ការបើកទ្វារផ្ទះរបស់យើងឲ្យអ្នកដទៃ
សៀវភៅដែលមានចំណងជើងថា “ចូរមានជីវិតកាន់តែប្រសើរឡើង” ជាស្នាដៃនិពន្ធរបស់លោកម៉ាក លូកាដូ(Max Lucado) ដែលក្នុងនោះគាត់បានសរសេរថា “ការទទួលស្វាគមន៍ គឺជាការបើកទ្វារ សម្រាប់សហគមន៍ដទៃ។ វាមិនមែនជារឿងចៃដន្យទេ ដែលនៅក្នុងភាសាឡាតាំង ពាក្យ ទទួលស្វាគមន៍ និងពាក្យមន្ទីរពេទ្យ គឺជាពាក្យតែមួយ ព្រោះពាក្យទាំងពីរ គឺសុទ្ធតែនាំឲ្យមានលទ្ធផលមួយដូចគ្នាគឺ: ការប្រោសឲ្យជា។ ការបើកទ្វារឲ្យនរណាម្នាក់ចូល គឺមិនខុសពីការនិយាយប្រាប់អ្នកនោះថា : អ្នកសំខាន់ចំពោះខ្ញុំ និងចំពោះព្រះ ។ អ្នកប្រហែលជានិយាយទៅកាន់ភ្ញៀវថា សូមអញ្ជើញចូលខាងក្នុង ហើយពេលនោះ គាត់ក៏គិតថា ខ្ញុំសមនឹងទទួលការស្វាគមន៍ ។
សាវ័កប៉ុលប្រាកដជាបានស្តាប់ឮពាក្យដូចនេះ ឬមានអារម្មណ៍បែបនេះដែរ ពេលដែលលោកអ័គីឡា និងអ្នកស្រីព្រីស៊ីលបានបើកចំហរទ្វារផ្ទះទទួលស្វាគមគាត់។ ពេលគាត់ធ្វើដំណើរមកដល់ទីក្រុងកូរិនថូស គាត់ប្រហែលជាមានការអស់កម្លាំង ដោយសារការធ្វើដំណើរពីក្រុងអាថែន។ គាត់ក៏ប្រហែលជាមានការមិនសប្បាយចិត្ត ដោយសារការងារបម្រើព្រះនៅទីនោះ ហាក់ដូចជាមិនបានជោគជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយមក គាត់ក៏បានសរសេរនៅក្នុងសំបុត្រថា “ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្តីកំសោយភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ”(១កូរិនថូស ២:៣)។ លោកអ័គីឡា និងអ្នកស្រីព្រីស៊ីលប្រហែលជាបានជួបសាវ័កប៉ុល នៅទីផ្សារ ក្នុងក្រុង កូរិនថូស ហើយបានបើកទ្វាផ្ទះទទួលគាត់។ ពួកគេក៏បានផ្តល់ការកម្សាន្តចិត្តខាងវិញ្ញាណដល់សាវ័កប៉ុល តាមរយៈការទទួលស្វាគមន៍បែបគ្រីស្ទបរិស័ទផងដែរ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ទ្រង់បានត្រាសហៅយើង ឲ្យទទួលស្វាគមអ្នកដទៃ គឺប្រៀបបាននឹង…
អ្នកជិតខាងល្អ
នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋដាកូតាខាងជើង(North Dakota) ពួកគេក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាគ្មានការស្ទាក់ស្ទើរ គឺពួកគេបានជួយអ្នកដទៃ ដែលកំពុងត្រូវការជំនួយ។ មានប្រជាជនជាច្រើនដែលរស់នៅចម្ងាយផ្លូវធ្វើដំណើរប្រហែលមួយម៉ោង បានចេញមក ជួយអ្នកទាំងនោះ ទោះបីជាពួកគេមិនបានសុំឲ្យជួយក៏ដោយ។ អ្នកខ្លះបានឲ្យអ្នកដែលបាត់បង់ផ្ទះសម្បែងខ្ចីតង់សម្រាប់បោះជំរុំ ហើយអ្នកខ្លះទៀតបានអនុញ្ញាតឲ្យគេប្រើបន្ទប់ដាក់ឡានរបស់ខ្លួន សម្រាប់ដាក់សម្ភារៈជាបណ្តោះ អាសន្ន។ ប្រជាជននៅរដ្ឋដាកូតាខាងជើងកំពុងបង្ហាញអំពីអត្ថន័យនៃការធ្វើជាអ្នកជិតខាងល្អ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ការធ្វើជាអ្នកជិតខាងល្អ ដោយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នក ដទៃ គួរតែត្រូវធ្វើឡើង ដោយគ្មានការស្ទាក់ស្ទើរផងដែរ(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះបីជាយើងប្រហែលជាមិនមានឱកាសឆ្លើយតបភ្លាមៗ ដោយគ្មានការស្ទាក់ស្ទើរ ចំពោះគ្រោះធម្មជាតិក៏ដោយ ក៏យើងនៅតែអាចស្វែងរកវិធីបង្ហាញសេចក្តីស្រឡាញ់អ្នក ដែលនៅជុំវិញខ្លួនយើងជានិច្ច។ ដើម្បីធ្វើជាអ្នកជិតខាងល្អ យើងអាចបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ(លូកា ១០:២៩-៣៧) ប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយទៅកាន់អ្នកដទៃ ដោយពាក្យពិត(អេភេសូ ៤:២៥) ហើយអត់ទោសឲ្យអ្នកដទៃទាំងស្រុង(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។
គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បានបង្ហូរចេញពីអ្នកជិតខាងដ៏ប្រសើរបំផុតរបស់យើង គឺអង្គព្រះយេស៊ូវគ្រីស្ទ ដែលបានស្រឡាញ់ និងលះបង់ព្រះជន្មទ្រង់ ដើម្បីយើងរាល់គ្នា។-Marvin Williams
ក្លិនស្អុយដែលគេគ្របបាំង
ក្លិនស្អុយដែលហើរចេញពីកន្លែងចាក់សំរាម ដែលកំពុងតែហូរហៀរ បាននាំឲ្យសាធារណៈជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយបានពួកកម្មករបានដំឡើងកាំភ្លើងបាញ់ថ្នាំបំបាត់ក្លិនស្អុយ ដើម្បីកំចាត់ក្លិនស្អុយ។ កាំភ្លើងនីមួយៗ អាចបាញ់ទឹកក្រអូបជាង១០លីត្រ ក្នុងមួយនាទី ហើយអាចបាញ់បានចម្ងាយ៥០ម៉ែត្រ ចូលគំនរសំរាមដែលកំពុងរលួយ។ ទោះបីជាគេបានប្រើថ្នាំបំបាត់ក្លិនស្អុយ បាញ់គ្របពីលើក្លិនស្អុយរបស់សំរាម អស់ប៉ុន្មានលីត្រក៏ដោយ ក៏ទឹកក្រអូបនោះគ្រាន់តែជាគ្រឿងគ្របបាំងក្លិនស្អុយប៉ុណ្ណោះ ដរាបណាគេពុំទាន់បានយកប្រភពនៃក្លិនស្អុយនោះចេញទេនោះ។
