គឺដោយសេចក្តីជំនឿតែមួយមុខគត់

day 7

មនុស្សភាគច្រើន បានទទួលការចិញ្ចឹម និងបង្រៀនឲ្យគិតថា ខ្លួនត្រូវខំស្វែងរកការទទួលស្គាល់ ក៏ដូចជាស្វែងរករង្វាន់ និងការសរសើរ។ នៅផ្ទះ យើងរៀបចំអាកប្បកិរិយ៉ាឲ្យបានល្អ ដើម្បីឲ្យឪពុកម្តាយសប្បាយចិត្ត។ នៅសាលា យើងខិតខំរៀន ដើម្បីឲ្យបានពន្ទុះល្អ។ នៅកន្លែងធ្វើការ គេរំពឹងឲ្យយើងធ្វើការឲ្យបានល្អ ដើម្បីបានការដំឡើងមុខនាទី។ ពេលដែលយើងមិនអាចឈានដល់ខ្នាតគំរូនោះ ហើយប្រហែលជាមានអារម្មណ៍ខ្លួនបានធ្វើខុស ឬធ្វើមិនបានគ្រប់គ្រាន់។

ក្នុងទំនាក់ទំនងជាមួយព្រះ តើយើងគិតថា យើងត្រូវខិតខំស្វែងរកការទទួលស្គាល់ រង្វាន់ និងការសរសើរ យ៉ាងដូចនេះផងដែរឬទេ? តើយើងគិតថា យើងត្រូវធ្វើជាគ្រីស្ទបរិស័ទ “ល្អ” ដើម្បីឲ្យបានចូលនគរស្ថានសួគ៌ឬទេ? តើយើងព្យាយាមទៅព្រះវិហារឲ្យទាន់ម៉ោង ព្យាយាមជួយអ្នកដទៃឲ្យអស់ពីលទ្ធភាព ហើយមានអាកប្បកិរិយ៉ា ឲ្យសមជាអ្នកកោតខ្លាចព្រះឬទេ? ហើយពេលដែលយើងធ្វើខុស ឬមិនអាចធ្វើល្អឲ្យបានដូចចិត្ត តើយើងមានអារម្មណ៍ថា ខ្លួនមិនហ៊ានជួបមុខព្រះឬទេ?

ការចង់ធ្វើការល្អ មិនមានអ្វីខុសឆ្គងទេ តែវាមិនអាចនាំឲ្យយើងរកបានសេចក្តីសង្រ្គោះឡើយ។ ព្រះយេស៊ូវមិនបានមានបន្ទូលថា អ្នកណាដែល “ធ្វើការល្អ” ឬ “ជាមនុស្សល្អ” នឹងមិនវិនាសនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលថា “អ្នកណាដែលជឿ” នឹងមិនវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។

ព្រះទ្រង់ទទួលយើងឲ្យចូលនគរព្រះអង្គ ដោយផ្អែកទៅលើសេចក្តីជំនឿរបស់យើង តែមួយមុខគត់ មិនមែនផ្អែកទៅលើការប្រព្រឹត្ត ឬចរិយ៉ាសម្បត្តិរបស់យើងទេ។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលបានដឹងថា ខ្លួនបានរួចពីទោសកំហុសកាលពីអតីតកាល ឬលែងខ្លាចប្រព្រឹត្តខុស។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវទុកចិត្តព្រះគុណរបស់ព្រះដែលជួយសង្រ្គោះ និងទុកចិត្តលើព្រះរាជកិច្ចដែលព្រះយេស៊ូវបានសម្រេចនៅលើឈើឆ្កាង។

ប៉ុន្តែ សេចក្តីជំនឿមិនមែនគ្រាន់តែជាការទទួលស្គាល់សេចក្តីពិតនៃដំណឹងល្អប៉ុណ្ណោះទេ តែក៏ជាការប្តេជ្ញាចិត្ត និងថ្វាយជីវិតរបស់យើង ដល់ព្រះយេស៊ូវ ដើម្បីឲ្យយើងបានពឹងផ្អែកលើព្រះអង្គតែមួយអង្គប៉ុណ្ណោះ។ តើនៅថ្ងៃនេះ អ្នកបានប្តេជ្ញាចិត្តថ្វាយជីវិតដាច់ដល់ព្រះយេស៊ូវឬទេ?