គាត់ស្រឡាញ់ខ្ញុំ។ គាត់ជាមនុស្សល្អណាស់។ គាត់យកចិត្តទុកដាក់ និងខ្វល់ខ្វាយអំពីខ្ញុំ ហើយចិត្តល្អទៀត។ គាត់មានការគោរពចំពោះជំនឿរបស់ខ្ញុំ ហើយថែមទាំងបានទៅព្រះវិហារជាមួយខ្ញុំម្តងម្កាល។ តាមពិតទៅ គាត់មានចំណុចល្អគ្រប់យ៉ាង ដែលខ្ញុំចង់បានធ្វើជាគូជីវិតរបស់ខ្ញុំ ទាស់តែម្យ៉ាងទេ គឺគាត់មិនមែនជាគ្រីស្ទបរិស័ទ។ ប៉ុន្តែ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ពេលណាខ្ញុំគិតចង់បោះបង់ទំនាក់ទំនងដ៏ល្អមួយនេះ ដោយសារគាត់មិនមែនជាអ្នកជឿព្រះ។ ហើយកាលណាយើងស្ថិតក្នុងទំនាក់ទំនងស្នេហាកាន់តែយូរប៉ុណ្ណា នោះខ្ញុំក៏កាន់តែមានការឈឺចាប់។
***
គ្រីស្ទបរិស័ទជាច្រើន ដែលធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយអ្នកដែលមានជំនឿខុសពីខ្លួន អាចយល់អារម្មណ៍ដ៏ពិបាកមួយនេះ។ គោលការណ៍ក្នុងព្រះគម្ពីរប៊ីបបានចែងយ៉ាងច្បាស់ថា យើងមិនត្រូវទឹមនឹមស្រៀក ឬរៀបការជាមួយអ្នកមិនជឿឡើយ(២កូរិនថូស ៦:១៤)។ តែខ្ញុំមានអារម្មណ៍កាន់តែពិបាក ក្នុងការអនុវត្តន៍តាមគោលការណ៍នេះ ពេលដែលខ្ញុំមានក្តីស្រឡាញ់កាន់តែជ្រាលជ្រៅយ៉ាងនេះ ចំពោះគាត់។ និយាយរួម បំណងចិត្តដ៏ខ្លាំងបំផុតនេះកំពុងតែរុញច្រានខ្ញុំ ឲ្យធ្វើហួសព្រំដែនដែលព្រះទ្រង់បានដាក់ឲ្យ។
រឿងនេះ បានកើតឡើងចំពោះខ្ញុំ កាលប៉ុន្មានឆ្នាំមុន។ កាលនោះ ទំនាក់ទំនងរបស់យើងបានចាប់ផ្តើម ពីមិត្តភាពធម្មតា។ ខ្ញុំមិនបានរំពឹងថា វានឹងមានលក្ខណៈរូមិនទិចទេ ប៉ុន្តែ ទីបំផុត វាក៏បានក្លាយជាទំនាក់ទំនងស្នេហា។
យើងមានពេលដ៏ល្អជាច្រើនជាមួយគ្នា ចំណងទាក់ទងរបស់យើងក៏រឹងមាំ ហើយខ្ញុំពិតជាចង់បានគាត់ធ្វើជាគូអនាគត ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏ដឹងផងដែរថា ខ្ញុំនឹងមិន ឬមិនអាចរៀបការជាមួយអ្នកដែលមានជំនឿផ្សេងពីខ្ញុំឡើយ។ កាលនោះ ខ្ញុំជឿថា ការរៀបការជាមួយអ្នកមិនជឿព្រះ គឺជាអំពើបាប។