ស្តេចដាវិឌក៏ជាមនុស្ស ដែលខំគ្របបាំងក្លិនស្អុយផងដែរ។ ក្រោយពីបានផឹតក្បត់ជាមួយនឹងនាងបាតសេបាហើយ ទ្រង់ក៏បានព្យាយាមលាក់បាំងរឿងអាស្រូវរបស់ទ្រង់ ដោយធ្វើជានៅស្ងៀម និងប្រើល្បិចកល ហើយតាំងខ្លួនជាអ្នកមានជំនឿខ្លាំង(២សាំយ៉ូអែល ១១-១២)។ ក្នុងបទទំនុកតម្កើងជំពូក ៣២ ទ្រង់បានមានបន្ទូលថា ពេលដែលទ្រង់ធ្វើជានៅស្ងៀម ព្រះហស្ថនៃព្រះក៏ប៉ះពាល់ទ្រង់ ដោយឲ្យទ្រង់ជួបសេចក្តីទុក្ខជាច្រើន ដើម្បីឲ្យទ្រង់ដឹងថាខ្លួនខុស(ខ.៣-៤)។ ពេលស្តេចដាវីឌមិនអាចអត់ទ្រាំបានតទៅទៀត ទ្រង់ក៏ឈប់បិទបាំងអំពើបាបរបស់ខ្លួន ដោយទទួលស្គាល់ និងសារភាព ហើយប្រែចិត្តចេញពីអំពើបាប(ខ.៥)។ ដូចនេះ ទ្រង់មិនចាំបាច់ត្រូវខំបិទបាំងអំពើបាបរបស់ខ្លួនទៀតឡើយ ព្រោះព្រះបានអត់ទោសបាបឲ្យទ្រង់ហើយ។
យើងនឹងមិនទទួលបានប្រយោជន៍អ្វី ពីការព្យាយាមលាក់បាំងអំពើបាបរបស់យើងឡើយ។ ក្លិនដែលស្អុយចេញពីការមិនស្តាប់បង្គាប់របស់យើង នឹងជ្រាបចេញតាមការអ្វីមួយដែលយើងធ្វើ ដើម្បីគ្របបាំងវា។ បើយើងកំពុងមានសំរាមនៅក្នុងចិត្ត នោះចូរយើងសារភាពនៅចំពោះព្រះ ហើយទទួលការលាងសម្អាតឲ្យមានភាពស្រស់ថ្លាឡើងវិញ ដោយព្រះគុណ និងការអត់ទោសរបស់ទ្រង់។ —Marvin William
ការសន្ទនាដោយចិត្តក្លាហាន
តើបច្ចេកវិទ្យាដ៏ជឿនលឿន ក្នុងការទំនាក់ទំនង អាច បណ្តាលឲ្យយើងខ្វះការគួរសម្យ ក្នុងការប្រាស្រ័យទាក់ទងគ្នាឬ?សព្វថ្ងៃនេះ និយោជិកទាំងឡាយអាចបញ្ឈប់ការងាររបស់បុគ្គលិក ជាបណ្តោះអាសន្នដោយបញ្ជូនសារទៅពួកគេ តាមអ៊ីម៉ែល(សារអេឡិចត្រូនីក)ក៏បាន។ ហើយគេអាចរិះគន់គ្នាតាមទំព័រហ្វេសប៊ុក និងធ្វីតធ័រ ដោយមិនបាច់និយាយគ្នាមុខទល់នឹងមុខ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះយើងមិនគួរដោះស្រាយបញ្ហាជាមួយអ្នកដទៃ តាមរបៀបខាងលើឡើយ តែយកល្អ យើងគួរយកគំរូតាមរបៀប ដែលសាវ័កប៉ុលទំនាក់ទំនងជាមួយនឹងសាវ័កពេត្រុស ពេលមានការមិនចុះសម្រុងគ្នា។
ពេលសាវ័កពេត្រុសមានការយល់ខុស អំពីព្រះគុណព្រះ សាវ័កប៉ុលក៏បានទៅជួបគាត់ ដោយផ្ទាល់(កាឡាទី ២:១១-១៦)។ កាលនោះ លោកពេត្រុសបានថ្វាយបង្គំព្រះ អម្ចាស់ជាមួយសាសន៍ដទៃ ប៉ុន្តែ ពេលពួកក្រឹត្យវិន័យនិយមបានចូលក្នុងចំណោមពួកគេ(ពួកនោះបានជឿថា សេចក្តីសង្រ្គោះទទួលបានពីជំនឿលើព្រះយេស៊ូវ បូករួមនឹងការខំប្រព្រឹត្តតាមក្រឹត្យវិន័យលោកម៉ូសេ) លោកពេត្រុសក៏បានដកខ្លួនចេញពីពួកសាសន៍ដទៃ។ ត្រង់ចំណុចនេះ គាត់បានផ្តាច់ខ្លួនចេញពីពួកគេ តែទន្ទឹមនឹងនោះ គាត់ក៏បានទទួលស្គាល់ថា គាត់កំពុងនៅក្នុងក្រុមជាមួយពួកគេដដែល។ ការនេះបានបង្ហាញថា គាត់ជាមនុស្សមានពុតហើយ បានជាលោកប៉ុលទៅជួបលោកពេត្រុសដោយផ្ទាល់ ដោយសេចក្តីស្រឡាញ់ និងចិត្តឆេះឆួល ដើម្បីឲ្យគាត់ឈប់ការពារលទ្ធិក្រឹត្យវិន័យនិយម ដែលគ្មានអំណាចកែប្រែជីវិតមនុស្សសោះឡើយ។ គាត់ក៏បានរំឭកលោកពេត្រុសថា ព្រះគុណព្រះនាំឲ្យយើង មានសេរីភាពរួចពីចំណងនៃអំពើបាប ហើយនាំឲ្យយើងស្តាប់បង្គាប់ព្រះ។
