ថ្ងៃទី២
ស្វែងរកប្រាជ្ញា សម្រាប់ពេលជួបសេចក្តីល្បួងល្បង
អាន យ៉ាកុប ១:៥–៨
កាលពីខែតុលា ឆ្នាំមុន ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការព្រមានទុកមុន បន្ទាប់ពីបានធ្វើការងារនៅទីនោះរយៈពេលប្រហែល២ឆ្នាំ។ នៅខែបន្ទាប់ ឳពុកមិត្តស្រីរបស់ខ្ញុំ ដែលគាត់មានជំងឺប្រព័ន្ធប្រសាទ ត្រូវចូលមន្ទីរពេទ្យ។ រួចពីរខែក្រោយមក គាត់ក៏បានទទួលមរណភាព។
ទោះបីជាខ្ញុំខំរំឭកខ្លួនឯងជានិច្ចថា ខ្ញុំត្រូវតែទុកចិត្តព្រះយ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់សារភាពថា រយពេលប៉ុន្មានខែនោះ ពិតជាលំបាកមែន។
នៅក្នុងការបង្រៀនរបស់សាវ័កយ៉ាកុប (ខ.១-៤) គាត់លើកទឹកចិត្តយើង ឲ្យអរសប្បាយក្នុងពេលដែលមានទុក្ខលំបាក ព្រោះការល្បងលមើលសេចក្តីជំនឿរបស់យើងរាល់គ្នា នោះនឹងបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន។ ប៉ុន្តែ តើយើងអាចអនុវត្តការណែនាំនេះយ៉ាងដូចម្តេច នៅពេលដែលយើងកំពុងឆ្លងកាត់ស្ថានភាពលំបាកនៅក្នុងជីវិត ដូចជានៅពេលមានការវាយប្រហារពីជំងឺ នៅពេលដែលយើងប្រឈមមុខបញ្ហាផ្នែកហិរញ្ញវត្ថុ ឬនៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់?
ព្រះគម្ពីរបានបង្រៀនយើងថា ការអធិស្ឋានសូមឲ្យព្រះនាំយើង ចេញពីសេចក្តីល្បួងល្បង មិនមែនជាដំណោះស្រាយទេ ប៉ុន្តែ ត្រូវអធិស្ឋានសូមឲ្យព្រះអង្គបានប្រទានប្រាជ្ញា ដែលយើងត្រូវការ ដើម្បីឆ្លងកាត់សេចក្ដីល្បួងល្បងនោះ។ ប្រាជ្ញាមិនដូចជាចំណេះដឹងនោះទេ វាគឺជាការអនុវត្តដោយប្រើប្រាស់ចំណេះដឹង។ ហើយវាមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យយើងមើលឃើញសេចក្តីល្បួង ដោយទស្សនៈដែលត្រឹមត្រូវ ដែលយើងអាចមើលឃើញវា ដូចជាឱកាសក្នុងការធ្វើឲ្យយើង មានភាពចាស់ទុំ និងរីកលូតលាស់ឡើង។
ព្រះគម្ពីរបានធានាថា បើយើងទូលសូមប្រាជ្ញាពីព្រះ នោះទ្រង់នឹងប្រទានប្រាជ្ញាដល់យើងដោយសទ្ធា។
ជាការពិតណាស់ សេចក្តីល្បួងដែលអូសបន្លាយពេលវែង ធ្វើឲ្យយើងកាន់តែពិបាកក្នុងការរក្សាសេចក្តីជំនឿ។ ប្រហែលហេតុនេះហើយ បានជាលោកយ៉ាកុបប្រាប់យើងថា យើងចាំបាច់ត្រូវទូលសូមដោយជំនឿ។ ពួកយើងគួរតែប្រុងប្រយ័ត្ន កុំឲ្យមានការសង្ស័យថា តើព្រះពិតជាកំពុងស្តាប់ការអធិស្ឋានរបស់យើងមែនទេ ឬក៏សង្ស័យថាតើទ្រង់ពិតជាព្រះនៃសេចក្តីស្រឡាញ់មែនឬ។ លោកយ៉ាកុបប្រើការប្រៀបធៀបអំពីអ្នកចុះទូកដើម្បីពិពណ៌នាពីមនុស្សដែលមានចិត្តសង្ស័យម្នាក់ៈ បានបក់ទៅមកដោយខ្យល់ ដូចជាមនុស្សដែលងាយក្នុងការបោះបង់ការទុកចិត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់ នៅពេលជួបទុកលំបាកក្នុងជីវិត។
