មានអារម្មណ៍ថា ជាប់ច្រវ៉ាក់ឬ?
លោកបូអ៊ីសៀស(Boethius) ជាអ្នកនយោបាយដ៏ស្ទាត់ជំនាញម្នាក់ ដែលធ្វើការងាររាជការ នៅប្រទេសអ៊ីតាលី ក្នុងសតវត្សរ៍ទី៦។ តែគួរឲ្យស្តាយណាស់ ដែលគាត់បានធ្វើឲ្យស្តេចមិនគាប់ព្រះទ័យ។ គេបានចោទប្រកាន់ថា គាត់ក្បត់ជាតិ ហើយក៏បានចាប់គាត់ដាក់គុក។ ខណៈពេលដែលគាត់កំពុងរង់ចាំការកាត់ទោសប្រហារជីវិត គាត់ក៏បានសុំឲ្យគេយកក្រដាស និងស្លាបប៉ាកកាមក ដើម្បីឲ្យគាត់សរសេរអំពីគំនិតរបស់គាត់។ ក្រោយមក អ្វីដែលគាត់បានសរសេរនៅពេលនោះ ក៏បានក្លាយជាការលើកទឹកចិត្តខាងវិញ្ញាណរហូតមកដល់ពេលសព្វថ្ងៃ។
ពេលដែលលោកបូអ៊ីសៀសកំពុងអង្គុយនៅក្នុងគុក សញ្ជឹងគិតអំពីស្ថានភាពដ៏អស់សង្ឃឹម គាត់ក៏បានឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿលើព្រះគ្រីស្ទ ដោយសរសេររៀបរាប់អំពីទស្សនៈរបស់គាត់ យ៉ាងដូចនេះថា “ក្នុងលោកនេះ គ្មានអ្វីដែលវេទនាទេ។ បើយើងគិតថា យើងវេទនា គឺវេទនាហើយ ហើយបើយើងគិតថា យើងមានអំណរ គឺយើងមានអំណរ។ ក្តីអំណរមានក្នុងស្ថានភាពនីមួយៗ ឲ្យតែយើងមានចិត្តស្កប់ នៅក្នុងស្ថានភាពនោះ”។ ត្រង់ចំណុចនេះ គាត់ដឹងថា យើងអាចសម្រេចចិត្តមានទស្សនៈវិជ្ជមាន ឬអវិជ្ជមាន និងមានការស្កប់ចិត្តឬអត់ នៅក្នុងស្ថានភាពដែលកំពុងប្រែប្រួល។
សាវ័កប៉ុលបានបកស្រាយ អំពីទស្សនៈនេះកាន់តែច្បាស់ថែមទៀតថា ភាពស្កប់ចិត្តដែលយើងមានក្នុងស្ថានភាពនីមួយៗ គឺសំខាន់ជាងស្ថានភាពរបស់យើង។ ពេលដែលគាត់កំពុងជាប់គុក គាត់បានសរសេរក្នុងសំបុត្រថា គាត់បានរៀនឲ្យមានសេចក្តីសន្តោស ឬការស្កប់ចិត្ត ក្នុងស្ថានភាពទាំងអស់(ភីលីព ៤:១១)។ មនុស្សទាំងអស់សុទ្ធតែអាចមានការស្កប់ចិត្ត ព្រោះពួកគេអាចរកឃើញការស្កប់ចិត្ត នៅក្នុងព្រះ ដែលព្រះអង្គមិនចេះប្រែប្រួលឡើយ។
តើអ្នកមានអារម្មណ៍ថា កំពុងជាប់ច្រវ៉ាក់ក្នុងស្ថានភាពដ៏ពិបាកឬទេ? ព្រះអង្គអាចជួយឲ្យអ្នកមានចិត្តស្កប់បាន។ គេអាចរកការស្កប់ចិត្តដ៏ស្ថិតស្ថេរបាន តែនៅក្នុងអង្គព្រះយេស៊ូវប៉ុណ្ណោះ ដ្បិតព្រះវត្តមានព្រះអង្គ “មានសេចក្តីអំណរដ៏ពោរពេញ…
ការមើលថែរដ៏ស្រទន់