ការជជែកដោះស្រាយបញ្ហាជាមួយបងប្អូនរួមជំនឿ ដោយសេចក្តីក្លាហាន អាចមានការពិបាក តែអាចនាំឲ្យមានភាពបរិសុទ្ធ និងការរួបរួមគ្នា។ យើងអាចមានការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ដោយនិយាយសេចក្តីពិត ដោយសេចក្តីស្រឡាញ់(អេភេសូ ៤:១៥) ដោយដើរក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ឋ។ —Marvin Williams
ការដាក់ឈ្មោះថ្មី
នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា “ការដឹកនាំដោយការដាក់ឈ្មោះ” លោកម៉ាក ឡាប៊តតុន(Mark Labberton) បានសរសេរអំពីអំណាចរបស់ឈ្មោះ។ លោកបានពិពណ៌នាថា “ខ្ញុំតែងមានអារម្មណ៍ថា បានទទួលឥទ្ធិពលពីមិត្តភ័ក្រម្នាក់ដែលជាតន្រ្តីករ ដែលថ្ងៃមួយ គាត់ស្រាប់តែហៅខ្ញុំថា “ពីរោះ”។ ពុំមាននរណាម្នាក់ធ្លាប់ហៅឈ្មោះខ្ញុំបែបនេះទាល់តែសោះ។ ខ្ញុំមិនចេះលេងឧបករណ៍ភ្លេងណាមួយ ឲ្យច្បាស់លាស់ឡើយ។ ខ្ញុំក៏មិនចេះលេងភ្លេងតែម្នាក់ឯងដែរ។ តែភ្លាមនោះខ្ញុំស្រាប់តែមានអារម្មណ៍ថា មានគេស្គាល់ និងស្រឡាញ់ខ្ញុំ (គាត់)បានកត់សំគាល់ខ្ញុំ ទទួលស្គាល់ និងឲ្យតម្លៃទៅលើអ្វីដែលខ្ញុំពិតជាមាន”។
នេះក៏ប្រហែលជាអ្វី ដែលលោកស៊ីម៉ូនបានដកពិសោធ ផងដែរ នៅពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យគាត់។ បន្ទាប់ពីលោកអនទ្រេជឿថា ព្រះយេស៊ូវជាព្រះមែស៊ី មិនយូរប៉ុន្មាន គាត់ក៏បានទៅនាំលោកស៊ីម៉ូន ដែលជាបងប្អូនគាត់ ឲ្យទទួលជឿព្រះយេស៊ូវផងដែរ(យ៉ូហាន ១:៤១-៤២)។ ព្រះយេស៊ូវក៏បានទតមើលទៅក្នុងជម្រៅនៃព្រលឹងគាត់ និងបានទទួលស្គាល់ ហើយឲ្យតម្លៃចំពោះអ្វីដែលលោកស៊ីម៉ូនពិតជាមានក្នុងជីវិតគាត់។ ពិតមែនហើយ ព្រះយេស៊ូវក៏បានជ្រាបពីបរាជ័យ និងលក្ខណៈឆេវឆាវរបស់គាត់ ដែលអាចនាំឲ្យគាត់មានបញ្ហាផងដែរ។ ប៉ុន្តែ មានការពិសេសជាងនេះទៀតដែលទ្រង់ទតឃើញ គឺទ្រង់ជ្រាបអំពីសក្តានុពលដែលលោកស៊ីម៉ូនមាន ដែលនឹងនាំឲ្យគាត់ក្លាយជាអ្នកដឹកនាំពួកជំនុំ។ ហេតុដូច្នេះ បានជាព្រះយេស៊ូវដាក់ឈ្មោះគាត់ថា កេផាសវិញ(ជាភាសាអារ៉ាមអានថា ពេត្រុស ដែលមានន័យថា “ថ្ម”(យ៉ូហាន ១:៤២ និងមើល ម៉ាថាយ ១៦:១៨)។
ព្រះទ្រង់ក៏ទតឃើញយើងយ៉ាងដូចនេះផងដែរ។ ទ្រង់ជ្រាបពីអំនួត កំហឹង ហើយជ្រាបថា យើងខ្វះសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ…
