ការប្តេជ្ញាចិត្ត
ចាប់តាំងពីឆ្នាំ១៩៧៥មក ខ្ញុំមិនដែលបានធ្វើការប្តេជ្ញាចិត្តជាថ្មី សម្រាប់ឆ្នាំថ្មីឡើយ។ ខ្ញុំមិនត្រូវការការប្តេជ្ញាចិត្តជាថ្មីទេ ព្រោះខ្ញុំនៅតែបន្តធ្វើតាមការប្តេជ្ញាចិត្តចាស់ ដែលត្រូវសរសេរកំណត់ហេតុខ្លីៗ យ៉ាងហោចណាស់ឲ្យបានមួយ ជារៀងរាល់ថ្ងៃ ត្រូវខិតខំអានព្រះគម្ពីរ និងអធិស្ឋានឲ្យបានច្រើន ក្នុងថ្ងៃនីមួយៗ ត្រូវរៀបចំពេលវេលា ត្រូវធ្វើឲ្យបន្ទប់របស់ខ្ញុំស្អាតជានិច្ច(មុនពេលខ្ញុំសម្អាតផ្ទះទាំងមូល)។
ទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះ ខ្ញុំបានបន្ថែមការប្តេជ្ញាចិត្តថ្មីមួយទៀត ដែលខ្ញុំបានរកឃើញ ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរទៅកាន់ពួកជំនុំ នៅទីក្រុងរ៉ូមថា “កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ”(រ៉ូម ១៤:១៣)។ ទោះជាគេបានប្រើការប្តេជ្ញាចិត្តមួយនេះ តាំងពីយូរណាស់មកហើយក៏ដោយ(ប្រហែល២ពាន់ឆ្នាំមកហើយ)ក៏យើងគួរតែមានការប្តេជ្ញាចិត្តមួយនេះ ជាថ្មីឡើងវិញ ជារៀងរាល់ពេលដែលឆ្នាំថ្មីមកដល់។ សព្វថ្ងៃនេះ មានគ្រីស្ទបរិស័ទខ្លះបានបង្កើតក្បួនច្បាប់ សម្រាប់ឲ្យអ្នកដទៃអនុវត្តតាម ហើយជំរុញឲ្យគេមានការប្រព្រឹត្ត ឬជំនឿបែបណាមួយដែលមិនមានចែង ឬមានចែងតែបន្តិចបន្តួចក្នុងព្រះគម្ពីរ គឺមិនខុសពីអ្នកជឿព្រះខ្លះ ក្នុងពួកជំនុំ នៅទីក្រុងរ៉ូម កាលពីសម័យមុនឡើយ។ “ថ្មដែលធ្វើឲ្យជំពប់ដួល”នេះ បានបណ្តាលឲ្យអ្នកដើរតាមព្រះយេស៊ូវ មានការពិបាក នៅក្នុងការដើមតាមផ្លូវនៃសេចក្តីជំនឿ ដែលព្រះអង្គបានយាងមកប្រទានឲ្យយើងដឹងថា យើងបានទទួលសេចក្តីសង្រ្គោះ ដោយសារព្រះគុណព្រះ មិនមែនដោយសារការប្រព្រឹត្តល្អឡើយ(កាឡាទី ២:១៦)។ យើងត្រូវជឿថា ព្រះអង្គបានសុគត់ ហើយមានព្រះជន្មឡើងវិញ ដើម្បីលួសយើងឲ្យរួចពីបាប។
យើងអាចអបអរសារទរ ចំពោះដំណឹងល្អនៃព្រះគ្រីស្ទ ក្នុងឆ្នាំថ្មី ដោយប្តេជ្ញាចិត្តថា យើងនឹងមិនធ្វើជាថ្ម ដែលនាំឲ្យអ្នកដទៃជំពប់ដួលឡើយ។-Julie Ackerman Link
ល្អលើសផែនការ
ការរំខាន គឺជាការអ្វីដែលបានកើតឡើងចំពោះមនុស្សយើងជាធម្មតា។ កម្រមានថ្ងៃណា ដែលអ្វីៗមានដំណើរការ តាមផែនការណ៍របស់យើង។ ផែនការរបស់យើងច្រើនតែជួបឧបស័គ្គដែលយើងមិនអាចគ្រប់គ្រងបាន។ យើងជួបឧបស័គ្គច្រើនរាប់មិនអស់ ដែលចេះតែប្រែប្រួលពីមួយទៅមួយជានិច្ច ដូចជា ជម្ងឺ ការប៉ះទង្គិច ការស្ទះចរាចរណ៍ ការភ្លេចភ្លាំង ឧបករណ៍មានបញ្ហា ភាពអសីលធម៌ ភាពកម្ចិល ការខ្វះការអត់ធ្មត់ ការខ្វះសមត្ថភាព។ល។
