ចោរទាំងពីរនាក់

ការឆ្កាងសម្លាប់ ស្ថិតក្នុងចំណោមទារុណកម្មដ៏សាហាវបំផុត។ គេបានយកខ្សែធ្វើពីស្បែកសត្វ ឬដែកគោលមកចងអ្នកទោសជាប់នឹងឈើឆ្កាង។ ជនរងគ្រោះអាចរស់បានពីរបីថ្ងៃ ដោយការឈឺចាប់ដែលពិបាកទ្រាំបំផុត រហូតដល់ដាច់ខ្យល់ស្លាប់ គឺមិនខុសពីសត្វ ដែលជាប់ខ្លួននឹងរបងលួស ដោយគ្មានគេជួយនោះឡើយ។ តាមធម្មតា សេចក្តីស្លាប់បានមកដល់ ពេលដែលគាត់ថប់ដង្ហើមស្លាប់ ដោយសារដៃគាត់ដែលជាប់នឹងឈើឆ្កាង ត្រូវទ្រទម្ងន់ខ្លួនរបស់គាត់ ធ្វើឲ្យគាត់ខ្សោះអស់កម្លាំង មិនអាចដកដង្ហើមទៀតបាន។

បុរសបីនាក់ដែលព្យួរនៅលើឈើឆ្កាង

ក្នុងរដូវផ្ការីក ឆ្នាំ ៣៣ នៃគ្រីស្ទសគរាជ ការឆ្កាងសម្លាប់បុរសបីនាក់ នៅក្រៅកំផែងក្រុងយេរូសាឡិម បានកែប្រែទិសដៅនៃប្រវត្តិសាស្រ្តពិភពលោក។ នៅថ្ងៃនេះ ពួកពេជឃាតជនជាតិរ៉ូមាំង បានដំដែកគោលពីលើប្រអប់ជើង និងកដៃរបស់បុរសទាំងបីនាក់ ភ្ជាប់នឹងឈើឆ្កាង ទុកឲ្យពួកគេស្លាប់។ ការប្រហារជីវិតអ្នកទោសដោយប្រើឈើឆ្កាង គឺត្រូវបានគេធ្វើឡើងជាធម្មតា ក្នុងតំបន់មជ្ឈិមបូព៌ា សម័យបុរាណ។ តែប្រហែលជា ជាង២០០០ឆ្នាំក្រោយមក ពិភពលោកនៅតែជជែកគ្នាអំពីការស្លាប់របស់អ្នកទាំងបីនាក់នោះ។

មានពេលមួយ ខ្ញុំបានឃើញការពន្យល់អំពីសារៈសំខាន់នៃការស្លាប់របស់ពួកគេ ដែលគេបានសរសេរ ក្នុងចុងទំព័រព្រះគម្ពីរប៊ីបចាស់មួយក្បាល។ ខ្ញុំបានឃើញគេសរសេរដោយប្រើពាក្យដ៏គួរឲ្យចងចាំថា “បុរសទីមួយបានស្លាប់ដោយសារទោស ដែលគាត់មានក្នុងខ្លួន និងនៅលើខ្លួនគាត់។ បុរសទីពីរបានស្លាប់ ដោយសារទោសដែលមានក្នុងខ្លួនគាត់ តែមិនមាននៅលើខ្លួនគាត់ទេ។ អ្នកទីបីបានស្លាប់ ដោយសារទោសដែលមិនមានក្នុងខ្លួនគាត់ តែមានបាបនៅលើខ្លួនគាត់”។ ខ្ញុំយល់ថា សំណេរនេះជាការពន្យល់ដ៏សាមញ្ញ ឲ្យយើងយល់អំពីភាពខុសគ្នា រវាងអ្នកទាំងបី។

បុរសទី១ បានស្លាប់ជាប់មានបាប នៅក្នុងខ្លួន និងនៅលើខ្លួនគាត់

គាត់ជាចោរទី១ ក្នុងចំណោមចោរទាំងពីរនាក់ ដែលគេត្រូវប្រហារជីវិត នៅថ្ងៃនោះ។ តាមច្បាប់នៅសម័យនោះ គាត់បានទទួលទោស ដែលគាត់សមនឹងទទួលហើយ។ គាត់ត្រូវចៅក្រម ដែលបានអំណាចពីស្តេចសេសារ ថ្កោលទោស និងកាត់ទោសប្រហារជីវិត ដូចជាផ្ទះមួយខ្នង ដែលមិនសក្តិសមនឹងឲ្យរស់នៅទៀតឡើយ។