លោកម៉ាក(Max) មានកសិដ្ឋានដ៏តូចមួយ សម្រាប់ចិញ្ចឹមសត្វ ជាការកម្សាន្ត។ ថ្មីៗនេះ ពេលគាត់ទៅពិនិត្យមើលសត្វគោ ដែលគាត់ចិញ្ចឹម គាត់មានការភ្ញាក់ផ្អើលណាស់ ពេលបានឃើញកូនគោមួយក្បាលទើបកើត។ ពេលគាត់ទិញគោមួយហ្វូងមកចិញ្ចឹម គាត់មិនដឹងថា មានគោមួយក្បាលផើមទេ។ តែគួរឲ្យស្តាយណាស់ បន្ទាប់ពីកូនគោកើតមិនទាន់បានប៉ុន្មានផង មេគោនោះក៏បានឈឺស្លាប់។ ភ្លាមនោះ លោកម៉ាកក៏បានទិញម្សៅទឹកដោះគោលាយទឹកច្រកក្នុងដប ឲ្យកូនគោនោះបៅ។ គាត់ក៏បានប្រាប់ខ្ញុំថា “កូនគោនោះ វាគិតថា ខ្ញុំជាមេវា!”
ពេលខ្ញុំបានស្តាប់រឿងដែលលោកម៉ាកចិញ្ចឹមកូនគោ ខ្ញុំក៏បាននឹកចាំ អំពីការដែលសាវ័កប៉ុលមើលថែរពួកជំនុំនៅក្រុងថែស្សាឡូនិច ដោយប្រដូចខ្លួនគាត់ ទៅនឹងម្តាយដែលចិញ្ចឹមកូន។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។
សាវ័កប៉ុលមានអាកប្បកិរិយ៉ាជាអ្នកចិញ្ចឹមបីបាច់កូន ពេលគាត់បង្រៀនអ្នកដទៃ។ គាត់ដឹងថា អ្នកជឿព្រះត្រូវការ “ទឹកដោះនៃព្រះបន្ទូល” ដើម្បីលូតលាស់ខាងវិញ្ញាណ(១ពេត្រុស ២:២)។ តែគាត់ក៏បានផ្តល់ការយកចិត្តទុកដាក់ជាពិសេស ចំពោះការខ្វះខាតរបស់ពួកគេផងដែរ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់”(១ថែស្សាឡូនិច ២:១១-១២)។
ពេលយើងបម្រើគ្នាទៅវិញទៅមក យើងអាចបម្រើ តាមគំរូនៃការមើលថែរដ៏ស្រទន់របស់ព្រះសង្រ្គោះនៃយើង ដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរជីវិតខាងវិញ្ញាណរបស់យើង(ហេព្រើ ១០:២៤)។-Dennis Fisher
ហាមបំពាន
លោកហ៊ីប៉ូក្រាធី(Hippocrates) ជាគ្រូពេទ្យរបស់ជនជាតិក្រិកសម័យបុរាណ។ មានមនុស្សជាច្រើនបានចាត់ទុកគាត់ ជាបិតានៃពេទ្យរបស់បច្ចឹមប្រទេស។ គាត់បានយល់អំពីសារៈសំខាន់នៃការអនុវត្តតាមក្រមសីលធម៌ នៅក្នុងការប្រើជំនាញពេទ្យ ហើយគេបានទទួលស្គាល់គាត់ នៅក្នុងការនិពន្ធ សៀវភៅដែលមានចំណងជើងថា ការធ្វើសច្ចាប្រណិធាណតាមបែបហ៊ីប៉ូក្រាទី ដែលនៅតែបានធ្វើជាលំនាំនៃក្រមសីលធម៌ សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ក្នុងសម័យបច្ចុប្បន្ន។ គន្លឹះសំខាន់នៃការធ្វើសច្ចាប្រណិធាណនោះ គឺ “មិនត្រូវធ្វើបំពាន”។ មានន័យថា គ្រូពេទ្យត្រូវធ្វើតែការអ្វី ដែលគាត់គិតថា មានប្រយោជន៍ចំពោះអ្នកជម្ងឺ។
យើងក៏អាចយកគោលការណ៍នៃការមិនធ្វើបំពាន មកប្រើនៅក្នុងទំនាក់ទំនង ជាមួយអ្នកដទៃ ក្នុងការរស់នៅជាប្រចាំថ្ងៃផងដែរ។ តាមពិតភាពសប្បុរសជាចំណុចស្នូល នៃការបង្រៀនក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីការស្រឡាញ់អ្នកដទៃ។ សាវ័កប៉ុលដឹងថា ក្រឹត្យវិន័យនីមួយៗសុទ្ធតែបង្កប់សេចក្តីស្រឡាញ់របស់ព្រះ ដូចនេះ សេចក្តីស្រឡាញ់បានឆ្លុះបញ្ចាំង អំពីក្រឹត្យវិន័យរបស់ព្រះ។ ហេតុនេះហើយបានជាគាត់មានប្រសាសន៍ថា “សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ ជាកិច្ចសម្រេចតាមក្រឹត្យវិន័យហើយ”(រ៉ូម ១៣:១០)។
ជារៀងរាល់ថ្ងៃ ពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះនៃយើង យើងតែងតែត្រូវធ្វើការសម្រេចចិត្ត ដែលអាចប៉ះពាល់ដល់ជីវិតអ្នកដទៃ។ ពេលយើងសម្រេចចិត្តធ្វើអ្វីមួយ ហើយគួរតែសួរខ្លួនឯងថា “តើការនេះ ឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ ដែលព្រះគ្រីស្ទមានចំពោះមនុស្សទាំងឡាយឬទេ តើខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឬ?” ការចេះគិតបានវែងឆ្ងាយយ៉ាងដូចនេះ បង្ហាញឲ្យគេឃើញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលតែងតែសព្វព្រះទ័យនឹងប្រោសមនុស្សដែលជួបការឈឺចាប់ និងជួយដល់អ្នកដែលត្រូវការជំនួយ។-Dennis Fisher
ពន្លឺនៃកូនចៀម
មនុស្សបានប្រើពន្លឺថ្ងៃ និងពន្លឺព្រះច័ន្ទ ដើម្បីបំភ្លឺនៅពេលថ្ងៃ និងពេលយប់ អស់ជាច្រើនជំនាន់រាប់មិនអស់។ ពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវនៅពេលយប់ រីឯពន្លឺថ្ងៃផ្តល់កំារស្មី ដែលផ្តល់ជីវិតដល់រុក្ខជាតិហូបផ្លែ និងផ្តល់ជីវជាតិដែលរូបកាយយើងត្រូវការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួមព្រះបានប្រទានពន្លឺដ៏អស្ចារ្យ តាមរយៈតួពន្លឺទាំងពីរនេះ។ យ៉ាងណាមិញ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះទ្រង់ “ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់”(លោកុប្បត្តិ ១:១៦)។
ប៉ុន្តែ ថ្ងៃណាមួយ ព្រះអង្គនឹងប្រទាននូវពន្លឺមួយប្រភេទទៀត ដល់មនុស្សជាតិ។ សាវ័កយ៉ូហានបានកត់ទុកក្នុងកណ្ឌវិវរណៈថា ទីក្រុងនៅយេរូសាឡិមថ្មី “មិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទសម្រាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(វិវរណៈ ២១:២៣)។ ពាក្យ “ពន្លឺ” ដែលបានប្រើក្នុងបទគម្ពីរនេះ គឺប្រៀបបាននឹងចង្កៀងដ៏ធំមួយ។ ព្រះគ្រីស្ទដែលមានពេញដោយសិរីល្អ នឹងបានធ្វើជាចង្កៀងខាងវិញ្ញាណ ដែលបំភ្លឺផែនដីថ្មីដែលមានពេញដោយអំណរ។
ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា“កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ ព្រះអង្គជាប្រភពនៃពន្លឺខាងវិញ្ញាណ ដែលធ្វើឲ្យអ្នកដើរតាមព្រះអង្គ ក្លាយជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអង្គនឹងក្លាយជាចង្កៀងបំភ្លឺផ្លូវយើង អស់កល្បជានិច្ច(វិវរណៈ ២១:២៣)។ តើយើងនឹងមានចិត្តរំភើបយ៉ាងណា ដែលនឹងបានរស់នៅក្នុងពន្លឺនៃកូនចៀមនៃព្រះ!-Dennis Fisher
បន្ទប់ និងតុ
ពេលខ្ញុំនិងភរិយារបស់ខ្ញុំទៅលេងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ យើងបានទៅមើលផ្ទះស្បូវរបស់អ្នកស្រីហាថាវេយ ក្នុងតំបន់ស្រ្តែតហ្វ៊ត អាប់ផុន អាវ៉ុន។ ផ្ទះស្បូវនោះមានចំណាស់ជាង៤០០ឆ្នាំ ហើយវាជាផ្ទះដែលភរិយារបស់លោកវីលៀម សេកស្ពៀរ(William Shakespeare) ដែលជាអ្នកនិពន្ធដ៏ល្បី បាននៅកាលពីក្មេង។ អ្នកនាំភ្ញៀវបានបង្ហាញតុមួយ ធ្វើពីបន្ទះឈើដ៏ធំមួយ។ គេប្រើផ្នែកម្ខាងរបស់តុនេះ សម្រាប់ញាំអាហារ ហើយម្ខាងទៀតសម្រាប់កាត់អាហារ។ ក្នុងជីវភាពរបស់ជនជាតិអង់គ្លេស គេបានបង្កើតឃ្លាប្លែកៗថ្មីៗ ដោយផ្សំជាមួយពាក្យតុ ដែលពាក្យនេះទាក់ទងនឹងអាហារ ការស្នាក់នៅ ភាពស្មោះត្រង់ និងអំណាច។ ឧទាហរណ៍ ភោជនាល័យជាកន្លែងដែលគេផ្តល់ឲ្យនូវ “បន្ទប់ និងតុ” ដែលមានន័យថា កន្លែងស្នាក់នៅនោះផ្តល់កន្លែងគេង និងអាហារដល់ភ្ញៀវ។ នៅតាមតៀមស្រា ដែលមានភ្ញៀវលេងបៀរ គេតម្រូវឲ្យអ្នកលេង “ដាក់ដៃលើតុ” ដើម្បីបង្ហាញថាពួកគេមិនបន្លំទេ។ នៅផ្ទះវិញ គេឲ្យឪពុកអង្គុយនៅកន្លែងពិសេស នៅតុអាហារ ដែលគេហៅគាត់ថា “មេតុ”។
ការនេះបានធ្វើឲ្យខ្ញុំនឹងចាំថា ព្រះយេស៊ូវជា “កន្លែងស្នាក់នៅ និងផ្តល់អាហារ” ដល់យើង។ ព្រះអង្គជាប្រភពនៃអាហារខាងវិញ្ញាណរបស់យើង(យ៉ូហាន ៦:៣៥,៥៤) ព្រះអង្គប្រទានកម្លាំងឲ្យយើងរស់នៅ ដោយក្តីស្រឡាញ់(១៤:២១) ព្រះអង្គជាម្ចាស់ ដែលពេញដោយក្តីស្រឡាញ់(ភីលីព ២:១១) ហើយសព្វថ្ងៃនេះ ព្រះអង្គកំពុងរៀបចំផ្ទះដ៏អស់កល្បជានិច្ច ទុកឲ្យយើង។ ព្រះអង្គបានសន្យាថា “ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:២ និង១៤:១-៤,២៣)។…