ទោះបីជាយ៉ាងណាក៏ដោយ ពេលមានបញ្ហា យើងច្រើនតែមើលឃើញតែការលំបាកប៉ុណ្ណោះ គឺមិនបានឃើញប្រយោជន៍របស់វាទេ។ យើងច្រើនតែគិតថា បញ្ហាទាំងនោះ គ្មានប្រយោជន៍អ្វី ក្រៅពីបំបាក់ទឹកចិត្តយើង ធ្វើឲ្យជីវិតយើងកាន់តែពិបាក ហើយរារាំងផែនការរបស់យើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាចប្រើបញ្ហារបស់យើង ដើម្បីការពារយើង មិនឲ្យជួបគ្រោះថ្នាក់ ដែលយើងមើលមិនឃើញ ពុំនោះទេ បញ្ហានោះអាចជាឱកាស ដើម្បីបង្ហាញព្រះគុណ និងការអត់ទោសបាបរបស់ព្រះ។ វាអាចជាការចាប់ផ្តើមនៃការអ្វី ដែលល្អប្រសើរលើសអ្វីដែលយើងបានគ្រោងទុកទៅទៀត។ ទោះបញ្ហានោះជាអ្វីក៏ដោយ ទោះយើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះអង្គឲ្យការទាំងនោះកើតឡើងក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ អំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ គឺដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យកាន់តែដូចព្រះយេស៊ូវ និងដើម្បីពង្រីកនគររបស់ព្រះអង្គ នៅលើផែនដីនេះ។
បើយើងនិយាយថា ការលំបាកដែលបានកើតឡើងចំពោះរាស្រ្តរបស់របស់ព្រះ ក្នុងប្រវត្តិសាស្ត្រ ជាការខាតបង់ ដែលឥតប្រយោជន៍ នោះជាការយល់ច្រឡំហើយ។ ប៉ុន្តែ យើងត្រូវដឹងថា ព្រះអង្គមានគោលបំណង សម្រាប់បញ្ហានីមួយៗ។ ពេលយើងដឹងអំពីការនេះ…
នៅពេលយប់ ដែលគ្មាននរណាមក
នាពេលយប់មួយ ក្នុងរដូវរងា លោកយ៉ូហាន សេបាស្ទាន បាច(Johann Sebastian Bach) ដែលជាអ្នកនិពន្ធបទភ្លេង បានរៀបគម្រោង ទៅធ្វើការប្រគុំបទភ្លេង ដែលគាត់ទើបតែបាននិពន្ធថ្មីៗ ឲ្យគេស្តាប់ជាលើកដំបូង។ ពេលគាត់មកដល់ព្រះវិហារ គាត់រំពឹងថា នឹងមានមនុស្សមកចូលរួមពេញព្រះវិហារ។ តែផ្ទុយទៅវិញ គាត់មិនឃើញមាននរណាម្នាក់មកសោះ។ ដោយមិនបង្អង់យូរ គាត់ក៏បានប្រាប់តន្រ្តីករទំាងឡាយថា ពួកគេនៅតែប្រគុំតន្ត្រី តាមការគ្រោងទុកដដែល។ ពួកគេក៏ចូលកន្លែងរៀងខ្លួន លោកបាចក៏បានលើកចង្កឹះដឹកនាំការប្រគុំតន្រ្តី ហើយមិនយូរប៉ុន្មាន សម្លេងតន្រ្តីដ៏ពិរោះអស្ចារ្យក៏បានលាន់ឡើង ពេញក្នុងព្រះវិហារដ៏ស្ងាត់ជ្រងំ ដែលគ្មានមនុស្សមកចូលរួមនោះ។
រឿងនេះបានបណ្តាលចិត្តខ្ញុំឲ្យឆែកពិនិត្យមើលវិញ្ញាណរបស់ខ្លួនឯងឡើងវិញ។ ខ្ញុំសួរខ្លួនឯងថា បើសិនជាខ្ញុំនិពន្ធសៀវភៅ ហើយមានតែព្រះទេ ដែលនឹងអានសៀវភៅនោះ តើខ្ញុំនឹងនិពន្ធសៀវភៅនោះឬទេ? បើសិនជាដូច្នោះមែន តើការនិពន្ធរបស់ខ្ញុំនឹងមានភាពខុសប្លែកយ៉ាងណា? គេបានណែនាំអ្នកនិពន្ធថ្មីៗ ឲ្យស្រមៃឃើញមនុស្សម្នាក់ ដែលនឹងអានសៀវភៅដែលពួកគេកំពុងសរសេរ ដើម្បីឲ្យពួកគេមានការផ្តោតអារម្មណ៍បានល្អ នៅក្នុងការនិពន្ធ។ ខ្ញុំក៏បានអនុវត្តដូចនេះផងដែរ ពេលដែលខ្ញុំនិពន្ធសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ខ្ញុំព្យាយាមគិតអំពីអ្នកអានសៀវភៅរបស់ខ្ញុំ ព្រោះខ្ញុំចង់សរសេរអំពីសេចក្តីអ្វី ដែលពួកគេនឹងចូលចិត្តអាន និងជាជំនួយសម្រាប់ពួកគេ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញ ស្តេចដាវីឌក៏ជាអ្នកនិពន្ធបទគម្ពីរ សម្រាប់ឲ្យយើងប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ ដែលបានផ្តល់នូវការកម្សាន្តចិត្ត និងលើកទឹកចិត្តយើងផងដែរ។
ខ្ញុំក៏ឆ្ងល់ផងដែរថា តើទ្រង់គិតអំពីនរណា ពេលទ្រង់និពន្ធទំនុកទាំងនោះ។ ជាការពិតណាស់ ពេលនោះ ទ្រង់គិតអំពីព្រះ ដែលសព្វព្រះទ័យនឹងអាន និងស្តាប់សេចក្តីដែលទ្រង់បាននិពន្ធ។…
ការនៅកំដរ
ក្នុងឆ្នាំ២០១២ មានការសម្លាប់រង្គាល ក្នុងសាលារៀនមួយ ក្នុងរដ្ឋខូណែធូខាត់ ដែលបណ្តាលឲ្យកុមារ២០នាក់ និងបុគ្គលិកសាលា៦នាក់បាត់បង់ជីវិត។ ពេលនោះសហរដ្ឋអាមេរិកទាំងមូល មានការតក់ស្លត់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នេះ។ ប្រជាពលរដ្ឋទាំងឡាយបានគិតអំពីសោកនាដកម្មនេះ ហើយមានសំណួរជាច្រើនបានចោទឡើងថា ឃាតករនោះ ជាមនុស្សប្រភេទណា ដែលអាចធ្វើទង្វើដ៏ព្រៃផ្សៃយ៉ាងនេះ ហើយតើគាត់ធ្វើដើម្បីអ្វី? តើយើងអាចធ្វើដូចម្តេច ដើម្បីការពារកុំឲ្យមានហេតុការណ៍ដូចនេះ កើតឡើងទៀត?តើយើងអាចជួយអ្នកដែលបានរួចជីវិត ពីការសម្លាប់រង្គាលនោះដោយរបៀបណាខ្លះ?
ស្ថិតក្នុងពេលដ៏ច្របូកច្របល់នោះ មានក្រុមលើកទឹកចិត្តមួយក្រុម ដែលខុសពីការរំពឹងទុករបស់យើង បាននាំឲ្យមានភាពធូរស្រាលឡើង។ ក្រុមមួយនោះ ជាប្រភេទសត្វឆ្កែប្រម៉ាញ់ដ៏គួរឲ្យស្រឡាញ់ ដែលគេបានបង្វឹកយ៉ាងពិសេស ដែលធ្វើឲ្យមនុស្សមានការស្រឡាញ់ចូលចិត្តពួកវា។ សត្វឆ្កែមិនចេះនិយាយស្តីដូចមនុស្សទេ។ ពួកវាគ្រាន់តែអាចនៅកំដរប៉ុណ្ណោះ។ ក្មេងៗដែលមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារអំពើហឹង្សាដ៏តក់ស្លត់ ដែលបានកើតឡើងនៅថ្ងៃនោះ មិនបានបង្ហាញចេញនូវការភ័យខ្លាច និងអារម្មណ៍ ដល់មនុស្សធំឡើយ ប៉ុន្តែ ពួកគេបានបើកចំហរចិត្តចំពោះសត្វឆ្កែទាំងនោះ ដោយបង្ហាញចេញនូវអារម្មណ៍ទាំងនោះដល់ពួកវា។ ទាក់ទងនឹងបញ្ហានេះ លោកធីម ហេតស៍ន័រ(Tim Hetzner) ដែលជានាយកនៃអង្គការមនុស្សធម៌ពួកជំនុំលូស័ររិន បានមានប្រសាសន៍ថា “ចំណុចសំខាន់បំផុតនៃការបង្វឹកសត្វឆ្កែរទាំងនេះ គឺយើងបង្រៀនពួកវាឲ្យចេះមានភាពស្ងាត់ស្ងៀម ដើម្បីជួយអ្នកដែលកំពុងសោកសង្រេង”។
