សូម​អាន   លីព ២:៣-៤ : តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង។

ហេតុ​​អ្វី​ជំងឺ​ប្រភេទ​នេះ បាន​កើត​ឡើង​ថ្មី​ម្តង​ទៀត? តើ​ត្រូវ​បន្ទោស​នរណា?

ខ្ញុំ​ជឿ​ជាក់​ថា បច្ចុប្បន្ន​នេះ នរណា​ៗ​ក៏​និយាយ​អំពី​ជម្ងឺ​នេះ​ដែរ។ វា​បាន​ក្លាយ​ជា​រឿង​ដែល​គេ​លើក​មក​និយាយ​ច្រើន​ជាង​គេ នៅ​តាម​បណ្តាញ​សង្គម ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ដូច​នេះ ​មាន​មនុស្ស​កាន់​តែច្រើន​ដែល​ងាយ​នឹង​ធ្វើ​ការ​ស្តី​បន្ទោស​ផ្សេង​ៗ មកលើ​ក្រុ​ម​មនុស្ស ឬ​ស្ថាប័ន​ណា​មួយ។​ ពេល​ដែល​ខ្ញុំ​ឃើញ​គេ​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ដូច​នេះ ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាត​ត្បាត​ដ៏សាហាវ​មួយ​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ជំងឺ​សារ​(SARS) ដែល​បាន​ផ្ទុះ​ឡើង នៅ​ឆ្នាំ​២០០៣ ដែល​កាល​នោះ​ អាជ្ញាធរ​ចិន​បាន​ទទួល​ការ​ស្តី​បន្ទោស​ដ៏​ធ្ងន់​ធ្ងរ ដោយ​សារ​ការ​ឆ្លើយ​តប​របស់​ពួក​គេ ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ  ដែល​បាន​បណ្តាល​ឲ្យ​មានមនុស្ស​ឆ្លង​ជាង​៨០០០​នាក់ និង​ស្លាប់​ជាង​៨០០​នាក់។

រហូត​មក​ដល់​ពេល​នេះ នៅប្រទេស​​ចិន មាន​មនុស្ស​​រហូត​ដល់៣៦១​នាក់​បាន​ស្លាប់ និង​១៧,២០៦​នាក់​បាន​ឆ្លង​ជម្ងឺ​នេះ(យោងតាមវេបសាយ : https://www.worldometers.info/coronavirus/ ចំនួននេះ​អាច​មាន​ការ​ប្រែ​ប្រួល ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​អាន​អត្ថ​បទ​នេះ)។​ ការ​ភ័យ​ខ្លាច​បាន​កើត​មាន នៅ​គ្រប់​ទី​កន្លែង រហូត​ដល់​ប្រជា​ជន​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី បាន​ទៀម​ទា​ឲ្យ​រដ្ឋាភិបាល​ខ្លួន​បិទ​ជើង​ហោះហើរ ​ពី​ទីក្រុង​វូហាន ចូល​ប្រទេស​របស់​ខ្លួន។ តែ​យើង​មិន​ពិបាក​យល់ អំពី​អារម្មណ៍​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​នេះ​ទេ បើ​សិន​ជា​យើង​គិត​ដល់​ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ងរ ដែល​មេរោគ​នេះ​អាច​មាន មក​លើ​ទីក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​កក​កុញ។

ប៉ុន្តែ ទន្ទឹម​នឹង​នោះ មាន​គេ​សួរ​ខ្ញុំ​ថា “តើ​អ្នក​បាន​អធិស្ឋាន​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​វូហាន ហើយ​ឬ​នៅ?” វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន បើ​សិន​ជា​ខ្ញុំ​និយាយ​ថា ខ្ញុំ​មិន​សូវ​បាន​គិត អំពី​ទុក្ខ​លំបាក​របស់​ពល​រដ្ឋ​នៅ​ទីក្រុង​នេះ ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​ ដោយសារ​​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ អំពី​ប្រជា​ជន​របស់​ខ្ញុំ​ជាង​គេ។​​ (Read a Chinese resident’s account about What It’s Like Living In A Ghost Town In Fear)។

ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​ជំរុញ​គ្រីស្ទ​បរិស័ទ ឲ្យ​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៣-៤)។

