ដោយ លោកបណ្ឌិត អ័ឡិច តាំង(Dr Alex Tang)

ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​បរិស័ទ​គួរ​តែ​ផ្អាក​ការ​ជួប​ជុំ​គ្នា នៅ​ព្រះ​វិហារ ក្នុង​អំឡុង​ពេល​នៃ​ការ​រាល​ដាល នៃ​មេរោគ COVID-១៩ ទូទាំង​ពិភព​លោក? តើ​ដោយ​សារ​យើង​ខ្វះ​ការ​ទុក​ចិត្ត​លើ​ការ​ការ​ពារ​របស់​ព្រះ​ជាម្ចាស់​ឬ?  ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៩១:៥-៦ ​តើ​ព្រះ​ជា​ម្ចាស់​មិន​បាន​សន្យា​ទេ​ឬ​ថា ទ្រង់​នឹង​ការ​ពារ​យើង បានជាយើងមិនត្រូវ “​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់… ឬ​សេចក្តី​ហិនវិនាស​ដែល​បំផ្លាញ​នៅ​ពេល​ថ្ងៃ​ត្រង់​ផង”?

សព្វ​ថ្ងៃ​នេះ មាន​ពួក​ជំនុំ​កាន់​តែ​ច្រើន​ឡើង​ៗ បាន​ផ្អាក​កម្ម​វិធី​ថ្វាយ​បង្គំ​នៃ​ព្រះ​វិហារ ឬ​ការ​ជួប​ជុំ​គ្នា​ដទៃទៀត ដើម្បី​ជៀស​វាង​ការ​រីក​រាយ​ដាល នៃ​មេរោគ COVID-19។ ផ្ទុយ​ទៅ​វិញ ព្រះ​វិហារ​ជា​ច្រើន​បានចាប់​ផ្តើម​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​កម្ម​វិធី​ថ្វាយ​បង្គំ​តាម​អន​ឡាញ ឬ​តាម​ហ្វេស​ប៊ុក​ជា​ដើម ឬ​ក៏​មាន​Link ចូលទៅ​កាន់​វេប​សាយ​របស់​ខ្លួន ដើម្បី​ផ្តល់​ឲ្យ​សមាជិក​ពួក​ជំនុំ នូវ​ការ​លើក​ទឹក​ចិត្ត ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា និង​ព្រះ​បន្ទូល​ព្រះ។

ការ​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់ ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ប្រពៃណី​របស់​ព្រះ​វិហារ​គ្រីស្ទ​បរិស័ទ។ យើង​ជួប​ជុំ​គ្នា ដើម្បី​ការ​ប្រកប​គ្នា ការ​ប្រារព្ធ​ពិធី​លៀង​ព្រះ​អម្ចាស់ ការ​អធិស្ឋាន ការ​ថ្វាយ​បង្គំ និង​ការ​កែ​តម្រង់។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​ការ​បៀត​បៀន​ខ្លាំង​បំផុត ក៏​ពួក​ជំនុំ​សម័យ​ដើម នៅ​តែ​ព្យាយាម​ជួប​ជុំ​គ្នា ជាសម្ងាត់ ទោះ​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ។ ដូច​នេះ ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​ផ្អាក​ការ​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់ ដូច​មុន​ទៀត? ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​លប់​ចោល​កម្ម​វិធី​ជួប​ជុំ​ផ្សេង​ៗ?

វា​មិន​មាន​ន័យ​ថា យើង​ខ្វះ​ជំនឿ​នោះ​ទេ

ទីមួយ វា​មិន​មាន​ន័យ​ថា យើង​ខ្វះ​ជំនឿ​នោះ​ទេ ពេល​ដែល​យើង​ផ្អាក​ការ​ជួប​ជុំ​គ្នា នៅ​ព្រះ​វិហារ។ ផ្ទុយទៅ​វិញ វា​មាន​ន័យ​ថា យើង​កំពុង​តែ​មាន​ជំនឿ​លើ​ព្រះ ដែល​បាន​បង្កើត​មនុស្ស​មក​ឲ្យ​មាន​ហេតុ​ផល ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​សម​ហេតុ​ផល។ ជា​ការ​ពិត​ណាស់ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា នឹង​ការពារយើង។ ប៉ុន្តែ តើ​ហេតុ​អ្វី​យើង​មិន​លោត​ចុះ​ពី​អគារ​១០​ជាន់ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ចាត់​ទេវតា​ព្រះអង្គ ឲ្យ​មក​ទ្រ​យើង មិន​ឲ្យ​ធ្លាក់​ប៉ះ​នឹង​ថ្ម? តើ​បទ​គម្ពីរ​ទំនុក​ដំកើង ៩១:១១-១២ មិន​បាន​ចែង​ទេ​ឬ​ថា “ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ ពី​ដំណើរ​ឯង ឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង  ទេវតា​ទាំង​នោះ​នឹង​ទ្រ​ឯង​ដោយ​ដៃ ក្រែង​ជើង​ឯង​ទង្គិច​នឹង​ថ្ម?”

