តើការរីករាលដាលនៃមេរោគកូរូណា បានធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្តេច? តើអ្នកមានអារម្មណ៍ប្រយ័ត្នប្រយែងជាងមុន មានអារម្មណ៍ព្រួយបារម្ភ ឬមានការភ័យខ្លាច ឬក៏តក់ស្លត់ ដូចមនុស្សជាច្រើន ដែលបានប្រញាប់ប្រញាល់ទិញស្បៀងអាហារទុក នៅផ្សាទំនើបកាលពីពេលថ្មីៗនេះ ជាពិសេសនៅតាមបណ្តាប្រទេសជឿនលឿនជាច្រើន?
ចុះបើសិនជាអ្នកដឹងថា មនុស្សជាទីស្រឡាញ់ ឬមិត្តភក្តិណាម្នាក់បានឆ្លងមេរោគCovid-19នេះ? តើអ្នកនឹងធ្វើដូចម្តេច?
វិបត្តិនេះមានផលប៉ះពាល់កាន់តែខ្លាំងមកលើអារម្មណ៍របស់ខ្ញុំផ្ទាល់ បន្ទាប់ពីខ្ញុំបានទទួលដំណឹងថា ប្អូនថ្លៃស្រីខ្ញុំ និងកូនស្រីរបស់គាត់ បានទៅថ្វាយបង្គំព្រះ នៅព្រះវិហារមួយកន្លែង ដែលគេបានសំគាល់ថា អាចជាកន្លែងប្រមូលផ្តុំនៃការចម្លងជំងឺនេះ។ មានភ្ញៀវ និងសមាជិកពួកជំនុំមួយចំនួន ដែលបានថ្វាយបង្គំព្រះនៅព្រះវិហារនោះ បានទទួលការពិនិត្យសុខភាពរកឃើញថា បានឆ្លងមេរោគកូរ៉ូណា។
រឿងនេះបានធ្វើឲ្យពួកគេមានភាពតានតឹងកាន់តែខ្លាំង។ មុននោះ គ្រូពេទ្យបានកំណត់ពេលឲ្យប្អូនស្រីថ្លៃរបស់ខ្ញុំ ទៅទទួលការវះកាត់ដ៏សំខាន់មួយ ប៉ុន្តែ គេបានពន្យាពេលការវះកាត់នោះ ដោយសារវីរូសកូរ៉ូណាកំពុងតែរីករាលដាលពេញពិភពលោក។ ការពន្យាពេលវះកាត់នេះបានបណ្តាលឲ្យនាង និងក្រុមគ្រួសារ មានការថប់បារម្មណ៍យ៉ាងខ្លាំង។
បញ្ហាកាន់តែធ្ងន់ធ្ងរ ពេលដែលក្មួយស្រីរបស់ខ្ញុំមិនស្រួលខ្លួន។ ទាំងម្តាយ និងកូនស្រី និងក្រុមគ្រួសាររបស់ពួកគេទាំងមូលចាំបាច់ត្រូវទៅពិនិត្យសុខភាព ព្រោះពួកគេអាចឆ្លងមេរោគនោះ នៅក្នុងព្រះវិហារ។
ក្រុមគ្រួសាររបស់ខ្ញុំក៏ចែករំលែកទុក្ខលំបាកនេះផងដែរ ជាពិសេស នៅពេលដែលប្អូនថ្លៃស្រីរបស់ខ្ញុំ កំពុងតែមានបញ្ហាសុខភាពស្រាប់។ យើងពិបាកនឹងធ្វើចិត្ត មិនឲ្យមានការភ័យខ្លាច និងព្រួយបារម្ភអំពីគាត់។ យើងបានផ្ញើសារលើកទឹកចិត្ត និងបានអធិស្ឋានឲ្យពួកគេ។ ពេលនេះ ប្អូនថ្លៃស្រី និងកូនស្រីរបស់នាងគឺជាផ្នែកមួយនៃការអធិស្ឋានប្រចាំថ្ងៃរបស់ខ្ញុំ។
ស្ថិតក្នុងពេលបែបនេះ ខ្ញុំបានរកឃើញជំនួយដ៏ធំមួយ នៅក្នុងព្រះបន្ទូលព្រះ ក្នុងបទគម្ពីរទំនុកដំកើង ១២១:១-២ ដែលបានចែងថា :
ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ
តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា
សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ
គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងសួរថា “តើជំនួយខ្ញុំមកពីណា?” គាត់ក៏បានរកឃើញចម្លើយដែលឆ្លើយថា “ជំនួយខ្ញុំមកពីព្រះអម្ចាស់ ដែលជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី”។
អ្នកក៏ប្រហែលជាកំពុងតែជួបប្រទះទុក្ខលំបាកក្នុងជីវិតរបស់អ្នកផងដែរ ដែលជាការភ័យខ្លាច ចំពោះការរាលដាលនៃមេរោគកូរ៉ូណា បញ្ហាសុខភាពផ្ទាល់ខ្លួន ឬដំណឹងដ៏សោកសៅ ដែលមានផលប៉ះពាល់មកលើមនុស្សជាទីស្រឡាញ់ និងមិត្តសំឡាញ់ណាម្នាក់។
បទគម្ពីរទំនុកដំកើង ១២១:១-២ បានរំឭកយើងថា យើងអាចបន្តមើលទៅព្រះអម្ចាស់ ដើម្បីទទួលជំនួយពីព្រះអង្គ។ ព្រះអង្គជ្រាបអំពីការភ័យខ្លាច ការព្រួយបារម្ភ ហើយកំពុងតែគ្រង់គ្រងបញ្ហារបស់យើង។ ក្នុងនាមជាអ្នកជឿព្រះ យើងអាចភ្ញាក់ពីដំណេក រៀងរាល់ពេលព្រឹក ដោយនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះ ដែលបានផ្តល់ការធានាដល់យើង ក្នុងបទគម្ពីរបរិទេវ ៣:២២-២៣ ថា :
គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា
នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់
នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច
សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។
សូមយើងចាប់ផ្តើមថ្ងៃនីមួយៗ ដោយនឹកចាំ ដោយអំណរថា ព្រះជាម្ចាស់នៅតែបន្តប្រទានសេចក្តីមេត្តាករុណា ដល់យើងជាថ្មី ជារៀងរាល់ថ្ងៃ។—C. H. Tan
ឱព្រះវរបិតា ព្រះអង្គជ្រាបអំពីការភ័យខ្លាច និងទុក្ខលំបាករបស់ទូលបង្គំ
សូមអរព្រះគុណព្រះអង្គ សម្រាប់ការសន្យាថា នឹងប្រទានសេចក្តីមេត្តាជាថ្មី ជារៀងរាល់ពេលព្រឹក
បានជាទូលបង្គំអាចបន្តមើលទៅព្រះអង្គ ដែលជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី
សូមជួយ និងកម្សាន្តចិត្ត ហើយធានាដល់ទូលបង្គំ។