ដំណើរជីវិតរបស់កញ្ញាយ័រឌីន
កញ្ញាយ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បានពិការភ្នែកពីកំណើត។ ប៉ុន្តែ គាត់នៅតែអាចរស់នៅក្នុងជីវិតដែលពេញលេញ និងមានផ្លែផ្កា ទោះបីជាគាត់មានបញ្ហានេះក៏ដោយ។ មានខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា តើអ្នកអាចមើលឃើញដូចខ្ញុំទេ? ខ្សែភាពយន្តឯកសារនេះបាននិយាយអំពីដំណើរជីវិតរបស់គាត់។ គាត់ជាសិស្សពូកែ នៅសាលារៀន ហើយគាត់ចូលចិត្តជិះកង់ និងជិះស្គីចុះជម្រាល ដោយមានជំនួយបន្តិចបន្តួចប៉ុណ្ណោះ។
កញ្ញាយ័រឌីនបានមានប្រសាសន៍ អំពីភាពពិការភ្នែករបស់ខ្លួនថា “ខ្ញុំស្ម័គ្រចិត្តបន្តរស់នៅជាជនពិការភ្នែក។ ខ្ញុំយល់ថា ព្រះបានបង្កើតមនុស្សយើងម្នាក់ៗមក ឲ្យមានលក្ខណៈខុសៗគ្នាដោយមានហេតុផលរបស់ទ្រង់ … ហើយខ្ញុំយល់ថា ភាពពិការភ្នែករបស់ខ្ញុំ ជាផ្នែកមួយនៃកិច្ចការដែលខ្ញុំនឹងធ្វើ ក្នុងជីវិតរបស់ខ្ញុំ”។ សព្វថ្ងៃនេះ គាត់ជានិស្សិតសកលវិទ្យាល័យ ផ្នែកបច្ចេកវិទ្យាកំព្យូទ័រ។ គាត់មានក្តីស្រមៃ ចង់ជួយក្នុងការអភិវឌ្ឍន៍កម្មវិធីកំព្យូទ័រថ្មីមួយ ដែលនឹងជួយដល់ជនពិបាកភ្នែកទាំងឡាយ។
តើកញ្ញាយ័រឌីន អាចបន្តមានគំនិតវិជ្ជមាន ចំពោះការរស់នៅ ដោយរបៀបណា? ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ គាត់បានយល់ថា ព្រះគ្រប់គ្រងកាលៈទេសៈទាំងអស់ នៃជីវិតរបស់គាត់។ ការនេះបាននាំឲ្យគាត់មានជំនឿចិត្ត ក្នុងការស្វែករកឱកាស ដែលអ្នកខ្លះប្រហែលជាមិនជឿថា គាត់អាចធ្វើបានឡើយ។
ជាការពិតណាស់ ខ្សែជីវិតរបស់កញ្ញាយ័រឌីន បានឆ្លុះបញ្ចាំងអំពីសេចក្តីពិត ក្នុងបទគម្ពីរភីលីព ដែលបានចែងថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកំឡាំងដល់ខ្ញុំ”(៤:១៣)។ ទោះបីជាយើងមានចំណុចខ្លាំង ឬខ្សោយយ៉ាងណាក៏ដោយ ក៏ព្រះហស្តនៃការផ្គត់ផ្គង់របស់ព្រះ នៅតែអាចប្រទានដល់យើង នូវការអ្វីដែលយើងត្រូវការ ដើម្បីនាំឲ្យមានការផ្លាស់ប្រែថ្វាយព្រះអង្គ ក្នុងលោកិយ។…
សម្រាកកាយ