ភាពពិតប្រាកដ
ពួកជំនុំមួយកន្លែង ក្នុងក្រុងនេភ័រវីល(Naperville) រដ្ឋអីលីណយ(Illinois) មានចិត្តរំភើបរីករាយ ចំពោះជួងថ្មីៗ ដែលគេបានដាក់នៅក្នុងប៉ម នៅលើដំបូលព្រះវិហារ។ ពេលព្រះវិហារមួយនេះត្រូវបានសាងសង់ឡើង កាលពី ច្រើនឆ្នាំកន្លងទៅ ពួកគេមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញជួង ដាក់ព្រះវិហារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិធីរំឭកខួបលើកទី២៥ នៃការសាងសង់ព្រះវិហារនេះ ពួកគេក៏អាចរ៉ៃអង្គាសបានប្រាក់ ដើម្បីទិញជួង៣គ្រឿង សម្រាប់ព្យួរនៅពីលើដំបូងព្រះវិហារ។ ទោះបីជាជួងទាំងនោះមានភាពស្រស់ស្អាតក៏ដោយ ក៏ពួកវាមានបញ្ហាមួយគឺ : ពួកជំនុំមិនដែលបានស្តាប់ឮសម្លេងជួងទាំងនោះរោទ៍ទេ។ជួងទាំងនោះមានរូបរាងដូចជួងពិតៗ តែពួកវាគ្រាន់តែជាជួងសប្បនិម្មិតប៉ុណ្ណោះ។
សាវ័កយ៉ូហានបានសរសេរសំបុត្រទីមួយរបស់គាត់ ផ្ញើទៅអ្នកជឿព្រះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យបង្ហាញថា ខ្លួនជាគ្រីស្ទបិរស័ទពិតប្រាកដ តាមរយៈរបៀបនៃការរស់នៅ របស់ខ្លួន គឺមិនមែនគ្រាន់តែមានលក្ខណៈខាងក្រៅ ដូច គ្រីស្ទបរិស័ទពិតប្រាកដនោះឡើយ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅក្នុងការមានបទពិសោធន៍អាថ៌កំបាំងណាមួយ ជាមួយព្រះឡើយ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់ពិតជាបានស្គាល់ និងស្រឡាញ់ព្រះមែន គឺត្រូវបានរកឃើញនៅក្នុងការចុះចូលចំពោះអំណាច និងព្រះបន្ទូលទ្រង់។ សាវ័កយ៉ូហានបានចែងថា “តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ”(១យ៉ូហាន ២:៥-៦)។
បើយើងអះអាងថា ជីវិតយើងបានផ្លាស់ប្រែ ដោយសារដំណឹងល្អ និងការស្គាល់ និងស្រឡាញ់ព្រះ ដោយភាពស្និទ្ធស្នាល់…
ការអបអរចំពោះផលផ្លែ
យើងងាយនឹងមានវិញ្ញាណរិះគន់ ចំពោះអ្នកដទៃ ដែលមិនមានការលូតលាស់ខាងវិញ្ញាណ តាមការរំពឹងទុករបស់យើង។ យើងងាយនឹងរកមើលឃើញចំណុចសំខាន់ៗដែលមានបញ្ហា ដែលត្រូវការការកែតម្រូវ តែយើងក៏ចាំបាច់ត្រូវធ្វើការកត់សំគាល់ ចំពោះការអ្វីដែលត្រឹមត្រូវផងដែរ។