ពេលដែលខ្ញុំទៅរៀននៅសកលវិទ្យាល័យ ទំនាក់ទំនងរបស់យើងក៏បានឈានដល់ទីបញ្ចប់។ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មកទៀត ខ្ញុំក៏បានដឹងថា ខ្ញុំគួរតែយកចិត្តទុកដាក់ឲ្យបានច្រើនជាង ចំពោះការសម្រេចចិត្ត(ជាពិសេស ក្នុងរឿងដ៏សំខាន់នេះ) ដោយផ្អែកទៅលើអត្តសញ្ញាណរបស់ខ្ញុំ ជាកូនស្រីជាទីស្រឡាញ់របស់ព្រះ។ ខ្ញុំក៏មានការស្តាយក្រោយ មិនមែនដោយសារទំនាក់ទំនងជាមួយគាត់បានបញ្ចប់នោះទេ តែដោយសារខ្ញុំមិនបានបញ្ចប់វាឲ្យបានល្អ សម្រាប់ខ្ញុំ និងគាត់។ ក្នុងគំនិតខ្ញុំកាលនោះ ខ្ញុំ
គិតថា អនាគតស្វាមីរបស់ខ្ញុំ ត្រូវតែជាគ្រីស្ទាន។ ប៉ុន្តែ ជាការពិតណាស់ សម្រាប់យើងដែលជាអ្នកជឿព្រះ ការស្វែងរកគូអនាគត គឺមិនគ្រាន់តែជាការស្វែងរកអ្នកដែលជាគ្រីស្ទានប៉ុណ្ណោះទេ។
ក្នុងបទគម្ពីរ ២កូរិនថូស ៦:១៤ សាវ័កប៉ុលមានប្រសាសន៍ថា “កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន?” ត្រង់ចំណុចនេះ គាត់កំពុងតែចង្អុលបង្ហាញភាពមិនអាចចុះសម្រុងគ្នា រវាងអ្នកដែលបានសម្រេចចិត្តថ្វាយជីវិត និងការសម្រេចចិត្ត ក្នុងព្រះហស្តព្រះ និងអ្នកដែលក្តោបជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯងយ៉ាងណែន ទុកសម្រាប់តែខ្លួនឯងគ្រប់គ្រង។ បើសិនជាគ្រីស្ទបរិស័ទម្នាក់ ត្រូវចូលទៅក្នុងទំនាក់ទំនងដែលជិតស្និទ្ធ ដូចអាពាហ៍ពិពាហ៍ជាដើម នោះជាចាំបាច់ អ្នកទាំងពីរត្រូវមានការព្រមព្រៀងគ្នាថា នរណាមានសិទ្ធិដឹកនាំជីវិត និងទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេ។
ប៉ុន្តែ កាលនោះ បើសិនជាខ្ញុំបានព្យាយាមរក្សាទំនាក់ទំនងនោះ នោះខ្ញុំប្រហែលជាបានរៀបការជាមួយអ្នកមិនជឿព្រះហើយ។ បើយើងបានរៀបការហើយ នោះគ្មានការធានាថា ទំនាក់ទំនងប្តីប្រពន្ធរបស់យើងនឹងបំផ្លាញខ្លួនឯងនោះទេ ព្រោះយើងប្រហែលជាអាចស៊ូទ្រាំ នឹងការប្រទាញប្រទុង ដ៏តានតឹង ដោយសារការទឹមនឹមស្រៀក ដែលមិនត្រូវគ្នា ហើយនៅបន្តរស់នៅជាប្តីប្រពន្ធទៀត។
ប៉ុន្តែ យើងប្រាកដជាជួបការលំបាកជាច្រើន ហើយបន្ទាប់ពីបញ្ហាប្រឈមជាច្រើនបានលេចឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មកទៀត ខ្ញុំនឹងបានដឹងកាន់តែច្បាស់ថា ការដាស់តឿនរបស់សាវ័កប៉ុល គឺពិតជាត្រឹមត្រូវមែន។