កាលពីពេលកន្លងទៅ ខ្ញុំមានបញ្ហាសុខភាពផ្លូវកាយ។ ខ្ញុំមានការឈឺចាប់ នៅត្រង់ស្នា និងដៃខាងឆ្វេង ហើយមានស្នាមកន្ទួលនៅកំភួនដី និងមេដៃ ដែលឈឺ ពេលខ្ញុំប៉ះវា។ មិនតែប៉ុណ្ណោះ ខ្ញុំមានការហត់នឿយជារៀងរាល់ថ្ងៃទៀត។ ទីបំផុត ខ្ញុំក៏បានទៅជួបគ្រូពេទ្យ ហើយក៏បានដឹងថា ខ្ញុំបានកើតរើម។ គ្រូពេទ្យក៏បានឲ្យខ្ញុំញាំថ្នាំប្រឆាំងនឹងមេរោគ ហើយប្រាប់ខ្ញុំថា បីបួនសប្តាហ៍ទៀត ជម្ងឺនេះនឹងជាសះស្បើយហើយ។
ដោយសារតែជម្ងឺនេះ ខ្ញុំត្រូវមានទម្លាប់ថ្មីមួយទៀត គឺត្រូវគេងមួយស្របក់នៅពេលព្រឹក និងនៅពេលរសៀល ដើម្បីឲ្យខ្ញុំមានកម្លាំងធ្វើការ។ ដូចនេះទំរាំតែខ្ញុំជាសះស្បើយ ខ្ញុំត្រូវរៀនឈប់សម្រាកមួយរយៈ។
មានពេលមួយ ព្រះយេស៊ូវបានចាត់ពួកសិស្សរបស់ព្រះអង្គ ឲ្យចេញបង្រៀនគេ ដោយនូវព្រះនាមព្រះអង្គ។ ពេលនោះ ពួកគេមានចិត្តរំភើប នឹងការអ្វីដែលពួកគេបានធ្វើណាស់ បានជាពួកគេភ្លេចញាំអាហារ និងសម្រាកឲ្យបានត្រឹមត្រូវ។ ពេលព្រះអង្គត្រឡប់មកវិញ ព្រះអង្គក៏បានប្រាប់ពួកគេថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សម្រាកបន្តិចសិន”(ម៉ាកុស ៦:៣១)។
មនុស្សម្នាក់ៗត្រូវការការសម្រាក ហើយបើសិនជាយើងធ្វើការយូរពេក ដោយគ្មានការសម្រាកទេ យើងនឹងមានបញ្ហាទាំងខាងរូបកាយ និងខាងផ្លូវអារម្មណ៍។ ហើយយើងក៏មិនអាចបំពេញមុខនាទី តាមការទទួលខុសត្រូវបានល្អឡើយ។ តើព្រះអម្ចាស់កំពុងលើកទឹកចិត្តអ្នក ឲ្យ “ទៅរកកន្លែងស្ងាត់ ដើម្បីសម្រាកមួយរយៈពេលសិនឬទេ”? ជួនកាល ការឈប់សម្រាកពីរបីដង ដើម្បីសម្រាកជាមួយព្រះអង្គ អាចមានការចាំបាច់ចំពោះយើងណាស់។-Dennis Fisher
ការរត់ដល់ទី
ពេលដែលលោកចេហ្វ(Jeff) បានដឹងថា សុខភាពរបស់ម្តាយគាត់កំពុងតែមានការចុះខ្សោយយ៉ាងឆាប់រហ័ស គាត់ក៏បានប្រញាប់ជិះយន្តហោះ ទៅនៅក្បែរម្តាយគាត់។ គាត់បានអង្គុយនៅក្បែរចំហៀងគ្រែ ដោយកាន់ដៃម្តាយគាត់ ដោយច្រៀងចម្រៀងទំនុកដំកើង លើកទឹកចិត្ត និងបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកម្តាយ។ ម្តាយគាត់ក៏បានលាចាកលោកទៅ ហើយនៅក្នុងពីធីបុណ្យសព មានមនុស្សជាច្រើនបានប្រាប់លោកចេហ្វថា ម្តាយរបស់គាត់ជាព្រះពរ ដែលមកពីព្រះ។ ម្តាយគាត់មានអំណោយទាន ក្នុងការបង្រៀនព្រះគម្ពីរ ប្រឹក្សាផ្លូវចិត្តដល់អ្នកដទៃ ហើយដឹកនាំក្រុមអធិស្ឋាន។ កិច្ចការទាំងនេះ ជាផ្នែកដ៏សំខាន់នៃការបម្រើព្រះគ្រីស្ទ រហូតជិតដល់ចុងបញ្ចប់នៃជីវិតគាត់។ គាត់បានបញ្ចប់ការរត់ប្រណាំង បានយ៉ាងល្អ ថ្វាយព្រះគ្រីស្ទ។
