ស្រមោលនៃសេចក្តីស្លាប់

day 8

តើសេចក្តីស្លាប់ជាអ្វី? តើមានអ្វីកើតឡើងចំពោះយើង បន្ទាប់ពីយើងស្លាប់ទៅ? សេចក្តីស្លាប់ គឺជាផ្នែកមួយនៃដំណើរជីវិតមនុស្ស ដែលមិនអាចជៀសបាន។ យើងម្នាក់ៗត្រូវស្លាប់ នៅថ្ងៃណាមួយ ទោះយើងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា មានជោគជ័យ មានកេរ្តិ៍ឈ្មោះ មានភាពល្បីល្បាញ ឬមានចំណេះដឹងប៉ុណ្ណា ហើយទោះយើងចង់ ឬមិនចង់ស្លាប់ក៏ដោយ។ អ្នកខ្លះយល់ថា សេចក្តីស្លាប់គឺជាទីបញ្ចប់ ដោយជីវិតប្រែក្លាយជាភាពសាបសូន្យទទេរ។ ហេតុនេះហើយបានជាពួកគេខិតខំធ្វើការបង្កើតស្នាដៃ និងបន្សល់ទុកនូវកេរដំណែល ដើម្បីឲ្យគេនឹកចាំពីខ្លួន។ អ្នកខ្លះទៀត ក៏បានព្យាយាមឈប់គិតពីសេចក្តីស្លាប់ ដោយព្យាយាមស្វែងរកការសប្បាយថ្មីៗ ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា បន្ទាប់ពីមនុស្សស្លាប់ទៅ ពួកគេនឹងជួបការជំនុំជម្រះ(ហេព្រើ ៩:២៧)។ តែព្រះយេស៊ូវបានមានបន្ទូលថា អ្នកណាដែលជឿព្រះអង្គ “នឹងមិនត្រូវវិនាសឡើយ” ដូចនេះ បើសិនជាគ្មានព្រះអង្គទេ តើជោគវាសនារបស់យើង នឹងទៅជាយ៉ាងណា?

ពាក្យ វិនាស គឺមានន័យថា ទទួលរងភាពហិនហោចទាំងស្រុង។ វាមិនមែនជាការលែងមានសតិ ឬលែងមានវត្តមាននោះទេ តែជាការបាត់បង់ភាពសំខាន់ តម្លៃ និងអត្ថន័យទាំងអស់នៃជីវិត។ វាជាការដាច់ចេញពីព្រះ អស់កល្បជានិច្ច ហើយមិនអាចទទួលបាននូវអ្វីដែលល្អ។

យើងរាល់គ្នាសុទ្ធតែបានធ្វើអំពើបាប ហើយសក្តិសមនឹងទទួលសេចក្តីស្លាប់ តែព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើងទាំងស្រុង។ ព្រះអង្គបានបង់ថ្លៃនៃអំពើបាប ជំនួសយើង ដើម្បីកាលណាយើងទទួលជឿព្រះអង្គ នោះយើងនឹងមិនត្រូវវិនាសឡើយ។

យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះយេស៊ូវបានសង្រ្គោះយើង ហើយយើងមិនចាំបាច់ត្រូវខ្លាចសេចក្តីស្លាប់ទៀតឡើយ។