ថ្ងៃទី៤
ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?
អាន យ៉ាកុប ១:១២
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបនឹងបុរសម្នាក់ ដែលរឿងរ៉ាវរបស់គាត់បានប៉ះពាល់ចិត្ត និងបានបណ្តុះគំនិតខ្ញុំ។
គាត់បានមកពីគ្រួសារអ្នកមានស្តុកស្តុម្ភមួយ ជាគ្រួសារមានឥទ្ធិពលដែលមានជំនឿខុសគ្នា។ នៅពេលដែលគាត់ចាកចេញពីផ្ទះដើម្បីទៅរៀននៅមហាវិទ្យាល័យ គាត់បានស្គាល់ព្រះយេស៊ូវ ហើយបានថ្វាយជីវិតរបស់គាត់ ដល់ព្រះអង្គ។ ឪពុកម្តាយរបស់គាត់បានជំទាស់ដាច់ខាតចំពោះការនេះ ព្រមទាំងទាមទារឲ្យគាត់បោះបង់ជំនឿថ្មីរបស់គាត់ចោល ប៉ុន្តែ គាត់បានបន្តប្រកាន់ខ្ជាប់ ទោះបីជាឪពុកម្តាយរបស់គាត់បានកាត់កាល់គាត់ចេញពីមរតកក៏ដោយ។ គាត់នៅតែមានក្តីសង្ឃឹមសម្រាប់មនុស្សជាទីស្រឡាញ់របស់គាត់ ថាពួកគាត់នឹងបានស្គាល់ព្រះយេស៊ូវដោយផ្ទាល់ខ្លួននៅថ្ងៃណាមួយ។
នេះពិតជាសេចក្តីល្បួងដ៏ពិបាកណាស់ ដែលជំរុញឲ្យគាត់បោះបង់សេចក្តីជំនឿរបស់គាត់ ដើម្បីទទួលការពេញចិត្តពីគ្រួសារ និងទទួលបានភាពមានបានដែលពួកគេផ្តល់ឲ្យគាត់នោះ។ វាពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់ ដែលត្រូវតែធ្វើអ្វីដែលដូចជាត្រឹមត្រូវនៅចំពោះភ្នែកក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។
តែលោកយ៉ាកុបបាននិយាយទៀតថា មនុស្សណាដែលស៊ូទ្រាំក្នុងការធ្វើរឿងដែលត្រឹមត្រូវ នៅពេលជួបការល្បួងគឺនឹងទទួលបានព្រះពរ។ តើការមានពរនេះ មានន័យដូចម្តេច? តាមធម្មតា យើងគិតថា ព្រះពរនោះ មានដូចជាការដែលមានទ្រព្យសម្បត្តិ ការមិនមានបញ្ហានៅក្នុងការទំនាក់ទំនង ឬមានសុខភាពល្អ។ ម្យ៉ាងវិញទៀត លោកយ៉ាកុបមើលឃើញថា ព្រះពរគឺលើសពីអត្ថប្រយោជន៍នៅលើផែនដីនេះទៅទៀត។ លោកមើលឃើញថា មនុស្សដែលមានពរ ថាជាមនុស្សម្នាក់ដែលស៊ាំថ្នឹកនឹងទុក្ខលំបាក ប៉ុន្តែ គឺជាមនុស្សម្នាក់ដែលពុះពារឲ្យបានចាក់ឫសជ្រៅក្នុងព្រះ នៅក្នុងការរងទុក្ខ ហើយកាន់ខ្ជាប់តាមព្រះបន្ទូលសន្យាថា នឹងប្រទានម្កុដជីវិត។
មិនថាសំពាធពីខាងក្នុងខាងក្រៅរុញច្រានគាត់ប៉ុណ្ណាទេ គាត់នឹងមិនចុះញ៉មឡើយ។