យ៉ាងណាមិញ ពេលដែលយើងសិក្សាព្រះគម្ពីរយ៉ូប យើងឃើញថា មនុស្សដែលកំពុងសោកសង្រេង មិនតែងតែត្រូវការការលើកទឹកចិត្ត ដោយពាក្យសម្តីជានិច្ចឡើយ។ ជួនកាល ពួកគេគ្រាន់តែត្រូវការនរណាម្នាក់អង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរពួកគេប៉ុណ្ណោះ ដោយរង់ចាំស្តាប់ពាក្យពេចន៍អ្វីដែលពួកគេចង់និយាយចេញ និងឱបពួកគេពេលដែលទុក្ខព្រួយរបស់ពួកគេ ប្រែក្លាយជាការខ្សិបខ្សួល។
មានពេលខ្លះ ព្រះប្រហែលជាមិនធ្វើការអ្វីមួយ ដើម្បីកែប្រែស្ថានភាពដ៏ឈឺចាប់…
ពន្លឺនៃបុណ្យណូអែល
មានប្រជាជន១៣គ្រួសាររស់នៅក្បែរផ្ទះខ្ញុំ។ ជារៀងរាល់ឆ្នាំ ពួកគេតែងតែដាក់ភ្លើងស្តុប៣០ម៉ឺនអំពូល ដែលបញ្ចេញពន្លឺដ៏គួរឲ្យគយគន់ សម្រាប់តាំងលម្អ ក្នុងពិធីបុណ្យណូអែល។ មនុស្សម្នាបានបើកឡានអស់ជាច្រើនគីឡូម៉ែត្រ មកតម្រង់ជួរអស់ជាច្រើនម៉ោង ដើម្បីរង់ចាំមើលភ្លើងពណ៌បញ្ចេញពន្លឺភ្លិបភ្លែត ព្រមទាំងស្តាប់តន្រ្តីដែលគេបានរៀបចំ ឲ្យត្រូវនឹងចង្វាក់ភ្លើងពណ៌នោះ។ ការពិពណ៌ភ្លើងពណ៌ អមដោយបទភ្លេងនេះ មានភាពស្មុគ្រស្មាញណាស់ ព្រោះគេបានតបណ្តាញកំព្យូទ័រចំនួន៦៤គ្រឿង ដើម្បីធ្វើឲ្យអ្វីៗមានភាពស៊ីសង្វាក់គ្នា។
ពេលដែលខ្ញុំគិតអំពីពន្លឺភ្លើង ក្នុងពិធីបុណ្យ ខ្ញុំបាននឹកចាំអំពីពន្លឺ ដែលបានធ្វើឲ្យពីធីបុណ្យណូអែល ក្លាយជាពិធីបុណ្យដែលមនុស្សជាច្រើនបានប្រារព្ធធ្វើ ដែលពន្លឺនោះ ជាដួងពន្លឺតែមួយ ដ៏ភ្លឺចិញ្ចាច ដែលបំភ្លឺលោកិយទាំងមូល ដោយសេចក្តីពិត យុត្តិធម៌ និងសេចក្តីស្រឡាញ់។ ពន្លឺនោះ ជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលលោកិយត្រូវការ និងបានរង់ចាំ(អេសាយ ៩:២,៦-៧)។ ព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គ ឲ្យបញ្ចេញពន្លឺរបស់ព្រះអង្គ ដល់អ្នកដទៃ ដើម្បីឲ្យពួកគេបានឃើញ ហើយថ្វាយសិរីល្អដល់ព្រះ (ម៉ាថាយ ៥:១៦)។
គ្រួសារទាំងឡាយ ដែលជាអ្នកជិតខាងរបស់ខ្ញុំ បានតុបតែងភ្លើងពណ៌បុណ្យណូអែល នៅតាមដងផ្លូវរបស់ពួកគេ តែបើសិនជាគ្រីស្ទបរិស័ទ បានខិតខំធ្វើការបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងរស់នៅស្របតាមពន្លឺនោះ នោះមនុស្សម្នាដែលកំពុងរស់នៅក្នុងភាពងងឹត ប្រហែលជាខំទៅរកពន្លឺដ៏អស្ចារ្យនោះផងដែរហើយ។ ពេលដែលគ្រីស្ទបរិស័ទរួបរួមគ្នាបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ នោះដំណឹងល្អនឹងបញ្ចេញពន្លឺកាន់តែចិញ្ចែងចិញ្ចាច ហើយនាំមនុស្សកាន់តែច្រើន ឲ្យមកឯព្រះយេស៊ូវ ដែលជាពន្លឺនៃលោកិយ។—Julie Ackerman Link
