ថ្ងៃទី១
អំណរក្នុងពេលមានទុក្ខលំបាក
អាន យ៉ាកុប ១:១-៤
សាកឧបមាថា អ្នកទើបតែបានឆ្លងការការលំបាកមួយហើយមួយទៀត ក្នុងរយៈពេលដ៏យូរកន្លងមកនេះ។
អ្នកឆ្ងល់ថា តើហេតុអ្វីការទាំងនោះ ចេះតែពិបាកឡើងៗអញ្ចឹង។ ហើយបន្ទាប់មក នៅពេលដែលអ្នកបានអង្គុយក្បែរមិត្តល្អម្នាក់ ដើម្បីទទួលការលើកទឹកចិត្ត គាត់ក៏បាននិយាយថា “អស្ចារ្យ! ល្អហើយ! អ្នកគួរតែចាត់ទុកខ្លួនឯងជាមនុស្សមានពរណាស់!” តើការបញ្ចេញមតិបែបនោះសមដែរទេ? តើអ្នកគិតចង់ស្តីឲ្យគាត់ទេ?
ប៉ុន្តែ លោកយ៉ាកុបក៏បានលើកទឹកចិត្តយើងដូចនេះផងដែរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ” (ខ.២)។ តើនេះជារឿងដែលគួរឲ្យចាប់អារម្មណ៍ទេ? ហើយ អ្វីដែលនឹកស្មានមិនដល់ នោះគឺថា លោកយ៉ាកុបមានប្រសាសន៍មិនខុសទេ។
តាមពិត លោកយ៉ាកុបមិនសុំឲ្យយើងអរសប្បាយ ចំពោះសេចក្ដីល្បួងល្បងទេ តែគាត់ចង់ឲ្យយើងអរសប្បាយក្នុងកាលដែលមានសេចក្តីល្បួងល្បងវិញ។ ទុក្ខលំបាកមិនមែនល្អនោះទេ តែវាបង្កើតឲ្យមានចរិតលក្ខណៈល្អក្នុងនាមជាគ្រីស្ទបរិស័ទ។ “ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន។ ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ” (ខ.៣-៤)។ យើងគួរតែហ៊ានឆ្លងកាត់ទុក្ខលំបាក ព្រោះការនេះនឹងនាំឲ្យយើងក្លាយជាមនុស្សដែលពេញវ័យ និងពេញខ្នាត គឺជាអ្នកដែលស្រឡាញ់ អរសប្បាយក្នុងព្រះយេស៊ូវ ព្រមទាំងទុកចិត្តទ្រង់ អស់មួយជីវិត។
ខ្ញុំនឹកចាំពីការដែលបានអង្គុយក្បែរមិត្តភក្ដិល្អម្នាក់ ហើយបានស្ដាប់នាងនិយាយអំពីរឿងរ៉ាវ ដែលបានឆ្លងកាត់ នៅក្នុងឆ្នាំនោះ។ ស្ដាប់ទៅហាក់ដូចជានាងជួបការលំបាកគ្រប់យ៉ាងក្នុងលោកិយនេះ មានដូចជា មិត្តប្រុសប្រើអំពើហិង្សា ឪពុកម្ដាយចែកផ្លូវគ្នា មិត្តភក្ដិពិបាករាប់អានគ្នា ការសិក្សាបានពិន្ទុះទាប។ ប៉ុន្តែ នាងនៅតែមានទឹកមុខញញឹមពព្រាយ ខណៈដែលនាងកំពុងរៀបរាប់អំពីការលំបាកទាំងនោះ។ នាងប្រាប់ថា “តើអ្នកមានដឹងទេ? ព្រះទ្រង់ពិតជាល្អចំពោះខ្ញុំខ្លាំងណាស់”។
នោះគឺជាប្រភេទនៃអំណរ ដែលលោកយ៉ាកុបកំពុងនិយាយ។
បញ្ហានៅក្នុងវប្បធម៌របស់យើង (យ៉ាងហោចណាស់ នៅប្រទេសអង់គ្លេស ក្នុងសតវត្សទី២១ ជាទីកន្លែងដែលខ្ញុំកំពុងនិពន្ធអត្ថបទនេះ) គឺយើងស្អប់ការ លំបាក។ អ្វីដែលមនុស្សពេញនិយមបំផុត នៅជំនាន់យើងនេះ គឺភាពសុខស្រួល ឬផាសុខភាព។ យើងចំណាយប្រាក់យ៉ាងច្រើន ក្នុងការព្យាយាមក្លាយជាអ្នកបង្កើតសុវត្ថិភាព និងជាអ្នកការពារសុវត្ថិភាពផ្ទាល់ខ្លួន នៅក្នុងពិភពលោកនេះ។
ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលផ្ទុយពីនោះ។
លោកិយប្រាប់យើងថា “លើកកែវឡើង ហើយអង្គុយចុះ”។
ព្រះគ្រីស្ទមានបន្ទូលថា “ចូរផ្ទុកឈើឆ្កាងខ្លួន ហើយមកតាមខ្ញុំចុះ”។