មិត្តប្រុសរបស់ខ្ញុំអាចស្រឡាញ់ខ្ញុំ ដោយពឹងអាងកម្លាំងរបស់គាត់ជាមនុស្ស ហើយទុក្ខលំបាកក្នុងជីវិត ប្រាកដជាបង្ហាញថា គាត់អាចប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់គាត់ បានដល់កំរិតណា។ គាត់នឹងមិនងាកទៅរកជំនួយពីព្រះវរបិតាដ៏ល្អ និងមានពេញដោយក្តីស្រឡាញ់របស់យើង ដើម្បីរៀនស្រឡាញ់ខ្ញុំ ក្នុងពេលដែលគាត់មានភាពទន់ខ្សោយពេក ឬនឿយណាយពេក នៅក្នុងការស្រឡាញ់ ដោយអាងកម្លាំងខ្លួនឯង។ បើយើងជជែកគ្នា អំពីរឿងការងារ អំពីពេលចាប់ផ្តើមជីវិតគ្រួសារជាមួយគ្នា អំពីរបៀបគ្រប់គ្រងលុយកាក់ ឬចែករំលែកវាដល់អ្នកខ្វះខាត នោះយើងនឹងងាកទៅតាមទិសដៅខុសគ្នា ដើម្បីស្វែងរកការណែនាំ។
គាត់នឹងពឹងផ្អែកទៅលើប្រាជ្ញាល្អបំផុត ដែលគាត់ឃើញមាន ក្នុងលោកិយនេះ ដែលមានការប៉ះទង្គិច ជាញឹកញាប់ នឹងប្រាជ្ញាមកពីស្ថានលើ ដែលបរិសុទ្ធ មានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង(យ៉ាកុប ៣:១៧)។
យូរៗទៅ ខណៈពេលដែលការស៊ូទ្រាំរបស់ខ្ញុំអន់ថយ ហើយភាពនឿយហត់ ដោយសារការមិនចុះសម្រុង និងប៉ះទង្គិចគ្នា កើតមាន នោះមានន័យថា ខ្ញុំត្រូវតយុទ្ធជារៀងរាល់ថ្ងៃ ដើម្បីយកជំនឿរបស់ខ្ញុំជាអាទិភាព។ បើសិនជាទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះ មានភាពអន់ខ្សោយទៅៗ ហើយខ្ញុំបានរសាត់អណ្តែតកាន់តែឆ្ងាយ ពីប្រាជ្ញានៃការដឹកនាំរបស់ព្រះអង្គ នោះខ្ញុំនឹងកើតមានចិត្តចង់បោះបង់ជំនឿចោលទាំងស្រុងតែម្តង ដោយសង្ឃឹមថា យើងនឹងលែងមានការប៉ះទង្គិចគ្នា ដោយសារជំនឿខុសគ្នាទៀត ហើយមានសុភមង្គល ក្នុងទំនាក់ទំនងប្តីប្រពន្ធ។
ទោះជាយ៉ាងណាក៏ដោយ សុភមង្គលដែលមិនស្ថិតស្ថេរនោះ គឺទទួលបានពីការបាត់បង់ទំនាក់ទំនងដែលសំខាន់បំផុត ដែលខ្ញុំអាចមានជាមួយព្រះ ដែលក្នុងនោះ ខ្ញុំត្រូវស្គាល់ និងស្រឡាញ់ទ្រង់ ដែលបានបង្កើតខ្ញុំ ហើយស្វែងរកក្តីអំណរ ក្នុងទំនាក់ទំនងដែលខ្ញុំមានជាមួយទ្រង់។
ទន្ទឹមនឹងចិត្តដ៏ខ្ទេចខ្ទាំនោះ ខ្ញុំបានយល់កាន់តែច្បាស់ អំពីបទគម្ពីរ ២កូរិនថូស ៦:១៤ ដែលនិយាយអំពីព្រះគុណដ៏សប្បុរស និងការពារខ្ញុំ ដែលខ្ញុំមិនសមនឹងទទួល។
ព្រះអង្គបានប្រទានប្រាជ្ញានេះ មកខ្ញុំ និងអ្នក ធ្វើឲ្យខ្ញុំដឹងថា “ខ្ញុំត្រូវជ្រើសរើសយកនរណា ធ្វើជាគូជីវិត” ព្រោះព្រះអង្គសព្វព្រះទ័យឲ្យយើងមានអ្វីដែលល្អបំផុត សម្រាប់យើង។ ហើយអ្វីដែលល្អបំផុតនោះ គឺជាអ្វីដែលនាំយើងទៅជិត ស្គាល់ និងស្រឡាញ់ព្រះអង្គ កាន់តែខ្លាំង។
