តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក

បំពង់​បង្ហូរ​ឧស្ម័ន​ត្រន​អាឡាស្កា លាត​សន្ធឹ​ង​ប្រវែង​៨០០​ម៉ាយ​ កាត់​តាម​រដ្ឋ​អាឡាស្កា ហើយ​ដោយ​សារ​តែ​គេ​សង់​វា​ កាត់​តាម​តំបន់​មាន​រញ្ជួយ​ដី វិស្វករ​ត្រូវ​តែ​ប្រាកដ​ថា បំពង់​នេះ​អាច​ទប់​ទល់​នឹង​ការ​រញ្ជួយបា​ន។ ពួក​គេ​ត្រូវ​សង់​បណ្តាញ​រំអិល​ថេឡុន​ដើម្បី​កាត់​បន្ថយ​រំញ័រ ពេល​មាន​ការ​រញ្ជួយ​នៅ​ក្រោម​បំពង់។ វិស្វករ​សប្បា​យ​ចិត្ត​ណាស់ ពេល​ធ្វើ​ការ​សាក​ល្បង​លើក​ទីមួយ​បាន​ជោគ​ជ័យ។ កាល​ពី​ឆ្នាំ​២០០២ មាន​ការ​រញ្ជួយ​ដី​ធំ​មួយ​កើត​ឡើង បណ្តាល​អោយ​ស្រទាប់​ដី​ញែក​១៨​ហ្វ៊ីត។ ពេល​នោះ​បណ្តាញ​រំអិល​ធ្វើ​ចលនា​យឺត​ៗ សម្រប​តាម​ការ​រញ្ជួយ​ ដោយ​មិន​បណ្តាល​អោយ​មាន​ការ​ខូច​ខាត​ដល់​បំពង់​ឡើយ។ ចំនុច​ពិសេស​របស់​វា​ គឺ​ការ​បត់​បែន។

បំពង់​​បង្ហូ​រ​ខាង​វិញ្ញាណ​របស់​អ្ន​ក​ជឿ​ដែល​នាំ​ទៅ​រក​ស្ថាន​សួគ៌ បាន​សង់​គ្រឹះ​យ៉ាង​មាំ​នៅ​លើ​ព្រះ​ជា​ម្ចាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ចេះ​បត់​បែន​តាម​របៀប​ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​ការ យើង​អាច​ឆ្ល​ង​កាត់​បញ្ហា​បាន។ នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង យើង​យល់​ច្រឡំ​ដោយ​ផ្លាស់​ប្តូ​រ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​ជា​ម្ចាស់ មក​មើល​កាលៈ​ទេសៈ​ឈឺ​ចាប់​វិញ ។ យើង​គួរ​តែ​អធិស្ឋាន​បែប​នេះ​វិញ៖ «ព្រះ​អង្គ​អើយ ខ្ញុំ​មិន​យល់​សោះ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ឈឺចាប់​កើត​ឡើង​ ចំពោះ​រូប​ខ្ញុំ តែ​ខ្ញុំ​ទុក​ចិត្ត​ថា ទ្រង់​អាច​រំដោះ​ខ្ញុំ​ចេញ​ពី​បញ្ហា​បាន ទោះ​ជា​បញ្ហា​នៅ​ជុំ​ជិត​ខ្ញុំ​ក៏​ដោយ»។ អ្នក​និពន្ធ​គម្ពី​រទំ​នុក​ដំកើង​បាន​សរសេរ​ថា៖ «ព្រលឹង​ទូល​បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់...ដរាប​ដល់​សេចក្តី​អន្ត​រាយ​ទាំង​នេះ​បាន​បាត់​ទៅ»​(ទំនុក​ដំកើង ៥៧:១)។

ពេល​ផែន​ដី​រំកិល​នៅ​ក្រោម​យើង ចូរ​យើង​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ ប៉ុន្តែ​ចូរ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ និង​ការ​ថែ​ទាំ​ដែល​គ្មាន​កា​រប្រែ​ប្រួល​របស់​ព្រះ​ជាម្ចាស់​វិញ Dennis Fisher ។