ត្រង់​ចំណុច​នេះ ការ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ឯង គឺ​មាន​ន័យ​ថា យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ សូម្បី​តែនៅ​ពេល​ដែល​យើង​ខ្លួន​ឯង​ក៏​កំពុង​តែ​ជួប​ទុក្ខ​លំបាក ឬ​ត្រូវ​ខាត​បង់​អ្វី​មួយ​ក៏​ដោយ ។ ជា​ការ​ពិត​ណាស់ សេចក្តីស្រឡាញ់​ពិត​ប្រាកដ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ គឺ​ត្រូវ​មាន​ការ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដូចនេះ វា​មិន​មែន​ជា​ការ​ងាយ​ទេ។

គ្រូ​គង្វាល​ម្នាក់ នៅ​ព្រះ​វិហារ​មួយ ក្នុង​ទីក្រុង​វូហាន បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ ដែលបាន​បោះ​ពុម្ភ​ផ្សាយ​នៅ​សប្តាហ៍​មុន។ ក្នុង​សំបុត្រ​នោះ គាត់​បាន​សរសេរ​ថា “គ្រីស្ទ​បរិស័ទ​មិន​គ្រាន់​តែ​ត្រូវ​រួម​សុខ​រួមទុក​ជា​មួយ​ប្រជាជន​នៅ​ទីក្រុង​នេះ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដែលក្នុង​រស់​នៅ​ក្នុង​ទីក្រុង​នេះ ដោយ​ការ​ភ័យ​ខ្លាច និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​សន្តិ​ភាព​របស់​ព្រះ​គ្រីស្ទ​ផង​ដែរ”។

ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ក្នុង​ពេល​ដែល​មាន​វិបត្តិ​បែប​នេះ? ប្រហែល​ជា​យើង​អាច​ចង្អុល​បង្ហាញ​គេ ឲ្យ​ងាក​ទៅ​រក​ព្រះ​ជាម្ចាស់ ហើយ​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា​ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ប្រទាន​អ្វី​ខ្លះ ​ដល់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ ទោះ​យើង​កំពុង​តែ​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ​ក៏​ដោយ។ ហើយ​យើង​អាច​អធិស្ឋាន​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​វូហាន និង​អស់​អ្នក​ដែល​បាន​ទទួល​ផល​ប៉ះពាល់​ពី​ជំងឺ​រាត​ត្បាត​នេះ ដោយ​សូម​ឲ្យ​ពួក​គេ​បាន​ពិសោធ​នឹង :

  • ព្រះ​វត្ត​មាន​នៃ​ព្រះ ដែល​“ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកដំកើង ៤៦:១)។
  • ការ​ការពារ​របស់​ព្រះ ដែលទ្រង់ “​នឹង​ជួយ​ឲ្យ​រួច និង​តាំង​ឡើង​យ៉ាង​ខ្ពស់ ចំពោះ​អ្នក​ណា​ទទួល​ស្គាល់​ព្រះ​នាម​ព្រះ​អង្គ”(ទំនុកដំកើង ៩១:១៤)។
  • សន្តិភាព​របស់​ព្រះ ដែល “និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ(ភីលីព ៤:៧)”។

ក្នុង​នាម​យើង ជា​អ្នក​ទទួល​ព្រះ​វត្ត​មាន ការ​ការពារ និង​សន្តិ​ភាព​របស់​ព្រះ​ជា​ម្ចាស់ តើ​អ្នក​នឹង​ចូល​រួម​ជា​មួយ​គ្នា នៅ​ក្នុង​ការ​អធិស្ឋាន ឲ្យ​ប្រ​ជាជន​នៅ​ទីក្រុង​វូហាន​ឬ​ទេ? —Leslie Koh

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អធិស្ឋាន​សម្រាប់​អ្នក

ដែល​បាន​ទទួល​ផល​ប៉ះ​ពាល់​ពី​ជំងឺ​រាត​ត្បាត​នេះ

ឬ​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ។

សូម​ព្រះ​អង្គ​ឈោង​ទៅ​រក​ពួក​គេ

និង​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់

ព្រះ​វត្ត​មាន ការ​ការ​ពារ និង​សន្តិ​ភាព​របស់​ព្រះ​អង្គ។