ត្រង់​ចំណុច​នេះ យើង​ចាំ​បាច់​ត្រូវ​គិត​ថា តើ​នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​ជំនឿ ឬ​សេចក្តី​អំណួត? អារក្ស​ក៏បាន​ល្បួង​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ​ផង​ដែរ ពេល​ដែល​វា​នាំ​ព្រះ​អង្គ​ទៅ​កំពូល​ព្រះ​វិហារ ហើយ​ប្រាប់​ព្រះអង្គ​ឲ្យ​លោត​ចុះ។ អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​ថែម​ទាំង​បាន​ដក​ស្រង់​បទ​គម្ពីរ ទំនុកដំកើង ៩១:១១-១២(វា​ក៏​ចេះ​ខគម្ពីរ​ដែរ)។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ឆ្លើយ​តប​ទៅ​វា​វិញ ទុក​ជា​គំរូ​ឲ្យ​យើង​អនុវត្ត​តាម។ ព្រះ​អង្គ​មាន​បន្ទូល​ថា យើង​មិន​ត្រូវ​ល្បងលរ​ព្រះ​ជាម្ចាស់​ឡើយ គឺ​ដូច​ដែលព្រះ​អង្គ​បាន​ដក​ស្រង់​បទ​គម្ពីរ​ចោទិយក​ថា ៦:១៦ បាន​ចែង​ថា “កុំ​ឲ្យ​ឯង​រាល់​គ្នា​ល្បងល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​បាន​ល្បង​ទ្រង់​នៅ​ត្រង់​ម៉ាសានោះ​ឡើយ”។

ដូច​នេះ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ល្បងល​ព្រះ​ជាម្ចាស់​ ដោយ​មិន​ដឹង​ខ្លួន​នោះឡើយ។ កាល​ពួក​អ៊ីស្រាអែល​នៅ​តំបន់​ម៉ាសា ពួក​គេ​បាន​ប្រកែក​ជា​មួយ​លោក​ម៉ូសេ អំពី​រឿង​ខ្វះ​ទឹក​បរិភោគ ហើយ​លោក​ម៉ូសេ​ក៏​បាន​ស្តី​បន្ទោស​ពួក​គេ ដែល​បាន​ល្បងល​ព្រះ​ជា​ម្ចាស់ ដោយ​ការ​មិន​ស្តាប់​បង្គាប់ និង​ការ​ខ្វះ​ជំនឿ។ ហេតុ​នេះ​ហើយ ពួក​អ្នក​ដែល​នៅ​ក្នុង​ជំនាន់​លោក​ម៉ូសេ មិន​បាន​មើល​ឃើញទឹក​ដី​សន្យា​ឡើយ ប៉ុន្តែ ត្រូវ​បាន​ព្រះ​ជា​ម្ចាស់​ដាក់​ទោស ឲ្យ​រស់​​នៅ​វិល​វល់​ក្នុង​វាល​រហោស្ថាន​ អស់​៤០ឆ្នាំ រហូត​​ដល់​ពេល​ដែល​ពួក​គេ​ស្លាប់​អស់​(ទំនុកដំកើង ៩៥:៨-១០)។

ដូចនេះ ​យើង​ប្រហែល​ជា​ឆ្ងល់​ថា ​អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ​បាន​បង្ហាញ​នូវ​ជំនឿ ឬជា​ការ​ខ្វះ​ជំនឿ តែ​ទន្ទឹម​នឹង​នោះ យើងក៏​ត្រូវ​ប្រាកដ​ថា យើង​មិន​កំពុង​តែ​ល្បង​ល​ព្រះ​ជា​ម្ចាស់​ឡើយ។​ ជួន​កាល យើងគ្រាន់​តែ​ចង់​ដឹង​ថា តើ​ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ឬ​អត់។ ខ្ញុំ​សូម​បញ្ជាក់​ថា ការ​ផ្អាក​ការ​ជួប​ជុំ​គ្នា នៅ​ព្រះ​វិហារ ក្នុង​ពេល​ដែល​មាន​ជម្ងឺ​រាត​ត្បាត មិន​មែន​ជា​ការ​ខ្វះ​ជំនឿ​នោះ​ទេ។