ដើម្បីជាការគោរពចំពោះជីវិតរបស់ម្តាយគាត់ លោកចេហ្វបានចូលរួម ក្នុងការរត់ប្រណាំងម៉ារ៉ាតុន ចម្ងាយ៤៥គីឡូម៉ែត្រ។ ក្នុងអំឡុងពេលនៃការរត់ប្រណាំងនេះ គាត់បានអរព្រះគុណព្រះ ដែលបានប្រទានជីវិតឲ្យម្តាយគាត់ ហើយបានកាន់ទុក្ខចំពោះការបាត់បង់ម្តាយគាត់។ ពេលគាត់រត់ដល់ទី លោកចេហ្វក៏បានចង្អុលទៅលើមេឃ។ គាត់ថា គាត់កំពុងចង្អុលទៅ “កន្លែងដែលម្តាយគាត់កំពុងរស់នៅ”។ ម្តាយរបស់គាត់បានថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ ដល់ទីបញ្ចប់ ដែលការនេះបានរំឭកគាត់ អំពីពាក្យរបស់សាវ័កប៉ុល ដែលបានមានប្រសាសន៍ថា “ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ”(២ធីម៉ូថេ ៤:៧-៨)។
យើងកំពុងតែចូលរួម នៅក្នុង “ការរត់ប្រណាំចម្ងាយឆ្ងាយ” ខាងវិញ្ញាណ។ ចូរយើងរត់ តាមបែបដែលនាំឲ្យបានរង្វាន់ “ដែលជាភួងជ័យ ដែលមិនចេះពុករលួយ”(១កូរិនថូស…
យឺតពេក
ពេលខ្ញុំបង្រៀននិស្សិតឆ្នាំទី១ ក្នុងថ្នាក់សំណេរមហាវិទ្យាល័យ ជាញឹកញាប់ ខ្ញុំច្រើនតែប្រាប់ពួកគេ ឲ្យខិតខំសរសេរតែងសេចក្តីជាច្រើន ដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ដើម្បីឲ្យអាចរៀនជាប់។ ប៉ុន្តែ នៅក្នុងឆមាសស្ទើរតែទាំងអស់ មានសិស្សខ្លះមិនជឿខ្ញុំទេ។ ពួកគេជាអ្នកដែលផ្ញើអ៊ីមេលទាំងតក់ក្រហល់ បន្ទាប់ពីម៉ោងរៀនចុងក្រោយបានបញ្ចប់ទៅហើយ ដោយរៀបរាប់ប្រាប់ អំពីមូលហេតុដែលពួកគេមិនបានយកចិត្តទុកដាក់ ចំពោះការធ្វើកិច្ចការទាំងនោះ។ ខ្ញុំមិនចង់ទម្លាក់ពួកគេទេ តែខ្ញុំត្រូវតែនិយាយប្រាប់ពួកគេថា “សូមទោស។ ប្អូនយកកិច្ចការមកដាក់យឺតពេក គ្រូមិនអាចឲ្យប្អូនជាប់បានទេ”។
សម្រាប់និស្សិតឆ្នាំទី១ ការរៀនធ្លាក់ ហើយត្រូវខាតថ្លៃសាលាជាច្រើន នាំឲ្យមានផលវិបាកច្រើនណាស់ទៅហើយ។ ប៉ុន្តែ មានការធ្លាក់មួយទៀត ដែលធ្ងន់ធ្ងរជាងនេះទៀត ហើយក៏ស្ថិតស្ថេរជារហូតផង ដែលមនុស្សជួបនៅចុងបញ្ចប់នៃជីវិត បើសិនជាពួកគេមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហានៃអំពើបាប ដែលត្រូវដោះស្រាយជាមួយព្រះ ឲ្យទាន់ពេលវេលាទេនោះ។ ក្នុងករណីនេះ បើសិនជាមនុស្សស្លាប់ទៅ ដោយមិនបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះទេ ពួកគេត្រូវធ្លាក់ចូលទៅក្នុងសេចក្តីហិនវិនាសអស់កល្បជានិច្ច។