ព្រះកំពុងរង់ចាំ
ក្នុងអំឡុងពេលរដូវកាលបុណ្យណូអែល នៅសហរដ្ឋអាមេរិក មានការជាច្រើន ដែលយើងត្រូវរង់ចាំ។ យើងរង់ចាំធ្វើដំណើរបន្តទៀត ក្នុងពេលកំពុងកកស្ទះចរាចរណ៍។ យើងឈរតម្រង់ជួររង់ចាំទិញអំណោយ សម្រាប់ញាតិមិត្ត។ យើងរង់ចាំក្រុមគ្រួសារយើងមកជុំគ្នា។ យើងរង់ចាំពេលដែលយើងអង្គុយជុំគ្នា ជុំវិញតុដែលមានអាហារដែលយើងចូលចិត្តញាំ។ យើងរង់ចាំបើកប្រអប់អំណោយ ដែលគេបានជ្រើសរើសឲ្យយើង ដោយសេចក្តីស្រឡាញ់។
ការរង់ចាំទាំងអស់នេះ អាចជាការរំឭកដល់គ្រីស្ទបរិស័ទ ទាំងឡាយថា បុណ្យណូអែល ជាពិធីបុណ្យនៃការរង់ចាំព្រះគ្រីស្ទយាងមកម្តងទៀត ដែលការរំឭកនេះសំខាន់ជាងការប្រារព្ធធ្វើពិធីតាមប្រពៃណីទៅទៀត។ យើងកំពុងរង់ចាំព្រះយេស៊ូវយាងមកម្តងទៀត គឺមិនខុសពីពួកអ៊ីស្រាអែលដែលបានរង់ចាំព្រះអង្គ នៅសម័យបុរាណឡើយ។ ទោះបីជាព្រះអង្គបានយាងមក ក្នុងនាមជាព្រះមែស៊ីដែលគេបានរង់ចាំតាំងពីយូរណាស់មកហើយក៏ដោយ ក៏ព្រះអង្គមិនទាន់បានយាងមកដល់ ក្នុងនាមជាអ្នកគ្រប់គ្រងផែនដីទាំងមូលនៅឡើយទេ។ ដូចនេះ សព្វថ្ងៃ យើងរង់ចាំការយាងមកម្តងទៀត នៃព្រះគ្រីស្ទ។
ពិធីបុណ្យណូអែលរំឭកយើងថា ព្រះទ្រង់ក៏រង់ចាំផងដែរ គឺរង់ចាំពេលដែលរាស្រ្តរបស់ព្រះអង្គ មើលឃើញសិរីល្អរបស់ព្រះអង្គ រង់ចាំពេលដែលពួកគេទទួលស្គាល់ថា បើសិនជាគ្មានទ្រង់ទេ នោះពួកគេគ្រាន់តែជាមនុស្សបាត់បង់ប៉ុណ្ណោះ ហើយព្រះអង្គរង់ចាំពេលដែលពួកគេទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រមទាំងរង់ចាំពេលដែលព្រះអង្គយាងមកវិញ ក៏ដូចជារង់ចាំពេលដែលមនុស្សប្រែចិត្តចេញពីអំពើបាប។ យើងហាក់ដូចជាយល់ថា ព្រះទ្រង់ក្រយាងមកវិញ ជាជាងយល់ថា ព្រះអង្គកំពុងរង់ចាំយើង ដោយអត់ធ្មត់(២ពេត្រុស ៣:៩)។
ព្រះអម្ចាស់កំពុងរង់ចាំពេល ដែលព្រះអង្គនឹងមានទំនាក់ទំនង ជាមួយអ្នកដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានយាងមករកយើង ដោយប្រសូត្រជាព្រះឱរស ដែលមានព្រះនាមថា យេស៊ូវ ហើយបានធ្វើជាកូនចៀមសម្រាប់ថ្វាយជាដង្វាយលោះបាបមនុស្សគ្រប់គ្នា។ ពេលនេះ ព្រះអង្គរង់ចាំមនុស្សទទួលស្វាគមន៍ព្រះអង្គ ក្នុងជីវិតរបស់ខ្លួន ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។—Julie…
ការបន្លំខាងវិញ្ញាណ