ចោរទីមួយ ហាក់ដូចជាបានស្លាប់ ទាំងកំហឹងក្នុងខ្លួន។ គាត់ប្រហែលជាខឹងនឹងខ្លួនឯង ដែលបណ្តោយឲ្យគេចាប់ខ្លួនបាន។ គាត់ទំនងជាខឹងនឹងចៅក្រម ដែលបានកាត់ទោសគាត់ផងដែរ។ គាត់ក៏ប្រហែលជាខឹងនឹងអស់អ្នក ដែលបានបោះបង់គាត់ចោល ទាំងពីដើមមក។ គាត់ហាក់ដូចជាមានកំហឹងជាពិសេស ចំពោះព្រះយេស៊ូវ ដែលគេបានឆ្កាងទំាងគ្មានទោស នៅក្បែរគាត់។ តែមិនមែនមានតែគាត់ទេ ដែលស្អប់ខ្ពើមព្រះយេស៊ូវ នៅថ្ងៃនោះ។ គេងាយនឹងមានកំហឹង ចំពោះអ្នកដែលបានតាំងខ្លួនជាពន្លឺ និងក្តីសង្ឃឹមនៃពិភពលោក តែបែរជាត្រូវគេព្យួរលើឈើឆ្កាង ដូចឧក្រិដ្ឋជនធម្មតា ដែលសូម្បីតែខ្លួនឯងក៏មិនអាចជួយសង្រ្គោះបាន។

ដូចនេះ ចោរទីមួយក៏បានស្លាប់ ដោយមានអំពើបាបនៅក្នុង និងនៅលើខ្លួនគាត់ ទាំងកំហឹងចំពោះព្រះយេស៊ូវ ដែលគាត់មិនឃើញជួយខ្លួនឯង ឬជួយអ្នកដទៃនៅថ្ងៃនោះ(លូកា ២៣:៣៩)។

បុរសទីពីរបានស្លាប់ ដោយអំពើបាប នៅក្នុងខ្លួនគាត់ តែមិនមានបាបនៅលើខ្លួនគាត់

មានចោរម្នាក់ទៀត ដែលគេបានប្រហារជីវិត នៅថ្ងៃនោះផងដែរ។ ពីរដំបូងគាត់ក៏បានចូលរួមជាមួយចោរម្នាក់ទៀត ដែលបានចម្អក និងស្តីឲ្យព្រះយេស៊ូវ។ គាត់ក៏បានចម្អកឲ្យព្រះយេស៊ូវ ជួយសង្រ្គោះខ្លួនឯង ហើយជួយគាត់ និងចោរទីមួយ បើសិនទ្រង់ពិតជាព្រះមែស៊ីដែលបានយាងមកតាមព្រះបន្ទូលសន្យាមែននោះ(ម៉ាថាយ ២៧:៣៧-៤៤)។

ទោះជាយ៉ាងណាក៏ដោយ ពេលដែលភាពងងឹតចូលមកកាន់តែជិត ចោរទីពីរក៏បានប្រែចិត្ត។ គាត់ក៏បានងាកទៅរកចោរទីមួយ ហើយប្រាប់ថា “តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”។ ព្រះយេស៊ូវមានព្រះបន្ទូលទៅថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(លូកា ២៣:៣២-៤៣)។

ការឆ្លើយឆ្លងនេះ អាចជាការសន្ទនាដ៏សំខាន់បំផុត ដែលកត់ត្រាទុកក្នុងព្រះគម្ពីរ។ ពាក្យពេចន៍ដ៏ខ្លីទាំងនេះ បានបង្ហាញអំពីការប្រកាសរបស់ព្រះគម្ពីរសញ្ញាថ្មីថា ការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ត្រូវបានប្រទានមក ដល់អស់អ្នកដែលបានទទួលការអត់ទោសបាបពីទ្រង់ ដោយទទួលជឿទ្រង់។ គឺគ្មានអ្វីលើស ឬតិចជាងនេះឡើយ។ សេចក្តីជំនឿលើព្រះគ្រីស្ទ តែមួយមុខ កំណត់ជោគវាសនាអស់កល្បជានិច្ចរបស់យើង(យ៉ូហាន ៣:១៦-១៨ កិច្ចការ ១៦:៣១ រ៉ូម ៤:៥ អេភេសូរ ២:៨-៩ ទីតុស ៣:៥)។

ចោរទីពីរគ្មានពេលសម្រាប់លាងជម្រះទោសកំហុសខ្លួនឯងឡើយ។ គាត់គ្មានពេលសម្រាប់ធ្វើអ្វីផ្សេង ក្រៅពីជឿព្រះយេស៊ូវ។ នៅពេលនោះ គាត់ក៏បានឆ្លុះបញ្ចាំងឲ្យយើងយល់ អំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីចូលក្នុងមហាគ្រួសារដ៏អស់កល្បជានិច្ចរបស់ព្រះ។

នៅក្នុងការឆ្លើយតប ចំពោះការបង្ហាញចេញនូវសេចក្តីជំនឿ តាមរបៀបដ៏សាមញ្ញបំផុតនេះ ព្រះយេស៊ូវទ្រង់ក៏បានធានាដល់គាត់ថា ទ្រង់បានអត់ទោសបាបឲ្យគាត់ហើយ។ ដូចនេះ ចោរទីពីរបានស្លាប់ មានអំពើបាបនៅក្នុងខ្លួន តែមិនមានបាបនៅលើខ្លួនគាត់ទេ។ បានសេចក្តីថា ចៅក្រមនៃនគរស្ថានសួគ៌បានលើកទោសនៃអំពើបាបចេញពីស្មារបស់ចោរទីពីរ មកដាក់ពីពីលើស្មាព្រះយេស៊ូវ ដែលជាអ្នកទទួលបាបរបស់យើងរាល់គ្នា។