ការ​ផ្អាក​ការ​ជួប​ជុំ​គ្នា ក្នុង​សង្គម គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​

ទីពីរ គេ​បាន​រក​ឃើញ​ថា ការ​ផ្អាក​ការ​ជួប​ជុំ ក្នុង​សង្គម ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព ដើម្បី​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​មេរោគ COVID-១៩។ វីរុស​នេះ​អាច​ចម្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ដំណក់ទឹក​តូច​ៗ​ដែល​ចេញ​ពី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស (តាម​រយៈ​ការ​ក្អក  និង​កណ្តាស់)  និងការ​ប៉ះ​ទៅ​លើ​ផ្ទៃ​នានា​ដែល​មាន​វីរុស​នេះ(ដែល​រាប់​បញ្ចូល​តុកៅ​អី និង​បង្កាន់​ដៃ​ជា​ដើម)។ មេរោគ​នេះ​រីករាល​ដាល​យ៉ាង​ងាយ​ស្រួល ពេល​ដែល​មនុស្ស​មួយ​ក្រុម​ជួប​ជុំគ្នា ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​មាន​ជម្ងឺ​នេះ។​

ការ​បញ្ឈប់​ការ​រាល​ដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត នឹង​ជួយ​ទប់​ស្កាត់​ជម្ងឺ​ឆ្លង​ជា​សកល​នេះ​បាន។ ដូច​នេះ យើង​ក៏​ចាំ​បាច់​ត្រូវ​លប់​ចោល​ការ​ជួប​ជុំ​គ្នា​ផង​ដែរ។ វា​ជា​ការ​ផ្អាក​ការ​ជួប​ជុំ​គ្នា ក្នុង​សង្គម និងជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ យើង​ត្រូវ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​អ្នក​ដែល​មាន​អាយុលើស​៦៥​ឆ្នាំ ដែល​ងាយ​នឹង​បាត់​បង់​ជីវិត ដោយសារ​មេរោគ​នេះ។​

ផល​ប្រយោជន៍​មួយ​ទៀត​នៃ​ការ​ផ្អាក​ការ​ជួប​ជុំ​ក្នុង​សង្គម ​គឺ​ថា វា​បាន​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​មេរោគ កូរ៉ូណា។ បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ឆ្លង និង​ឈឺ ក្នុង​ពេល​តែ​មួយ នោះ​ប្រព័ន្ធ​សុខា​ភិបាលរបស់​យើង​នឹង​មាន​ការ​ពិបាក​ប្រឈម​មុខ​ដោះ​ស្រាយ គឺ​ដូច​នៅ​ប្រទេស​អ៊ីតាលី អ៊ីរ៉ង់ និង​ប្រទេស​ចិន​។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ នៅ​ចំពោះ​មុខ​នៃ​បញ្ហា​នេះ

អ្វី​ដែល​យើង​អាច​ធ្វើ ក្នុង​ផ្នែក​ដ៏​តូច​នៃ​ពិភព​លោក​របស់​យើង គឺ​ត្រូវ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន  និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ទុក​ឲ្យភ្នាក់​ងារ​សុខា​ភិបាល​បំពេញ​តួនាទី​របស់​ពួក​គេ។​

ខាង​ក្រោម​នេះ ជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការពារខ្លួនយើង​ និងអ្នកដទៃ

  • ចូរ​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន
  • ចូរ​ជៀស​វាង​ការ​ធ្វើ​ដំណើរ ក្នុង​ប្រទេស និង​ជា​ពិសេស​ទៅ​ក្រៅ​ប្រទេស បើ​សិន​ជា​អាច(ទោះ​អ្នកបាន​បង់​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ហើយ​ក្តី សុខ​ភាព​របស់​អ្នក​សំខាន់​ជាង​លុយ​របស់​អ្នក​)។​
  • ចូរ​លាង​ដៃ​របស់​អ្នក​នឹង​សាប៊ូ និង​ទឹក​នៅ​ផ្ទះ ឲ្យ​បាន​ញឹក​ញាប់ ហើយ​លាង​ជា​មួយ​ទឹក​លាង​ដៃ ពេល​អ្នក​នៅ​ក្រៅ​ផ្ទះ។
  • បើ​អ្នក​មាន​ជម្ងឺ​គ្រុន​ក្តៅ និង​ក្អក ចូរ​នៅ​ផ្ទះ កុំ​ទៅ​ជួប​មិត្ត​ភក្តិ​របស់​អ្នក​
  • ចូរ​ញាំ​អាហារ​នៅ​ផ្ទះ និង​ជៀស​វាង​ការ​ញាំ​អាហារ​ក្រៅ​ផ្ទះ ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើទៅ​បាន​
  • បើ​អ្នក​ត្រូវ​ញាំ​អាហារ​ក្រៅ​ផ្ទះ ចូរ​ប្រើ​ទឹក​លាង​ដៃ ដើម្បី​សម្អាត​កន្លែង​ដែល​អ្នក​អង្គុយ ហើយ​ប្រើស្លាប​ព្រា​ផ្ទាល់​ខ្លួន​របស់​អ្នក
  • ចូរ​ជៀស​វាង​ការ​ប៉ះ​ច្រមុះ មុខ និង​មាត់​របស់​អ្នក​​
  • ចូរ​ព្យាយាម​អង្គុយ ចម្ងាយ​២​ម៉ែត្រ ពី​អ្នក​ដទៃ
  • ចូរ​ជៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន សូម្បី​តែ​នៅ​កន្លែង​ក្មេង​លេង ឬ​សួន​សាធារណៈ​ក៏​ដោយ។​

ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​នេះ ក៏ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​អ្នក​ដទៃ​ផង​ដែរ  ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ។ ការ​សម្រេច​ចិត្ត​លប់​ចោល ឬ​ផ្អាក​ការ​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់​នៅព្រះវិហារ គឺ​ជា​ការ​ឆ្លើយ​តប ដោយ​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​រាត​ត្បាត​ជា​សកល នៃ​មេរោគ​កូរ៉ូណា។ ព្រះវិហារ​ទាំង​ឡាយ​គួរ​តែ​ប្រើ​ប្រាប់​មធ្យោ​បាយ​ដទៃ​ទៀត ដើម្បី​តភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ពួក​ជំនុំ​របស់​ខ្លួន តាម​អនឡាញ ដែល​ជា​បច្ចេក​វិទ្យា​ដ៏​ពេញ​និយម និង​ងាយ​ស្រួល​ប្រើ​ប្រាស់។ ចូរ​យើង​បន្ត​អធិស្ឋាន សូម​ឲ្យ​ការ​រាត​ត្បាត​នេះ​បញ្ចប់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ដើម្បី​ឲ្យ​យើង​អាច​បន្ត​ការ​ជួប​ជុំ​ថ្វាយ​បង្គំ​ព្រះ​ ជា​ធម្មតា​ឡើង​វិញ។​

អត្ថបទ​នេះ ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​និពន្ធ​ដែល​ជា​ភ្ញៀវ​នៃ​ព័ន្ធ​កិច្ច​នំម៉ាណា​ប្រចាំ​ថ្ងៃ ហើយ​មិន​បានឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​ព័ន្ធ​កិច្ច​នំម៉ាណា​ប្រចាំ​ថ្ងៃ​ឡើយ។ យើង​ខ្ញុំ​បាន​ធ្វើ​ការ​កែ​សម្រួល​បន្តិច​បន្តួច ទៅ​លើ​អត្ថ​បទ​ដើម តាមlinkនេះ:  https://draltang.wordpress.com/2020/03/15/why-churches-should-stop-meeting-together/

អំពី​អ្នក​និពន្ធ

​លោកបណ្ឌិត អ័ឡិច តាំង(Alex Tang) ជា​គ្រូ​អធិប្បាយ ​វា​គ្មិន អ្នក​វិទ្យាសាស្រ្ត​សង្គម និង​ជា​អ្នក​និពន្ធ និង​ស្ថាបនិក នៃKairos Spiritual Formation Ministries។ គាត់​ក៏​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​រោគកុមារ នៅ​មន្ទីរ​ពេទ្យ KPJ Johor Specialist Hospital នៅ​រដ្ឋ យ៉ូហ៊រ បារ៊ូ ប្រទេស​ម៉ាឡេស៊ី និង​ជាសាស្រ្តចារ្យ ផ្នែក​ជម្ងឺ​កុមារ នៅ​សាលា​ពេទ្យ ក្នុង​សកល​វិទ្យា​ល័យ​ម៉ូណាស។ លោក​បណ្ឌិត​តាំង​ក៏​បង្រៀនមុខ​វិជ្ជា​ទេវសាស្រ្ត នៅ​សាលា​ព្រះ​គម្ពីរ​ម៉ាឡេស៊ី(MBS) នៅ​ប្រទេស​ម៉ាឡេស៊ី និង​នៅ​សាលា​ទេវ​សាស្រ្តអាស៊ី​ខាង​កើត​(EAST) នៅ​ប្រទេស​សឹង្ហ​បូរី។ អ្នក​អាច​ចូល​ទៅ​កាន់​វេបសាយ​របស់​គាត់ www.alextang.org