ពេលខ្ញុំបង្រៀនសិស្ស ឲ្យចេះសរសេរតែងសេចក្តីជាភាសាអង់គ្លេស ខ្ញុំបានតម្រូវឲ្យពួកគេសរសេរតែងសេចក្តី ក្នុងថ្នាក់រៀន។ ខ្ញុំដឹងថា តែងសេចក្តីដែលពួកគេសរសេរក្នុងថ្នាក់រៀន ជាសំណេររបស់ពួកគេផ្ទាល់ ដូចនេះ ខ្ញុំក៏អាចដឹងអំពីទឹកដៃនៃការសរសេររបស់ពួកគេ ព្រមទាំងអាចមើលដឹងថា ពួកគេបានចម្លងសំណេររបស់អ្នកនិពន្ធដទៃទៀតច្រើនពេកឬអត់។ ទឹកដៃនៃការសរសេររបស់ពួកគេ រាប់បញ្ចូលការអ្វីដែលពួកគេបានសរសេរ និងរបៀបដែល ពួកគេសរសេរ។ ការនេះ បាននាំឲ្យពួកគេមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ទឹកដៃនៃការសរសេររបស់ខ្លួន មានលក្ខណៈពិសេស ដូចសំនៀងនៃការនិយាយរបស់ខ្លួនផងដែរ។ ចិត្តយើងបង្ហាញចេញមកតាមពាក្យ ដែលយើងសរសេរ ប៉ុន្តែ ចិត្តរបស់យើងក៏អាចបង្ហាញចេញមក តាមរយៈពាក្យដែលយើងនិយាយផងដែរ។ ពាក្យសម្តីយើង បង្ហាញឲ្យគេដឹងថា យើងជានរណា។
យ៉ាងណាមិញ យើងក៏អាចស្គាល់សំនៀងនៃព្រះបន្ទូលព្រះ តាមរបៀបស្រដៀងគ្នាផងដែរ។ ពេលដែលយើងអានព្រះបន្ទូលដែលព្រះអង្គបានចែងមក យើងអាចដឹងថា ព្រះអង្គជានរណា ហើយយើងដឹងពីរបៀប ដែលព្រះអង្គបើកបង្ហាញពីព្រះអង្គទ្រង់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សាតាំងព្យាយាមធ្វើសម្លេងឲ្យដូចព្រះ(២កូរិនថូស ១១:១៤)។ វាបានប្រើព្រះបន្ទូលព្រះ ដោយមានការបន្ថែមបន្ថយបន្តិចបន្តួច រួចវានិយាយលើកហេតុផល ដើម្បីឲ្យយើងជឿលើការអ្វីដែលមិនពិត។ ឧទាហរណ៍ វាបានបញ្ឆោតមនុស្សឲ្យធ្វើការអ្វី ដែលមើលទៅដូចជាទំនងមែន ដូចជាការទុកចិត្តលើការខិតខំធ្វើការល្អ ដោយពឹងកម្លាំងខ្លួនឯង ជាជាងទុកចិត្តលើការសុគតរបស់ព្រះគ្រីស្ទ ដែលសង្រ្គោះមនុស្សឲ្យរួចពីបាប(កូល៉ុស ២:២៣)។ សាតាំងបាននាំមនុស្សជាច្រើនឲ្យវង្វេង។
ដូចនេះ ព្រះអង្គបានធ្វើនូវការដែលយើងមិននឹកស្មានដល់ ដើម្បីឲ្យយើងអាចស្គាល់សម្លេងរបស់ព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែបានប្រទានព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងបានប្រទានព្រះបន្ទូល ដែលបានចាប់កំណើតជាសាច់ឈាម គឺអង្គព្រះយេស៊ូវគ្រីស្ទ(យ៉ូហាន…
ព្រះអង្គសក្តិសមនឹងទទួលការសរសើរ
ខ្ញុំរស់នៅជាមួយស្វាមីរបស់ខ្ញុំ ក្នុងតំបន់ដាច់ស្រយ៉ាលមួយ ដែលហុំព័ទដោយកសិដ្ឋានជាច្រើន ដែលនៅទីនោះ មានពាក្យស្លោកដ៏ពេញនិយមមួយ ដែលពោលថា “បើអ្នកញាំអាហារមួយពេល នៅថ្ងៃនេះ នោះចូរអរគុណកសិករ”។ កសិករពិតជាសក្តិសម នឹងទទួលការដឹងគុណពីយើងរាល់គ្នា។ ពួកគេធ្វើការធ្ងន់ៗ ក្រោមកំដៅថ្ងៃ ដែលមានការភ្ជួររាស់ដី ការដាំដុះ និងប្រមូលផលដំណាំ ដែលជាអាហារ ដែលជួយមិនឲ្យយើងដាច់ពោះស្លាប់។