រឿងនិទានពីរក្នុងទីក្រុងតែមួយ

បទ​គម្ពីរ​យ៉ូណាស​អាច​ដក​ស្រង់​ចេញ​ខ្សែ​វីដេអូ​មួយ​រឿង​បាន។ សាច់​រឿង​នេះ​ស្តី​អំពី​ហោរា​ម្នាក់​រត់​គេច​ពី​ព្រះ​ជា​ម្ចាស់ រួច​ត្រូវ​ព្យុះ​បក់​បោក​ប៉ះ ហើយ​ត្រី​ធំ​ក៏​លេប​គាត់​ចូល​ក្នុ​ងពោះ​ទៀត តែ​ព្រះ​ជា​ម្ចាស់​បាន​ទុក​ជីវិត​គាត់ គាត់​នាំ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​មួយ​ប្រែ​ចិត្ត។

តែ​​សាច់​​រឿង​​បន្ត​​ទៀ​ត​​នៅ​​ក្នុង​​គម្ពីរ​​ណា​ហ៊ុម មិន​​សូវ​​មាន​​គេ​​ស្គាល់​​ទេ។ លោក​ណា​ហ៊ុម​បំពេញ​ព័ន្ធ​កិច្ច​នៅ​ក្រុង​នីនីវ៉េ​ គឺ​ដូច​ជា​លោក​យ៉ូណាស​ដែរ ប្រហែល​ជា​១០០​ឆ្នាំ​ក្រោយ​មក។ ពេល​នោះ​ប្រជាជន​ក្រុង​នីនីវ៉េ​មិន​ខ្វល់​ពី​ការ​ប្រែ​ចិត្ត​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​ណា​ហ៊ុម​បាន​ថ្កោល​ទោស​ពួក​គេ ហើយ​ប្រកាស​ពី​ការ​ជំនុំ​ជំរះទី​​ក្រុង​នោះ។

ចំពោះ​អ្នក​ក្រុង​ដែល​មិន​ប្រែ​ចិត្ត លោក​ប្រកាស​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ​លែង​ទោស​របស់​មនុស្ស​ឡើយ» (ណាហ៊ុម ១:៣)។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ក៏​លោក​បាន​ប្រកាស​ព្រះ​រាជ​សារ​ពេញ​ដោយ​ក្តី​មេត្តា។ ដើម្បី​លួង​លោម​ចិត្ត​ជន​ជាតិ​យូដា លោក​បាន​ប្រកាស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រ​ង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ​មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទីពឹង​ផ្អែក» (ណាហ៊ុម១​:៧)។

តាម​រយៈ​រឿង​របស់​លោក​យ៉ូណាស និង​ណាហ៊ុម យើង​បាន​ឃើញ​មនុស្ស​ជំនាន់​ថ្មី​កើត​ឡើង ហើយ​ពួក​គេ​បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ជីវិត​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​មិន​អាច​ផ្ទេរ​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ទេ យើង​ត្រូវ​តែ​ជ្រើស​រើស​បម្រើ​ព្រះ​ជា​ម្ចាស់​ចេញ​ពី​ដួង​ចិត្ត​យើង​ផ្ទាល់។ ព្រះ​បន្ទូល​ទ្រង់​នៅ​តែ​ថ្មី​ស្រស់​នៅ​ថ្ងៃ​នេះ ដូច​ជា​រាប់​រយ​ឆ្នំា​មុន​ដែរ ដូច​ជា​ការ​ជំនុំ​ជំរះ​ពួក​មនុស្ស​មិន​ប្រែ​ចិត្ត តែ​ទ្រង់​មាន​ក្តី​មេត្តា​ចំពោះ​ពួក​មនុស្ស​ប្រែ​ចិត្ត។ តែ​អ្នក​នឹង​រើស​យក​មួយ​ណា? Dennis Fisher