គ្មាននរណាម្នាក់ដែលមិនសំខាន់ចំពោះទ្រង់
មានពេលមួយ មានស្ត្រីជាម្តាយមួយចំនួន ដែលមានកូនតូចៗ កំពុងចែកចាយដល់គ្នាទៅវិញទៅមក អំពីការឆ្លើយតប ដែលព្រះទ្រង់មានចំពោះការអធិស្ឋានរបស់ពួកគេ ដែលការនេះបានលើកទឹកចិត្តយ៉ាងខ្លាំង។ តែមានស្ត្រីម្នាក់បាននិយាយថា គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាមានចិត្តអាត្មានិយម ដោយសារគាត់បានសូមឲ្យព្រះទ្រង់បំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនរបស់គាត់ ខណៈពេលដែលមានមនុស្សជាច្រើនទៀត ដែលទ្រង់កំពុងជួយ។ គាត់ពន្យល់ថា បើធៀបបញ្ហាដ៏តូចរបស់គាត់ នឹងបញ្ហាដ៏ធំរបស់ពិភពលោកដែលព្រះទ្រង់កំពុងជួបប្រទះ បញ្ហារបស់គាត់ហាក់ដូចជាមិនសំខាន់ចំពោះទ្រង់ទេ។
មួយសន្ទុះក្រោយមក កូនប្រុសដ៏តូចរបស់គាត់ ស្រាប់តែកៀបដៃនឹងទ្វារ បានជាវារត់ ទាំងស្រែកយំ មករកម្តាយវា។ ពេលនោះ គេប្រហែលស្មានថា គាត់នឹងស្តីបន្ទោសថា “កូនឯងអាត្មានិយមម្ល៉េះ បានជាមករំខានម៉ាក់ ដោយសាររឿងកៀបដៃនឹងទ្វារ។ ដឹងអត់ថា ម៉ាក់កំពុងរវល់អត់?” តែគាត់មិនបាននិយាយដូចនេះទេ ផ្ទុយទៅវិញ គាត់បានបង្ហាញនូវការអាណិត និងចិត្តសុភាពយ៉ាងខ្លាំង។
ដូចនេះ គាត់បានឆ្លើយតប ដោយក្តីស្រឡាញ់ តាមបែបមនុស្ស ក៏ដូចជាតាមគំរូរបស់ព្រះ គឺដូចដែលបទគម្ពីរទំនុកដំកើង ១០៣:១៣ បានរំឭកយើងយ៉ាងច្បាស់។ ក្នុងបទគម្ពីរ អេសាយ ជំពូក៤៩ ព្រះទ្រង់មានបន្ទូលថា ទោះម្តាយអាចភ្លេចបង្ហាញក្តីអាណិតចំពោះកូនខ្លួនក៏ដោយ ក៏ព្រះអម្ចាស់មិនដែលភ្លេចកូនរបស់ទ្រង់ឡើយ(ខ.១៥)។ ព្រះទ្រង់បានធានារាស្ត្រទ្រង់ថា ទ្រង់បានចារឹកពួកគេ ទុកនៅផ្ទៃបាតដៃរបស់ទ្រង់ហើយ”(ខ.១៦)។
អ្នកដែលមានការប្រកបស្និទ្ធស្នាលជាមួយព្រះ ជាអ្នកដែលកោតខ្លាចទ្រង់ ហើយពឹងផ្អែកលើទ្រង់ ជាជាងពឹងផ្អែកលើខ្លួនឯង។ យើងអាចរត់ទៅរកទ្រង់ ពេលជួបបញ្ហាជារៀងរាល់ថ្ងៃ គឺមិនខុសពីកូនតូចដែលកៀបដៃនឹងទ្វារ ដែលបានរត់ទៅរកម្តាយរបស់ខ្លួន…