ប៉ុន្តែ ជារៀងរាល់ពេលដែលខ្ញុំអរគុណកសិករ ខ្ញុំក៏ព្យាយាមនឹកចាំថា ខ្ញុំក៏ត្រូវថ្វាយការសរសើរដល់ព្រះផងដែរ ព្រោះព្រះអង្គជាអ្នកដែលទទួលខុសត្រូវ នៅក្នុងការបង្កើតអាហារ ឲ្យយើងបរិភោគ។ ព្រះអង្គប្រទានពន្លឺ ទឹកភ្លៀង និងបង្កើតថាមពលក្នុងគ្រាប់ពូជ ដែលធ្វើឲ្យវាមានកម្លាំងចាក់ឫសចូលក្នុងដី ហើយបង្កើតផ្លែផ្កា។
ទោះបីជាលោកិយ និងអ្វីៗទាំងអស់នៅក្នុងលោកិយ ជាកម្មសិទ្ធិរបស់ព្រះក៏ដោយ(ទំនុកដំកើង ២៤:១) ក៏ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសមនុស្ស ឲ្យធ្វើជាអ្នកថែរក្សារបស់ទាំងអស់នោះ។ យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់ផែនដី តាមដែលព្រះអង្គសព្វព្រះទ័យ ឲ្យយើងធ្វើ ក្នុងលោកិយនេះ(១១៥:១៦)។ យើងជាអ្នកថែរក្សាស្នាព្រះហស្តខាងសាច់ឈាមរបស់ព្រះ ទន្ទឹមនឹងនោះ យើងក៏ជាអ្នកអនុវត្តតាមការរៀបចំ ដែលព្រះអង្គមានសម្រាប់សង្គមផងដែរ។ យើងអនុវត្តតាម ដោយផ្តល់នូវការគោរពដល់អ្នក ដែលព្រះអង្គបានដាក់ឲ្យធ្វើជារដ្ឋអំណាច ដោយបង់ពន្ធ ដោយផ្តល់ការគោរពដល់អ្នកដែលគួរគោរព និងដោយសងបំណុលនៃសេចក្តីស្រឡាញ់ ដែលយើងបានជំពាក់គេ(រ៉ូម ១៣:៧-៨)។ តែយើងត្រូវថ្វាយការសរសើរដំកើង និងសិរីល្អ ដល់ព្រះ ដ្បិតព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់កើតមាន(ទំនុកដំកើង ៩៦:៨)។—Julie Ackerman…
គំរូនៃសេចក្តីស្រឡាញ់
មានស្លោកមួយឃ្លាពោលថា “គេអាចកាត់សេចក្តីថា យើងមានចិត្តល្អ ឬចិត្តអាក្រក់ មិនមែនដោយសារយើងមានសេចក្តីស្រឡាញ់ច្រើនប៉ុណ្ណាឡើយ តែដោយសារអ្នកដទៃបានស្រឡាញ់យើងខ្លាំងប៉ុណ្ណាទៅវិញទេ”។ ពាក្យស្លោកនោះ ត្រូវបានដកស្រង់ចេញពីខ្សែភាពយន្ត ដែលមានចំណងជើងថា មេធ្មប់នៃនគរអូហ្ស។ ខ្ញុំឃើញគេដាក់តាំងពាក្យស្លោកនោះ នៅលើជញ្ជាំងហាងលក់វត្ថុអនុស្សាវរីយ៍មួយ។ គេប្រហែលជាយល់ថារឿងមេធ្មប់នៃនគរអូហ្ស ជារឿងដ៏ល្អមួយហើយ ប៉ុន្តែ វាមិនមែនជាប្រភពនៃការបង្រៀនខាងវិញ្ញាណ ដែលយើងអាចជឿទុកចិត្តបាននោះឡើយ។ ដ្បិតព្រះទ្រង់មានសេចក្តីបង្រៀន ដែលផ្ទុយពីពាក្យស្លោកនេះ។ ព្រះអង្គបានប្រទានក្រឹត្យវិន័យធំៗពីរ គឺឲ្យស្រឡាញ់ព្រះអង្គជាទីមួយ ហើយស្រឡាញ់អ្នកដទៃ(ម៉ាកុស ១២:២៨-៣១)។ គ្មានខគម្ពីរណា ដែលបង្រៀនយើងឲ្យរំពឹងចង់បានសេចក្តីស្រឡាញ់ពីអ្នកដទៃវិញឡើយ។ តាមពិត ផ្ទុយទៅវិញ ព្រះយេស៊ូវបានមានបន្ទូល ក្នុងសេចក្តីអធិប្បាយដ៏ល្បីបំផុតរបស់ព្រះអង្គថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។