ខ្ញុំមានការសោកស្តាយ ដែលមិនបានពន្យល់អតីតមិត្តប្រុសរបស់ខ្ញុំ ឲ្យបានច្បាស់ជាងនេះ អំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតា ដែលមានពេញដោយក្តីអាណឹត ប្រកបដោយព្រះគុណ និងមានភាពស្ថិតស្ថេរ និងពន្យល់គាត់កាន់តែច្បាស់ថា ខ្ញុំចង់ថ្វាយជីវិតខ្ញុំ(និងជីវិតអពាហ៌ពិពាហ៍នៅពេលអនាគត) ដាច់ដល់ព្រះអង្គ ដើម្បីឲ្យព្រះអង្គកែច្នៃ កែប្រែ និងដឹកនាំខ្ញុំ។
សម្រាប់គ្រីស្ទបរិស័ទ ដែលបានរៀបការជាមួយអ្នកមិនជឿហើយ ព្រះអម្ចាស់ក៏បានប្រទានប្រាជ្ញា សម្រាប់បញ្ហានេះផងដែរ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងរកឃើញកម្លាំង ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ដោយស្រឡាញ់ និងអធិស្ឋានដោយចិត្តស្មោះត្រង់ ដោយវិញ្ញាណដែលស្លូតបូត និងស្រគត់ស្រគំ(១ពេត្រុស ៣:១-៦)។ ខ្ញុំសង្ឃឹមថា អ្នកនឹងនៅតែបន្តអធិស្ឋាន សូមឲ្យគាត់ប្រែចិត្តទទួលជឿព្រះអង្គផងដែរ។
ហើយសម្រាប់គ្រីស្ទាន ដែលស្ថិតក្នុងស្ថានភាពដូចខ្ញុំ ដោយត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកនេះ ខ្ញុំយល់អារម្មណ៍របស់អ្នក។ ខ្ញុំសង្ឃឹមថា ខណៈពេលដែលអ្នកស្វែងរកការដឹកនាំពីព្រះអម្ចាស់ អ្នកនឹងមានភាពស្និទ្ធស្នាលជាមួយព្រះអង្គ ហើយនឹកចាំ អំពីសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ និងគ្រប់គ្រាន់ ដែលព្រះអង្គមានចំពោះអ្នក។ ខ្ញុំក៏សង្ឃឹមថា ខណៈពេលដែលព្រះអង្គដឹកនាំ ដោយប្រាជ្ញា អ្នកនឹងបានពិសោធនឹងសន្តិភាពរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានអ្នក នូវពាក្យសម្តី ដើម្បីធ្វើបន្ទាល់ អំពីសេចក្តីស្មោះត្រង់របស់ថព្រះអង្គ ដល់មនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក ទន្ទឹមនឹងពេលដែលអ្នកថ្វាយអ្វីៗទាំងអស់ គឺទាំងមុខរបរ ជំនាញ គំនិត ការភ័យខ្លាច និង(ជាពិសេស) ទំនាក់ទំនងរបស់អ្នក ក្នុងព្រះហស្តនៃព្រះដែលជាជាងស្មូន(អេសាយ ៦៤:៨)។ ហើយទុកចិត្តថា ព្រះអង្គនឹងកែច្នៃការទាំងអស់នោះ ឲ្យមានភាពល្អប្រសើរឡើង។
និពន្ធដោយ