ក្ដី​ស្រមៃ​ប៉ុណ្ណោះ​ឬ?

ជា​ការ​ពិត​ណាស់ មាន​ភស្ដុ​តាង​បញ្ជាក់​ច្បាស់​ថា ព្រះ​ពិត​ជា​មាន​មែន។ សូម​ពិចារណា​ អំពី​ការ​បក​ស្រាយ​ដូច​តទៅ​ : តាម​ការ​សិក្សា អំពី​កំណើត​របស់​ផែន​ដី បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ចក្រ​វាល​ទាំង​មូល​បាន​កើត​ឡើង ពី​ការ​រច​នា​របស់​ព្រះ គឺ​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​ឡើយ(រ៉ូម ១:១៨-២០)។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​សតិ​សម្ប​ជញ្ញៈ ដែល​ដឹង​ខុស​ត្រូវ ជា​ភស្តុតាង​បញ្ជាក់​ថា មាន​ព្រះ​មួយ​អង្គ ដែល​បាន​ប្រទាន​ច្បាប់ នៅ​ក្នុង​គំនិត​យើង ដែល​ឲ្យ​អាច​យើង​ដឹង​ខុស​ត្រូវ​(រ៉ូម ២:១៤-១៥)។ ភាព​ប៉ិន​ប្រសប់​ដែល​មនុស្ស​យើង​បាន​បង្ហាញ​ចេញ ​នៅ​ក្នុង​ដូរ​តន្រ្តី និង​សិល្បៈ គឺ​បាន​ឆ្លុះ​បញ្ចាំង អំពីភាព​ប៉ិន​ប្រសប់ ដែល​ព្រះ​អាទិករ​មាន (និក្ខមនំ ៣៥:៣១-៣២)។​​  ព្រះ​គ្រីស្ទ​បាន​បង្ហាញ​ឲ្យ​មនុស្ស​ដឹង​ថា ព្រះ​ជា​ម្ចាស់​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា ពេល​ដែល​ទ្រង់​យក​កំណើត​ជា​មនុស្ស​(ហេព្រើរ ១:១-៤)។ ហើយ​សេចក្តី​រួប​រួម​គ្នា និង​ការ​ប្រកប​ស្និត​ស្នាល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​ក្នុង​ចិត្តរបស់​គ្រីស្ទ​បរិស័ទ គឺ​បាន​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​មែន(កាឡាទី ៥:២២-២៣)។

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា ​មនុស្ស​នឹង​បដិសេធ​មិន​ព្រម​ជឿ​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​មែន (២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោក​យ៉ាកុប​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​មែន ហើយ​ក៏បាន​និយាយ​អំពី មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​ជា​មួយ​ទ្រង់ នៅ​គ្រា​សញ្ញា​ចាស់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក។ ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ”(យ៉ាកុប ២:២៣)។ តើ​អ្នក​បាន​ជួប​ព្រះ​ដ៏​ប្រោស​លោះ​ហើយ​ឬនៅ? ព្រះ​អង្គ​បាន​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​១ ឲ្យ​យាង​មក​ធ្វើ​ជា​មិត្តសំឡាញ់ដ៏​ពិត ហើយ​អស់​កល្ប​ជានិច្ច​របស់​អ្នក (យ៉ូ​ហាន ១៥:១៥)។ – HDF

 

ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​អ្នក ដែល​នេះ​ជា​ឯក​សិទ្ធិ​ដ៏​វិសេស។ តើ​អ្នក​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់​ហើយ​ឬ​នៅ?