ពេលដែលយើងនិយាយអំពីសេចក្តីស្រឡាញ់ យើងចាំបាច់ត្រូវដឹងថា : ព្រះអង្គបានស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(១យ៉ូហាន ៤:១៩)។ គឺដូចដែលលោកម៉ូសេបានប្រាប់ពួកអ៊ីស្រាអែលថា ព្រះអង្គសព្វព្រះទ័យនឹងស្រឡាញ់ពួកគេ(ចោទិយកថា ១០:១៥) ហេតុដូចនេះហើយ ពួកគេត្រូវស្រឡាញ់អ្នកដទៃ ដោយរាប់បញ្ចូលទាំងអ្នកដែលពួកគេមិនស្គាល់ផង(ខ.១៩)។ កាលណាយើងបានទទួលសេចក្តីស្រឡាញ់ពីព្រះហើយ នោះព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងនាំអ្នកដទៃ ឲ្យបានទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គផងដែរ។
ព្រះទ្រង់ជាសេចក្តីស្រឡាញ់ ដូចនេះ បើសិនជាគ្មានព្រះអង្គទេ នោះគ្មាននរណាអាចមាន ឬទទួលសេចក្តីស្រឡាញ់ដ៏ពិតឡើយ(១យ៉ូហាន ៤:៧-៨)។—Julie…
ការស្រឡាញ់ និងការស្គាល់
ក្នុងសៀវភៅប្រលោមលោកមួយរឿង ដែលលោកយ៉ូណាថាម សាហ្វ្រេន ហ្វូរ(Jonathan Safran Foer)បាននិពន្ធ មានតួអង្គម្នាក់ បាននិយាយអំពីអគារអ៊ីមផាយអឺស្តេត នៅទីក្រុងញូយ៉កយ៉ាងដូចនេះថា “ខ្ញុំស្គាល់អគារនេះ ព្រោះខ្ញុំស្រឡាញ់អគារនេះ”។
ពាក្យសម្តីនេះបានធ្វើឲ្យខ្ញុំគិត អំពីទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងការយល់ដឹង។ ពេលណាយើងស្រឡាញ់អ្វីមួយ យើងចង់ស្គាល់របស់នោះឲ្យបានគ្រប់ជ្រុងជ្រោយ។ ពេលដែលយើងស្រឡាញ់ទីកន្លែងណាមួយ យើងចង់ធ្វើការរុករកក្នុងទីកន្លែងនោះ ឲ្យបានសព្វ។ ពេលយើងស្រឡាញ់មនុស្សម្នាក់ យើងចង់ដឹងអំពីជីវិតរបស់គាត់ ដោយគ្មានកន្លែងចន្លោះ។ យើងចង់ដឹងថា គាត់ចូលចិត្តអ្វី គាត់ចំណាយពេលធ្វើអ្វីខ្លះ គាត់បានធំពេញវ័យនៅកន្លែងណា នរណាខ្លះជាមិត្តភ័ក្ររបស់គាត់ គាត់មានជំនឿលើអ្វី។ នៅមានការជាច្រើនទៀត ដែលយើងចង់ដឹងអំពីគាត់។ ប៉ុន្តែ ក្នុងចំណោមយើង មានអ្នកខ្លះចង់ឲ្យគេស្រឡាញ់ខ្លួន ដោយមិនចង់ឲ្យគេដឹងអំពីខ្លួនឯងច្រើនទេ។ យើងខ្លាចគេឈប់ស្រឡាញ់យើង បើគេបានស្គាល់យើងច្បាស់។
ទោះជាយ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងជាមួយព្រះ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចដូចនេះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ធំលើសសេចក្តីស្រឡាញ់របស់យើង គឺដូចដែលមានសេចក្តីចែងថា “ព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ ជាងនេះទៅទៀត ព្រះអង្គបានបង្ហាញព្រះអង្គទ្រង់ ឲ្យយើងស្គាល់ទៀតផង។ ព្រះអង្គបានបើកបង្ហាញបុគ្គលិកលក្ខណៈ និងក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈស្នាព្រះហស្ថរបស់ព្រះអង្គ តាមរយៈព្រះគម្ពីរ និងព្រះគ្រីស្ទ។ ព្រះអង្គស្រឡាញ់យើង ទោះយើងមិនល្អគ្រប់លក្ខណ៍ក៏ដោយ ដូចនេះ យើងអាចសារភាពបាបរបស់យើង ដល់ព្រះអង្គ…