លោកយ៉ាកុបក៏មានប្រសាសន៍ដែរថា “កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ” (ខ.២)។ ប្រសិនបើអ្នករស់នៅលើផែនដីនេះបានយូរក្រែល អ្នកចៀសមិនផុតពីជួបប្រទះការលំបាកផ្សេងៗឡើយ។ ប៉ុន្តែ ក្នុងនាមជាគ្រីស្ទបរិស័ទ អ្នកអាចទុកចិត្តចំពោះការពិតដែលថា ការលំបាកទាំងនោះមិនមែនឥតប្រយោជន៍ទេ តែជាការដែលព្រះទ្រង់កំពុងកែច្នៃ និងលួសតម្រឹមអ្នក យូរៗម្ដង។
សូមកត់សម្គាល់ ការណែនាំខ្លួនរបស់លោកយ៉ាកុប នៅពេលចាប់ផ្ដើមនៃសំបុត្រនេះ។ គាត់ាថា គាត់“ជាបាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ” (ខ.១)។ ប្អូនប្រុសរបស់ព្រះយេស៊ូវថ្លែងដូច្នោះ មិនមែនឥតហេតុផលទេ តែដើម្បីជួយ ដោយគាត់ចង់បម្រើព្រះយេស៊ូវ និងរាស្រ្តរបស់ព្រះ។ ហើយសូមកត់សម្គាល់ថា គាត់ផ្ញើសំបុត្រនេះទៅកាន់ “ពូជអំបូរទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ ទៅក្នុងអស់ទាំងសាសន៍” (ខ.១)។ ខណៈពេលដែលគាត់កំពុងសរសេរសេចក្តីទាំងនេះ ផ្ញើជូនពួកជំនុំនៅសតវត្សរ៍ទី១ តាមពិតគាត់កំពុងសរសេរទៅកាន់ពួកជំនុំ ដែលមានសុទ្ធតែជាជនជាតិយូដាភាគច្រើន។ ប៉ុន្តែ សេចក្ដីទាំងនេះក៏សក្តិសមនឹងពួកអ៊ីស្រាអែលថ្មី ដែលជាពួកជំនុំនៅសម័យនេះផងដែរ។ នេះគឺជាព្រះរាជសារ ដែលយើងរាល់គ្នាត្រូវការ។
កាលណាអ្នកជួបការឈឺចាប់ អ្នកកំពុងរងសេចក្ដីល្បួងឲ្យគិតថា ព្រះទ្រង់កាច។ តែលោកយ៉ាកុបសរសេរបញ្ចប់ ខ.៤ ថា អ្នកនឹង “មិនត្រូវខ្វះអ្វីឡើយ”។ ព្រះទ្រង់មិនមែនធ្វើបាបអ្នកទេ ប៉ុន្តែ ទ្រង់កំពុងតែធ្វើការអស្ចារ្យ ដើម្បីទំនុកបម្រុង ហើយបីបាច់រក្សាកូនស្ងួនភ្ងារបស់ព្រះអង្គ។ បើអ្នកជួបប្រទះការល្បងល ទោះបីជាលំបាកយ៉ាងណាក៏ដោយ ត្រូវដឹងថា ព្រះវិញ្ញាណទ្រង់កំពុងធ្វើការ នៅខាងក្នុងអ្នក ដើម្បីរៀបចំអ្នកទុកសម្រាប់ថ្វាយដល់ព្រះ នៅចំពោះបល្ល័ងទ្រង់ ដោយឥតកន្លែងបន្ទោសបាន និងដោយអំណរដ៏ពោរពេញ។ ព្រះទ្រង់មិនបោះបង់អ្នកចោលឡើយ ហើយអ្នកក៏មិននៅឯកោដែរ។ ក្នុងគ្រប់ការទាំងនោះ ទោះស្ថិតក្នុងកាលៈទេសៈណាក្ដី ព្រះទ្រង់កំពុងសូនច្នៃរូបអ្នក ព្រមទាំងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ឡើង។ អ្នកនឹងមិនត្រូវខ្វះអ្វីឡើយ។
ដោយ James Bunyan ប្រទេសអង់គ្លេស
សំណួរត្រិះរិះ
១. ខណៈពេលដែលអ្នកនិយាយ ទៅកាន់មនុស្សនៅជុំវិញអ្នក អំពីសេចក្តីជំនឿរបស់អ្នក តើអ្នកកំពុងទាក់ទាញចំណាប់អារម្មណ៍បែបណាពីគេ? តើជំនឿរបស់អ្នកជាតួនាទី ឬជាសេចក្តីអំណរ?
២. តើនរណាជាមនុស្សសុចរិតបំផុត ដែលអ្នកស្គាល់? តើព្រះទ្រង់បានធ្វើការបែបណាខ្លះ នៅក្នុងការទ្រាំទ្រទុក្ខលំបាករបស់គាត់?
៣. តើអ្នកកំពុងឆ្លងកាត់ជីវិតបែបណានៅពេលនេះ? តើលោកយ៉ាកុបទំនងជាចង់ឲ្យអ្នកមើលឃើញខុសពីមុនបែបណា?