តើយើងនឹងមានការតក់ស្លត់យ៉ាងណា ពេលដែលបានឈរនៅចំពោះព្រះអង្គ នៅគ្រាចុងក្រោយ ហើយឮព្រះអង្គមានបន្ទូលថា “អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ!”(ម៉ាថាយ ៧:២៣)។ អ្នកនិពន្ធព្រះគម្ពីរហេព្រើ បានដាស់តឿនយើង ឲ្យ “ឈោងឲ្យដល់”(៤:១) ការសម្រាកអស់កល្បជានិច្ច ដែលព្រះបានប្រទាន។ ដំណឹងល្អនោះគឺថា អ្នកដែលនៅមានជីវិត គឺមិនទាន់យឺតពេលទេ។ សព្វថ្ងៃនេះ ព្រះយេស៊ូវបានប្រទានសេចក្តីសង្រ្គោះ និងការអត់ទោសបាបដោយឥតគិតថ្លៃ…
ការបើកបរនៅខាងឆ្វេងដៃ
ខ្ញុំបានធំពេញវ័យ នៅសហរដ្ឋអាមេរិក ដែលនៅទីនោះ គេបើកបរប្រកាន់ខាងស្តាំដៃ ហេតុនេះហើយខ្ញុំមានការចាប់អារម្មណ៍ចំពោះប្រទេសមួយចំនួន ដែលគេប្រកាន់យកការបើកបរខាងឆ្វេងដៃ។ បន្ទាប់មក ពេលខ្ញុំបានទៅប្រទេសអង់គ្លេស ខ្ញុំបានឮអ្នកនាំភ្ញៀវទេសចរណ៍ម្នាក់ នៅទីក្រុងឡុង ពន្យល់អំពីមូលហេតុដែលប្រទេសអង់គ្លេសមានច្បាប់ ឲ្យបើកបរប្រកាន់ខាងឆ្វេងដៃ។ គាត់ថា “កាលពីទសវត្សរ៍ឆ្នាំ១៨០០ ទាំងអ្នកថ្មើជើង និងអ្នកបរទេះសេះ បានប្រើប្រាស់ផ្លូវថ្នល់រួមគ្នា។ ពេលដែលរទេះសេះកំពុងធ្វើចរាចរណ៍នៅខាងស្តាំដៃ អ្នកបរទេះនោះតែងតែយកមោងវាយសេះជាធម្មតា ហើយជួនកាលក៏វាយប៉ះត្រូវអ្នកដើរ ដែលនៅក្បែរនោះ។ ដើម្បីដោះស្រាយបញ្ហានេះ គេក៏បានចេញច្បាប់ តម្រូវឲ្យរទេះសេះទាំងអស់ធ្វើចរាចរណ៍ តាមផ្លូវថ្នល់ នៅខាងឆ្វេងដៃ ដើម្បីកុំឲ្យប៉ះពាល់អ្នកថ្មើរជើងទៀត”។
ច្បាប់ចរាចរណ៍នេះ គឺសម្រាប់ជាប្រយោជន៍ និងជាការការពារដល់អ្នកដំណើរទាំងឡាយ ដូចនេះ ព្រះរាជបញ្ជារបស់ព្រះអម្ចាស់ក៏សម្រាប់ជាប្រយោជន៍ និងការការពារយើងផងដែរ។ ដោយសារព្រះអង្គស្រឡាញ់យើង នោះព្រះអង្គបានប្រទានក្រឹត្យវិន័យមក ដើម្បីជាប្រយោជន៍យើង។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា “បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ ដ្បិតក្រឹត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»”(កាឡាទី ៥:១៣-១៤)។
ពេលដែលយើងអនុវត្តតាមព្រះបន្ទូលព្រះ សូមយើងចាំថា ព្រះគុណព្រះ បានប្រទាននូវការណែនាំ ដើម្បីជួយឲ្យយើងលូតលាស់ ដោយស្រឡាញ់ព្រះអង្គ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ កាន់តែខ្លាំង។-Dennis Fisher