នៅក្នុងសំបុត្ររបស់សាវ័កប៉ុល ជាញឹកញាប់ គាត់ចាំបាច់ត្រូវកែតម្រង់ពួកជំនុំ តែគាត់ក៏អបអរចំពោះការអ្វីដែលមានភាពល្អប្រសើរផងដែរ។ ឧទាហរណ៍ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានផ្ញើរទៅកាន់ពួកជំនុំ នៅក្រុងកូល៉ុស គាត់បានបញ្ជាក់ថា ដំណឹងល្អបានចាក់ឫសចូលក្នុងជីវិតរបស់អ្នកជឿព្រះ នៅក្រុងនោះ ហើយកំពុងបង្កើតផលផ្លែ(១:៦)។ គាត់បានអបអរពួកគេ ដោយថ្វាយការអរព្រះគុណដល់ព្រះ ចំពោះការរីកលូតលាស់ខាងវិញ្ញាណរបស់ពួកគេ។ ពួកគេបានស្គាល់ព្រះយេស៊ូវ ហើយពេលនោះ កំពុងតយុទ្ធប្រឆាំងនឹងពួកគ្រូក្លែងក្លាយ(២:៦-៨)។ គាត់បានអរព្រះគុណព្រះអម្ចាស់ ដោយសារពួកគេមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាប់លាប់ ចំពោះពួកបរិសុទ្ធ ហើយបានធ្វើការផ្គត់ផ្គង់ ដោយការលះបង់ចំពោះពួកគេ(១:៤)។ សាវ័កប៉ុលក៏បានអរព្រះគុណព្រះ ចំពោះសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកជំនុំ នៅក្រុងកូល៉ុស ដែលបានកើតចេញពីសេចក្តីសង្ឃឹម ដោយដឹងការពិត និងទទួលការធានាថា ជីវិតមិនមែនមានតែក្នុងលោកិយនេះទេ(១:៥)។
សូមឲ្យថ្ងៃនេះ យើងមានឱកាសសង្កេតមើលបងប្អូនរួមជំនឿរបស់យើង។ យើងអាចមានការរិះគន់ស្ថាបនាពួកគេ ឬអបអរចំពោះការរីកលូតលាស់ខាងវិញ្ញាណរបស់ពួកគេ។ សូមយើងចំណាយពេលអរព្រះគុណព្រះអម្ចាស់ ចំពោះការដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បានចាក់ឫសចូលក្នុងជីវិតពួកគេ ហើយកំពុងបង្កើតផលផ្លៃ។-Marvin Williams
ការសម្អាតដំបែចាស់
រយៈពេលបីបួនថ្ងៃ មុនពេលអបអរការចូលមកដល់នៃឆ្នាំថ្មី គ្រូសារជនជាតិចិនជាច្រើន បានធ្វើការសម្អាតផ្ទះយ៉ាងហ្មត់ចត់។ មានពាក្យស្លោកមួយ ជាភាសាកានតាំងបានពោលថា: “ចូរលាងសម្អាតឲ្យអស់ដី នៅថ្ងៃនីនីយ៉ាបាត”(ថ្ងៃទី២៨ នៃខែ១២)។ ពួកគេបានប្រតិបត្តិតាមប្រពៃណីនេះ ដោយសារពួកគេជឿថា ការសម្អាតផ្ទះនោះ គឺជាការបោសសម្អាតសំណាងអាក្រក់ចេញ នៅក្នុងឆ្នាំបន្ទាប់ ហើយជាការរៀបចំផ្ទះសម្រាប់ទទួលសំណាងល្អ។
ពេលសាវ័កប៉ុលសរសេរសំបុត្រ ទៅកាន់អ្នកជឿព្រះ នៅក្រុងកូរិនថូស គាត់បានប្រាប់ពួកគេឲ្យលាងជម្រះជីវិតឲ្យបានស្អាត់ មិនមែនដើម្បីឲ្យមានសំណាងល្អទេ ប៉ុន្តែដើម្បីឲ្យព្រះសព្វព្រះទ័យ។ គាត់បានប្រាប់ពួកគេឲ្យ “សំអាតដំបែរចាស់ចេញ”(១កូរិនថូស ៥:៧)។
ក្នុងសេចក្តីបង្រៀននេះ សាវ័កប៉ុលបាននិយាយប្រៀបប្រដូចអំពីពិធីបុណ្យរំលង និងបុណ្យនុំប៉័ងឥតដំបែរបស់សាសន៍យូដា(និក្ខមនំ ១២:១-២៨)។ ដំបែគឺជាមិនិត្តរូបតំណាងឲ្យអំពើបាប និងភាពពុករលួយ ហើយត្រូវយកចេញពីផ្ទះរបស់សាសន៍យូដា ដើម្បីអបអរពិធីបុណ្យទាំងនេះ(ចោទិយកថា ១៦:៣-៤)។ ដោយសារព្រះយេស៊ូវទ្រង់ជាកូនចៀមនៃថ្ងៃបុណ្យរំលង ដែលលាងសម្អាតអំពើបាបរបស់យើង នោះគ្រីស្ទបរិស័ទ្ទនៅក្រុងកូរិនថូស ត្រូវតែសម្អាតចិត្តរបស់ខ្លួន ហើយត្រូវលប់បំបាត់ដំបែនៃភាពអសីលធម៌ផ្លូវភេទ បំណងអាក្រក់ និងភាពទុចរិត នៅក្នុងជីវិត និងក្នុងពួកជំនុំរបស់ពួកគេ។
