ប្រវត្តិនៃការងារ
អង្គការនំម៉ាណាប្រចាំថ្ងៃត្រូវបានបង្កើតឡើង ដោយលោក អ៊ែម អ ឌីហាន(M. R. DeHaan) ដែលពីដើមឡើយ លោកជាគ្រូពេទ្យមួយរូប ហើយក្រោយមកក៏បានក្លាយជាគ្រូគង្វាល ដែលល្បីឈ្មោះ ខាងការអធិប្បាយដោយសម្លេងធំ និងបង្រៀនព្រះគម្ពីរ ដោយចិត្តឆេះឆួល ។ លោកបានប្តេជ្ញាចិត្តថា នឹងនាំមនុស្សនៃគ្រប់ទាំងសាសន៍ ឲ្យទទួលជឿព្រះគ្រីស្ទ និងមានភាពពេញវ័យខាងវិញ្ញាណនៅក្នុងទ្រង់។
ហេតុនេះហើយបានជានៅឆ្នាំ ១៩៣៨ ស្ថានីយវិទ្យុដ៏តូចមួយ ដែលមានឈ្មោះថា ថ្នាក់រៀនព្រះគម្ពីរ នៅក្រុងដេត្រយ(Detriot) នៅភាគខាងកើតនៃរដ្ឋមីឈីហ្គិន(Michigan) ក៏បានចាប់កំណើតឡើង ។ មិនយូរប៉ុន្មាន វេជ្ជបណ្ឌិតខាងវិញ្ញាណរូបនេះ ក៏បានទៅសួរសុខទុក្ខដល់ផ្ទះជាច្រើន ដែលប្រជុំទៅដោយអ្នកស្តាប់រាប់សែននាក់ ដែលកំពុងស្រេកឃ្លានព្រះបន្ទូល។
ដោយសារបណ្ឌិត ដឺហាន(DeHaan) មានសម្លេងធំ មិនសូវពិរោះស្រទន់ នោះលោកហាក់ដូចជាមិនសក្តិសមនឹងការងារផ្សាយវិទ្យុទេ តែកម្មវិធីវិទ្យុនេះបានទទួលជោគជ័យយ៉ាងខ្លាំង ។ ហើយមិនយូរប៉ុន្មាន ការផ្សាយរបស់លោក ដែលឆ្លុះបញ្ចាំងអំពីព្រះបន្ទូល ក៏បានក្លាយជាប្រភពនៃប្រាជ្ញាខាងព្រះបន្ទូល សម្រាប់មនុស្សជាច្រើន ។ អ្នកស្តាប់ទាំងឡាយ ក៏បានឆ្លើយតបចំពោះសេចក្តីបង្រៀនរបស់គាត់ ដោយ ស្នើរសុំអត្ថបទ ដែលលោកបានបង្រៀន នៅក្នុងការផ្សាយនោះ ដើម្បីប្រើប្រាស់ជាសម្ភារៈសម្រាប់សិក្សាព្រះបន្ទូល ។ មិនយូរប៉ុន្មាន មានមនុស្សជាច្រើនក្រៃលែង ត្រូវការសម្ភារៈទាំងនេះ ហើយមុនពេលដែលគេចាប់ផ្តើមប្រើប្រាស់យ៉ាងទូលំទូលាយ នូវកូនសៀវភៅភាគការរុករកឃើញ(Discovery Series) គឺគេបានប្រើប្រាស់សម្ភារៈទាំងនេះឯង ។
ទស្សនៈ និងការងាររបស់បណ្ឌិត ដឺហាន ក៏បានក្លាយជាគ្រឹះខាងវិញ្ញាណ នៃអង្គការ Grand Rapids ដែលមានទីស្នាក់ការនៅរដ្ឋមីឈីហ្គិន(Michigan)។ អង្គការនំម៉ាណាប្រចាំថ្ងៃ បានប្តេជ្ញាចិត្តអនុវត្តតាមគោលការណ៍នៃព្រះគម្ពីរ គឺដូចដែលបានបង្ហាញនៅក្នុងខិតប័ណ្ឌនេះស្រាប់ ហើយបានផ្តល់ជូនសម្ភារៈសម្រាប់បង្រៀនមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក រហូតមកដល់ពេលសព្វថ្ងៃនេះ ។ កាលពីដំបូងឡើយ បណ្ឌិត ដឺហាន បានចាប់ផ្តើមការងាររបស់ខ្លួន ជាគ្រួសារ នៅក្នុងបន្ទប់ក្រោមដីរបស់គាត់តែប៉ុណ្ណោះ តែសព្វថ្ងៃនេះ ព្រះអម្ចាស់បានប្រទានពរ ឲ្យមានបុគ្គលិកដែលជាគ្រីស្ទបរិស័ទ ជាងបីរយនាក់ នៅក្នុងទីស្នាក់ការរបស់យើង នៅសហរដ្ឋអាមេរិក ។