ដូច្នេះ ចូរយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដោយមានទំនុកចិត្តពេញទីថា ព្រះអង្គនឹងប្រទានប្រាជ្ញាឲ្យយើងយល់ពីទ្រង់និងទុកចិត្តព្រះអង្គក្នុងសេចក្ដីល្បួងរបស់យើង ពីព្រោះព្រះអង្គនឹងធ្វើការ (ខ.៥)។
ប្រាជ្ញាដែលមកពីព្រះ មានដើមចមមកពីការកោតខ្លាច និងការគោរពប្រតិបត្តិដល់ព្រះ (ទំនុកដំកើង ១១១:១០)។ នេះមានន័យថា យើងអាចមានការធានាអះអាងថា ព្រះដែលជាអ្នកត្រួតត្រាលោកិយទាំងមូល (វិវរណៈ ៤:១១) មានព្រះចេស្ដា និងអំណាច លើគ្រប់ការទាំងអស់ ដែលទ្រង់បានបង្កើតមក។ ហេតុដូច្នេះហើយ យើងអាចទុកចិត្តថា ទ្រង់នៅតែត្រួតត្រាគ្រប់កាលៈទេសៈទាំងអស់ ទោះបីជារឿងរ៉ាវខ្លះកើតឡើងខុសពីការរំពឹងចង់បានរបស់យើងក៏ដោយ។
ដោយមានការព្រួយបារម្ភថា យើងប្រហែលជាមិនមានលុយគ្រប់គ្រាន់ នៅក្នុងការចំណាយបន្ថែមទៅលើការព្យាបាលឪពុកមិត្តស្រីរបស់ខ្ញុំ មិត្តស្រីរបស់ខ្ញុំហើយនិងខ្ញុំ បានរំឭកគ្នាទៅវិញទៅមក ឲ្យទុកចិត្តព្រះជាម្ចាស់ដែលបានសន្យាថាព្រះអង្គនឹងផ្គត់ផ្គង់គ្រប់ទាំងតម្រូវការរបស់យើង ព្រោះព្រះអង្គស្រឡាញ់យើង។ ជាក់ស្តែង ជំនួយបានមកដល់យ៉ាងទាន់ពេល នៅពេលផ្សេងៗទៀត ដែលពួកយើងត្រូវការ។
នៅទីបំផុត ពួកយើងអាចសម្រាកនៅក្នុងព្រះអម្ចាស់ ពីព្រោះយើងដឹងថា យើងមានរបស់ដែលល្អបំផុតរួចទៅហើយនៅក្នុងជីវិតនេះ នោះគឺសេចក្តីសង្គ្រោះ។ យើងមានពរ គ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ (អេភេសូរ ១:៣) ហើយយើងអាចអរសប្បាយ ដោយព្រោះតែឈ្មោះរបស់យើង ត្រូវបានកត់ទុកនៅស្ថានសួគ៌ (លូកា ១០:២០) ទោះបីជាយើងកំពុងឆ្លងកាត់ស្ថានភាពបែបណា នៅក្នុងជីវិតនេះក៏ដោយ។
ដោយ Alvin Chia ប្រទេសសិង្ហបុរី
សំណួរត្រិះរិះ
១. ជាធម្មតា តើអ្នកអធិស្ឋានអំពីអ្វីខ្លះ នៅពេលណាដែលអ្នកជួបប្រទះទុក្ខលំបាក?
២. ព្រះទ្រង់បានសន្យាថា នឹងប្រទានប្រាជ្ញាដល់អ្នកណាដែលសុំ។ ចូរសរសេរចុះនូវការអធិស្ឋាន ទូលសូមព្រះឲ្យប្រទានប្រាជ្ញាដល់អ្នក ដើម្បីប្រឈមមុខនឹងទុក្ខលំបាក។