ដើម្បីសម្តែងចេញនូវការអរព្រះគុណដល់ព្រះយេស៊ូវ ចំពោះការលះបង់របស់ទ្រង់ សូមយើងសម្អាតអំពើបាបដែលមានក្នុងជីវិតរបស់យើង ហើយអរសប្បាយនឹងភាពបរិសុទ្ធ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចប្រទានដល់យើង។-Marvin Williams
គង់តែខ្ញុំនឹងរីករាយ
ជីវិតនៅក្នុងលោកីយយើងនេះ មានសេចក្តីទុក្ខលំបាក់ជាច្រើន។ ហើយជួនពេលខ្លះទៀត យើងក៏បានសង្ស័យថា តើព្រះជាម្ចាស់គង់នៅកន្លែងណា ក្នុងបញ្ហារបស់ខ្ញុំនេះ? វាមើលទៅដូចជាអយុត្តិធម៌ណាស់ដែរ ពេលដែលមានជ័យជំនះ បែរជាព្រះជាម្ចាស់គង់នៅស្ងាត់ស្ងៀម ។ ប្រហែលជាយើងធ្លាប់មានគំនិតនេះមែនទេ។ យើងឆ្លើយតប ដោយរបៀបណាចំពោះបញ្ហារបស់យើង ពីព្រោះថាយើងមានជម្រើសតែមួយ។ លោក ហោរ៉ា ហាបាគុក មានអាកប្បកិរិយាថ្លៃថ្នូដូចជា ៖ លោកបានជ្រើសរើសដើម្បីរីករាយ។ លោកហាបាគុកបាន ឃើញពីក្រមសិលធម៌ និងផ្នែកព្រលឹងវិញ្ញាណរបស់ពួកយូដាបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ទោះ ជាលោកមិនបានយល់ពីដើមហេតុទាំងស្រុងក៏ដោយ គង់តែលោកអាចរីករាយ ដ្បិតអីលោកបានរៀនដើម្បីឆ្លើយតបចំពោះប្រាជ្ញា យុត្តិធម៌ និងអធិបតិយ្យភាពរបស់ព្រះជាម្ចាស់ ។ លោកបានបញ្ចប់ក្នុងកណ្ឌគម្ពីររបស់លោក ដោយនិយាយបញ្ផាក់យ៉ាងច្បាស់លាស់អស្ចារ្យថា “គង់តែខ្ញុំ នឹងរីករាយដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(3:18 )។ ទោះបើឃ្លានេះមិនបានបញ្ផាក់ឱ្យដឹងថា ពួកយ៉ូដារស់នៅ ដោយរបៀបណាក៏ដោយ ក៏លោកហាបាគុកបានរៀន ដើម្បីទុកចិត្តព្រះជាម្ចាស់ក្នុងភាពអយុត្តិធម៌ ការឈឺចាប់ និងភាពបាត់បង់ដែរ។ លោកអាចរស់នៅ ដោយសេចក្តីជំនឿរបស់លោកក្នុងព្រះជាម្ចាស់។ ដោយសារសេចក្តីជំនឿរបស់ លោក បានក្លាយទៅជាសេចក្តីរីករាយក្នុងព្រះជាម្ចាស់ និងក្នុងគំនុំព្យាបាទនៅជុំវិញខ្លួនរបស់គាត់គ្រប់ពេលវេលា ។
យើងក៏អាចរីករាយក្នុងបញ្ហារបស់យើងផងដែរ ដ្បិតអីយើងមានទំនុកចិត្តក្នុងព្រះជាម្ចាស់នៅគ្រាមាន សេចក្តីទុក្ខលំបាក ហើយរស់នៅក្នុងអធិបតិយ្យភាពដ៏ខ្ពង់ខ្ពស់របស់ទ្រង់ផងដែរ។ –Marvin Williams
ចូរប្រយ័ត្ន!