អ្នកទីបីបានស្លាប់ ដោយមានបាបនៅលើខ្លួនគាត់ តែមិនមានបាបនៅក្នុងខ្លួនគាត់ទេ

ព្រះយេស៊ូវបានទទួលបន្ទុកនៃបាបរបស់លោកិយ នៅលើស្មាទ្រង់ នៅថ្ងៃនោះ។ ទ្រង់បានសុគត ដោយទ្រទម្ងន់នៃបាបរបស់លោកិយនៅលើព្រះអង្គទ្រង់ ទាំងទ្រង់មិនមានកំហុសសូម្បីតែបន្តិច។

បីថ្ងៃក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្ហាញថា ការសុគតរបស់ទ្រង់ មិនមែនជាកំហុសរបស់ទ្រង់ទេ ទោះមានភាពសោកសៅយ៉ាងណាក៏ដោយ។ ព្រះយេស៊ូវទ្រង់បានមានព្រះជន្មរស់ឡើងវិញ ដោយមានស្នាមដែកគោល ដែលជាភស្តុតាងបង្ហាញដល់ពួកសិស្សទ្រង់ ឃើញភស្តុតាងដ៏គ្រប់គ្រាន់ សម្រាប់ឲ្យពួកគេជឿថា ទ្រង់ពិតជាបានសុគតជំនួសពួកគេមែន។ សេចក្តីជំនុំជម្រះរបស់ព្រះ បានធ្លាក់មកលើព្រះយេស៊ូវ ជំនួយយើងរាល់គ្នា។

រឿងនេះក៏ជារឿងរបស់យើងផងដែរ។ យើងក៏មានវត្តមាន នៅថ្ងៃដែលទ្រង់សុគតផងដែរ។ ព្រោះព្រះយេស៊ូវបានទទួលបាបរបស់យើងរាល់គ្នា ដើម្បីសុគតជួសយើង។ យើងក៏មានវត្តមាននៅទីនោះផងដែរ ព្រោះយើងម្នាក់ៗសុទ្ធតែនឹងត្រូវសម្រេចចិត្តថា យើងត្រូវឆ្លើយតបដូចចោរទី១ ឬដូចចោរទី២។

បើយើងគ្រាន់តែថ្លែងនឹងបបូរមាត់គឺនាំឲ្យមានការផ្លាស់ប្រែទេ គឺទាល់តែមានជំនឿ ទើបមានការផ្លាស់ប្រែ។ បើអ្នកមិនមានជំនឿទេតែចង់មានជំនឿ នោះចូរទូលសូមឲ្យព្រះប្រទានឲ្យអ្នកមានជំនឿ។ អ្នកអាចអធិស្ឋានថា “ទូលបង្គំជឿហើយ ព្រះអម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង”(ម៉ាកុស ៩:២៤)។

ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមអរព្រះគុណទ្រង់ សម្រាប់ការជួយយើងខ្ញុំដឹងថា នេះជារឿងរបស់ទ្រង់។ នៅក្នុងការឈឺចាប់របស់ព្រះរាជបុត្រាទ្រង់ យើងខ្ញុំបានឃើញការឈឺចាប់ និងសេចក្តីស្រឡាញ់ដែលទ្រង់មានសម្រាប់យើងខ្ញុំ។ ក្នុងការសុគតរបស់ទ្រង់ យើងខ្ញុំបានឃើញការបង់ថ្លៃលោះរបស់ទ្រង់ សម្រាប់អំពើបាបរបស់យើងខ្ញុំ និងការប្រទានការអត់ទោសបាបរបស់ទ្រង់។ ក្នុងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ យើងខ្ញុំបានមើលឃើញការធានារបស់ទ្រង់ថា ទ្រង់បានពេញព្រះទ័យ នឹងការលះបង់ដែលព្រះរាជបុត្រាទ្រង់បានធ្វើសម្រាប់យើងខ្ញុំ។
ឱព្រះវរបិតា សូមអរព្រះគុណទ្រង់ សម្រាប់ការជួយយើងខ្ញុំ ដឹងថា រឿងនេះក៏ជារឿងរបស់យើងខ្ញុំផងដែរ។ ក្នុងរឿងរបស់ចោរទី១ យើងខ្ញុំដឹងថា យើងខ្ញុំពីដើមងាយនឹងស្អប់ទ្រង់ បដិសេធក្តីស្រឡាញ់របស់ទ្រង់ ហើយឲ្យកំហឹងរបស់យើងខ្ញុំ រារាំងយើងខ្ញុំ ស្រឡាញ់ទ្រង់ និងអ្នកដទៃ។ សូមអរព្រះគុណទ្រង់ សម្រាប់ការបន្ទន់ចិត្តយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំអាចធ្វើតាមគំរូរបស់ចោរទីពីរ ដែលបានប្រែចិត្តទាន់ពេល។