ហេតុអ្វី? ព្រោះគាត់យល់ថា ជីវិតនៅលើផែនដីនេះ គឺពិតជាខ្លីខ្លាំងណាស់ ហើយសេចក្តីទុក្ខលំបាក និងទ្រព្យសម្បត្តិក៏ដូច្នោះដែរ។ តាមយៈការតស៊ូក្នុងជំនឿ ដោយលះបង់មរតករបស់គាត់។ បុរសដែលខ្ញុំបានជួបនោះបានបង្ហាញការប្ដេជ្ញាចិត្ត ចំពោះការពិត ដែលល្អជាងអ្វីដែលពិភពលោកនេះផ្តល់ឲ្យ។ ទោះបីជាគាត់បានបាត់បង់នៅមរតកនៅផែនដីនេះមែន គាត់បានទទួលរង្វាន់ដ៏អស់កល្បមួយ ដែលមានតម្លៃកាន់តែអស្ចារ្យ។
សេចក្តីសន្យានៅក្នុងព្រះគម្ពីរ យ៉ាកុប ១:១២ បានលើកទឹកចិត្តយើង ឲ្យដាក់ជីវិតរបស់យើង ក្នុងបរិបទនៃភាពអស់កល្បជានិច្ច និងស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ។ កូល៉ុស ៣:១-២ ចែងថា “ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ”។
ចុងក្រោយ មនុស្សដែលមានពរ គឺជាមនុស្សដែលស៊ូទ្រាំនឹងសេចក្តីល្បួង ក៏ព្រោះតែគាត់ស្រឡាញ់ព្រះយេស៊ូវ ។ ការសង្កត់ធ្ងន់របស់លោកយ៉ាកុប ចំពោះការរស់នៅដោយភក្តីភាពចំពោះព្រះយេស៊ូវគ្រីស្ទ នៅពេលដែលយើងព្យាយាមជម្នះសេចក្តីល្បួង និងទុក្ខលំបាក (ខ.១២) គឺលើកឡើងសារជាថ្មីនូវអ្វីដែលមានក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះគម្ពីរ លូកា និង វិវរណៈ។ បទគម្ពីរលូកា ៦:២២ បានចែងថា មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស។ ហើយទ្រង់មានបន្ទូលម្តងទៀតនៅក្នុងព្រះគម្ពីរ វិវរណៈ ២:១០ ថា យើងនឹងត្រូវបានល្បងល ប៉ុន្តែ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះទ្រង់នឹងឲ្យមកុដនៃជីវិតដល់យើង។
ព្រះបន្ទូលរបស់ព្រះនាំឲ្យយើងតោងឲ្យជាប់ព្រះយេស៊ូវ ពីព្រោះព្រះអង្គបានសន្យាថា នឹងប្រទានជីវិតដែលគ្មានអ្វីប្រៀបផ្ទឹមបាន នៅក្នុងភាពអស់កល្បជានិច្ចជាមួយនឹងទ្រង់។ ព្រះអង្គបានសន្យាប្រទានម្កុដជីវិត ជាអំណោយដែលយើងមិនអាចពិពណ៌នាបាន នៅក្នុងការយល់ដឹងដែលមានដែនកំណត់របស់យើងអំពីអ្វីៗនៅស្ថានសួគ៌។
យើងត្រូវមានសេចក្តីអត់ធ្មត់ ដើម្បីឲ្យយើងបានទទួលព្រះពរ តាមសេចក្តីសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ។
(ហេព្រើរ ១០:៣៥-៣៦)
ដោយ Kezia Lewis ភីលីពីន
សំណួរត្រិះរិះ
១. តើសេចក្តីល្បួងអ្វីដែលអ្នកកំពុងជួបនៅពេលនេះ?
២. តើអ្នកអាចនឹងត្រូវបានល្បួង ឲ្យសម្របសេចក្តីជំនឿរបស់អ្នក យ៉ាងដូចម្តេចខ្លះ?
៣. តើការនឹកចាំពីសេចក្ដីសន្យារបស់ព្រះ ជួយអ្នកឲ្យទ្រាំទ្រក្នុងសេចក្តីទុក្ខលំបាក យ៉ាងដូចម្តេចខ្លះ?