សូមអាន យ៉ូហាន ១៥:៩-១៧
ថ្មីៗនេះ មានមនុស្សម្នាក់បានទូរស័ព្ទមកខ្ញុំ។ ការនិយាយស្តីរបស់គាត់ហាក់ដូចជារួសរាយណាស់។ នាងប្រាប់ខ្ញុំថា នាងចង់ធ្វើឲ្យការរស់នៅរបស់ខ្ញុំ មានភាពងាយស្រួលជាងមុន។ នាងបានហៅឈ្មោះរបស់ខ្ញុំ ហើយក៏បានសួរអំពីសុខទុក្ខរបស់ខ្ញុំ តាមរបៀបដ៏កក់ក្តៅ។ បន្ទាប់មក នាងបានណែនាំខ្ញុំថា នាងអាចជួយខ្ញុំឲ្យអាចសន្សំប្រាក់រាប់ពាន់ដុល្លា ក្នុងមួយឆ្នាំ ដោយគ្រាន់តែទៅទទួលប្រាក់កម្ចីសម្រាប់ចំណាយក្នុងផ្ទះ ពីក្រុមហ៊ុនបញ្ចាំទ្រព្យ។ ប៉ុន្តែ ក្រោយពេលដែលនាងដឹងថា ខ្ញុំមិនមានចំណាប់អារម្មណ៍ ការរាក់ទាក់របស់នាង ក៏បានរលាយបាត់មួយរំពេច។
ការរាក់ទាក់ដែលមិនស្មោះត្រង់បែបនោះ គឺគ្រាន់តែជាអាកប្បកិរិយាគួរសមក្នុងសង្គម ដែលមនុស្សខ្លះប្រើ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ឬដើម្បីទាញយកផលប្រយោជន៍ ពីពួកគេប៉ុណ្ណោះ។
យើងមិនត្រូវមានអាកប្បកិរិយាអាត្មានិយមដូចនេះទេ តែត្រូវជំនួសមកវិញ ដោយមិត្តភាពដ៏ពិត ដូចដែលព្រះយេស៊ូវបានបង្ហាញដល់យើង។ ទ្រង់មានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ” (យ៉ូហាន ១៥:១៣)។ បន្ទាប់មក ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ ដល់យើងរាល់គ្នា តាមរយៈការសុគតនៅលើឈើឆ្កាង ដើម្បីលើកលែងទោសបាបឲ្យយើងរាល់គ្នា។
នៅពេលដែលយើងទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះ ហើយរៀនស្ដាប់បង្គាប់ទ្រង់ យើងនឹងបានពិសោធន៍នឹងមិត្តភាពដ៏ជ្រាលជ្រៅ ដែលបង្ហាញចេញនូវភាពរួសរាយ ដ៏ពិតប្រាកដ និងស្មោះត្រង់ ចំពោះអ្នកដទៃ។
ឱ ព្រះ អម្ចាស់ សូមជួយយើងខ្ញុំ ឲ្យចៀសវាងការរាប់អានគ្នា ដែលរាក់កំផែល ដែលគ្រាន់ តែដើម្បីទទួលប្រយោជន៍នោះឡើយ។ តែសូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យបង្ហាញចេញនូវការរាប់អានដ៏ពិត និងកក់ក្តៅ ដូចព្រះគ្រីស្ទ ទៅកាន់មនុស្សគ្រប់គ្នា ដែលយើងខ្ញុំជួប។ – DCE
តើការរាប់អានគ្នាដ៏ពិត ដូចព្រះគ្រីស្ទ មានលក្ខណៈដូចម្ដេច? តើយើងអាចចៀសវាងការរាប់អានដែលរាក់កំផែល ដោយរបៀបណា?