ថ្ងៃទី៣

ក្រ តែ​មាន​នៅ​ក្នុងព្រះ

អាន យ៉ាកុប ១:១១

ខ្ញុំ​បាន​ច្រើន​វ័យ​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​ ដូច​នេះ មាន​ពេល​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ខ្ញុំ​ប្រាថ្នា​សូម​ឲ្យខ្ញុំ​មាន​ជាង​នេះ។ ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​មាន​ការ​ច្រណែន នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទិញ​ឡាន​ថ្មី និង​ញ៉ាំ​អាហារ​នៅ​កន្លែង​ថ្លៃ​ៗ។ ខ្ញុំ​ដឹង​ថា​ មិត្ត​ភក្តិ​ទាំង​នោះ ជា​គ្រីស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​ដ៏​ខ្ជាប់​ខ្ជួន​ ​តែ​ពេល​នោះ ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​នេះ​ឡើយ​(ដូច្នេះ ខ្ញុំ​ចៀស​មិន​រួច នឹង​ការ​ចោទ​ប្រកាន់​ពួក​គេ​ថា​មាន​ភាព​សម្ភារៈ​និយម)។

ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ខ្ញុំ​ក្លាយ​ជា​មនុស្ស​កោត​ខ្ចាច​ព្រះ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៏​ចង់​ក្លាយ​ជា​អ្នក​មាន។ ខ្ញុំ​ដឹង​ថា​វា​មិន​មាន​អ្វី​ខុស​អី​ទេ ដែល​គ្រាន់​តែ​ចង់​ក្លាយ​ជា​អ្នក​មាន​ខាង​ឯ​ទ្រព្យ​សម្បត្តិ ព្រោះ​ព្រះ​គម្ពីរ​ក៏​បាន​បង្ហាញ​ពីតួ​អង្គ​គំរូ​មួយ​ចំនួន​ដែល​ពួក​គេ​ជា​អ្នក​មាន​ដែរ គឺ​លោក​យ៉ូប និង​លោក​យ៉ូសែប។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​ការ​ព្រមាន​ជាច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ ប្រឆាំង​នឹង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ និង​អំណាច​ផង​ដែរ (១ធីម៉ូថេ ៦:៧-១០)។

បន្ទាប់​មក តើ​ខ្ញុំ​គួរ​មាន​ទស្សនៈ​យ៉ាង​ដូច​ម្តេច ចំពោះ​ទ្រព្យ​សម្បត្តិ​ខាង​សាច់ឈាម? តើ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ខ្ញុំ ដែល​ចង់​ក្លាយ​ជាអ្នក​មាន​ខាង​សាច់​ឈាម អាច​នឹង​បង្ខូច “សេចក្តី​សុចរិត​” របស់​ខ្ញុំឬទេ? តើ​វា​ខុស​ទេ ដែល​ចង់​ក្លាយ​ជា​អ្នក​មាន?

អ្នក​អាន​កណ្ឌគម្ពីរ​យ៉ាកុប​ទំនង​ជា​មាន​ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ ព្រោះ​តែ​សេចក្តី​ជំនឿ​របស់​ពួក​គេ ដូចនេះ នៅ​ក្នុង​បទគម្ពីរ យ៉ាកុប ១:៩-១១ លោក​យ៉ាកុប​ក៏​បាន​ប្រើ​ពាក្យ​ផ្ទុយ​គ្នា​ ដើម្បី​ជួយ​ពួកគេ ឲ្យ​បាន​យល់​អំពី​ទុក្ខ​លំបាក​ និង​ការ​ឈរ​មាំ​មួន​របស់​ពួក​គេ នៅ​ចំពោះ​ព្រះ​។

លោក​ចាប់​ផ្ដើម ដោយ​ការ​និយាយ​ដល់​អ្នក​ជឿ​ជា​ច្រើន​ជា​ជន​ជាតិ​យូដា ដែល​មាន​ការ​ខ្វះ​ខាត​ខាង​ឯ​ទ្រព្យ​សម្បត្តិ ដោយ​លោក​និយាយ​ថា ពួកគេ​មាន​ការ “​ដំកើង​ឡើង” (ខ.៩)។ ​ពួកគេ​អាច​ជា​មនុស្ស​តូច​ទាប នៅ​ចំពោះ​ភ្នែក​នៃ​លោកិយ​នេះ តែ​ពួក​គេ​មាន​ការ​ជា​ច្រើន​ដែល​ត្រូវ​អួត​ក្នុង​ព្រះ​គ្រីស្ទ។ ព្រោះ​ពួក​គេ​ត្រូវ “បាន​ប្រទាន​ពរ​ក្នុង​ព្រះគ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់” (អេភេសូរ ១:៣) ហើយ​គឺជា “អ្នក​គ្រង​មរតក​ជាមួយ​ព្រះគ្រីស្ទ” (រ៉ូម ៨:១៧)។