ពេលភ្នាក់ងាររដ្ឋាភិបាលហ្វឹកហ្វឺនបុគ្គលិកធនាគារ ឲ្យចេះកំណត់ប្រាក់ក្លែងក្លាយ នោះពួកគេអាចបញ្ជាក់ថាប្រាក់ណាក្លែងក្លាយ ប្រាក់ណាពិតប្រាកដ។ ដើម្បីលុបបំបាត់ការក្លែងបន្លំក្រដាសប្រាក់ ពួកគេត្រូវស្វែងរកភាពខុសគ្នារវាងក្រដាសប្រាក់ពិតប្រាកដ និងក្រដាសប្រាក់ក្លែងក្លាយ គឺពួកគេមិនស្វែងរកលក្ខណៈស្រដៀងគ្នានោះឡើយ។
នៅក្នុងបទគម្ពីរ១យ៉ូហាន ២ លោកយ៉ូហានជួយអ្នកជឿឲ្យចេះការពារខ្លួនពីពួកបោកបញ្ឆោត ដោយបង្ហាញគំរូរបស់គ្រូបង្រៀន និងគ្រីស្ទបរិស័ទក្លែងក្លាយ។ មានសញ្ញាសម្គាល់មួយនៅសម័យចុងក្រោយនេះ គឺពួកប្រឆាំងព្រះគ្រីស្ទ(១យ៉ូហាន ២:១៨)។ ពួកប្រឆាំងព្រះគ្រីស្ទ គឺអស់អ្នកណាដែលប្រកាសថា មានប្ញទ្ធានុភាព និង សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តែតាមពិតពួកគេមិនមានទេ ឬក៏អស់អ្នកណាដែលបដិសេធ និងប្រឆាំងព្រះគ្រីស្ទ និង សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ។
លោកយ៉ូហានបានបង្ហាញសញ្ញាសម្គាល់៣យ៉ាងរបស់គ្រូក្លែងក្លាយ ដែលគ្រប់គ្រងដោយវិញ្ញាណអាក្រក់ និងពួកប្រឆាំងព្រះគ្រីស្ទ៖ ពួកគេមិនមែនជាគ្នាយើងទេ(ខ.១៩) ពួកគេបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទ (ខ.២២) ពួកគេបោកបញ្ឆោតអ្នកជឿចេញពីព្រះយេស៊ូវ(ខ.២៦)។ លោកយ៉ូហានលើកទឹកចិត្តអ្នកជឿឲ្យចេះការពារខ្លួនប្រឆាំងនឹងវិញ្ញាណនៃពួកប្រឆាំងព្រះគ្រីស្ទ ដោយពឹងផ្អែកលើវត្តមានព្រះវិញ្ញាណបរិសុទ្ធ ស្គាល់សេចក្តីពិត និងនៅជាប់នៅជាមួយព្រះយេស៊ូវ។
យើងអាចការពារខ្លួនពីកំហុស និងការភាន់ច្រឡំទាំងឡាយ ស្វែងយល់កំហុស របស់យើងដោយសេចក្តីពិត គឺជាព្រះយេស៊ូវគ្រីស្ទ។-Marvin Williams