នៅ​ក្នុង​ព្រះ​គ្រីស្ទ តាម​ពិត អ្នក​ក្រ​គឺ​ជា​អ្នក​ដែល​មាន​ណាស់! ដូច្នេះ​ហើយ​ពួក​គេ​គឺ​ជា អ្នក​ក្រ​តែ​មាន​ខាង​វិញ្ញាណ។

ក្រោយ​មក​ទៀត លោក​យ៉ាកុប​ក៏​និយាយ អំ​ពី​អ្នក​មាន ដែល​លោក​ថា​ ពួកគេ​ត្រូវ​បន្ទាប​ចុះ” (ខ.១០)។ ទោះ​ជា ពួក​គេអាច​រីក​រាយ​នៅ​ក្នុង​ជីវិត​ដ៏​ចម្រុង​ចម្រើន​ក៏​ដោយ លោក​យ៉ាកុប​បាន​គូស​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ដែល​មនុស្ស​ទាំង​នោះ​ប្រ​ឈម​មុខ នោះ​គឺ​ពួក​គេ​បាន​ទុក​ចិត្ត​លើ​ភាព​មាន​បាន ដោយ​ភ្លេច​ខ្លួន​ថា ទ្រព្យសម្បត្តិ​របស់​ពួក​គេ នឹង​បាត់​ទៅ​នៅ​ថ្ងៃ​ណា​មួយ ដូច​ជា​ផ្កា​ស្មៅ (ខ.១០-១១)។ ដូច្នេះ​ហើយ អ្នក​ជឿ​ដែល​ល្អ ត្រូវ​រៀន​ថ្វាយ​សិ​រី​រុង​រឿង​ដល់​ទ្រង់ នៅ​ក្នុង​ភាព​តូច​ទាប​របស់​ពួក​គេ ដោយ​ពួក​គេ​ស្គាល់​ភាព​ក្រី​ក្រ​ខាង​វិញ្ញាណ​ នៅ​ពេល​ដែល​ពួក​គេ​ចូល​មក​ឯ​ព្រះ​គ្រីស្ទ​ជា​លើក​ដំបូង។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ជា​អ្នក​ក្រ​ដែល​ជា​មាន​ខាង​វិញ្ញាណ។​

ហេតុ​ផល​ដែល​លោក​យ៉ាកុប​ផ្តល់​នូវ​ភាព​ផ្ទុយ​គ្នា​ទាំង​ពីរ​នេះ​ គឺដោយសារ​អ្វី​ៗ​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​នេះ ​នឹង​រសាត់​បាត់​ទៅ​ ទោះ​បី​ជា​ទ្រព្យ​សម្បត្តិ ឬ​ក៏​ភាព​មាន​បាន​ក្តី (ខ.១១)។ ដូច្នេះ យើង​គួរ​តែ​ស្វែង​រក​សុវត្ថិ​ភាព​ ក្នុង​ភាព​មាន​បាន​អស់​កល្ប​ជានិច្ច។​

ដូចនេះ​ យើង​ត្រូវ​ឈប់​ងប់​ងល់​នឹង​ការ​ប៉ង​ប្រា​ថ្នា​ចង់​ក្លាយ​ជា​អ្នក​មាន តែ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​ទ្រព្យ​សម្បត្តិ​ខាងព្រលឹង​វិញ្ញាណ​ដ៏​ពិត​របស់​យើង​ ​ក្នុង​ព្រះ​គ្រីស្ទ និង​ស្វែង​រក​សុវត្ថិ​ភាព​ដ៏​ស្ថិតស្ថេរ​ នៅ​ក្នុង​ព្រះ ​ដែល​មាន​ភាព​គ្រប់​គ្រាន់​ជា​និច្ច ។ មាន​ព្រះ​អង្គ​គឺ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង!

ដោយ Tracy Phua សិង្ហបុរី

សំ​ណួរ​ត្រិះ​រិះ

១.       តើ​អ្វី​ទៅ​ជា​មហិច្ឆតា​ក្នុង​ជីវិត​របស់​អ្នក? តើ​អ្នក​ឲ្យ​តម្លៃ​ និង​មាន​ក្ដី​ស្រមៃ​អំពី​អ្វី?

២.      តើ​អ្នក​មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​មាន​ឬ​ទេ? តើ​វា​អាច​ក្លាយ​ទៅ​ជា​ឧបសគ្គ​ ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​អ្នក​ជា​មួយ​ព្រះ​យ៉ាង​ដូច​ម្ដេច?