អង្គការ អប៊ីស៊ីមានការរិយ៉ាល័យ នៅក្នុង៣៤ប្រទេស និងមានដៃគូការងារជាច្រើន នៅទូទាំងពិភពលោក ដែលបានចែកចាយសម្ភារៈរបស់អង្គការនេះ ។ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលជាសញ្ញាសំគាល់នៃអង្គការយើងខ្ញុំ ត្រូវបានបកប្រែជាង៤០ភាសា ។
នៅឆ្នាំ ១៩៩៤ អង្គការអប៊ីស៊ី(RBC) បានផ្លាស់ប្តូរឈ្មោះពីកម្មវិធីវិទ្យុនៃថ្នាក់បង្រៀនព្រះគម្ពីរ(Radio Bible Class) ដើម្បីឆ្លុះបញ្ចាំងអំពីការរីកលូតលាស់នៃសេវ៉ាកម្ម និងសម្ភារៈ ដែលយើងបានផ្តល់ជូនមិត្តភ័ក្រទាំងឡាយ នៅទូទាំងពិភពលោក ។
អ្នកដឹកនាំនៃអង្គការនំម៉ាណាប្រចាំថ្ងៃ
ដោយបានប្រកាន់ខ្ជាប់តាមគោលបំណងរបស់ខ្លួន អស់រយៈពេលជាង៦០ឆ្នាំមកហើយ អង្គការនំម៉ាណាប្រចាំថ្ងៃ ក៏បានបន្តផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ទៅដល់មនុស្សនៅគ្រប់ជាតិសាសន៍ ដោយជួយពួកគេឲ្យរីកលូតលាស់ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ និងចេះព្រះបន្ទូលព្រះកាន់តែច្រើន ។
សព្វថ្ងៃនេះ លោករិគ ដឺហាន(Rick DeHaan) ដែលជាចៅរបស់លោក អ៊ែម អ ដឺហាន(M. R. DeHann) កំពុងដឹកនាំអង្គការនេះ ។ ទោះមានការការរីកលូតលាស់ និងការផ្លាស់ប្តូរជាច្រើនក៏ដោយ ក៏អង្គការអប៊ីស៊ី នៅតែបន្តប្តេជ្ញាចិត្ត ចំពោះគោលការណ៍ ដែលបណ្ឌិត ដឺហាន បានប្រើ នៅក្នុងការបង្កើតអង្គការនេះ ។
បណ្ឌិត ដឺហាន៏(DeHann) ត្រូវបានគេនឹកចាំ ថាជាមនុស្សពិតរបស់ព្រះ ដែលបានស្រឡាញ់ព្រះអម្ចាស់ និងស្រឡាញ់ការបង្រៀនព្រះបន្ទូលទ្រង់ ។
ជាញឹកញាប់ គេហៅលោករីឆាត ដឺហាន(Richard DeHaan) ថា “អ្នកលើកទឹកចិត្ត” ដែលបានប្តេជ្ញាចិត្ត ថា នឹងនៅតែស្មោះត្រង់ជានិច្ចចំពោះព្រះបន្ទូលព្រះ ហើយនឹងនៅតែប្រកាន់យកនូវភាពត្រឹមត្រូវ នៅក្នុងការងារបម្រើព្រះ ។ គាត់ចូលចិត្តមានប្រសាសន៍ថា “ចូរទុកចិត្តព្រះ ហើយធ្វើការអ្វីដែលត្រឹមត្រូវ”។
លោកម៉ាត ដឺហាន(Mart DeHaan) ដែលជានាយកផ្នែកនិពន្ធក្នុងពេលបច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់ថា មានការប្រុងប្រយ័ត្ន នៅក្នុងការផ្តោតទៅលើភាពត្រឹមត្រូវនៃគោលលទ្ធិ និងចែកចាយព្រះបន្ទូលព្រះ យ៉ាងច្បាស់លាស់ និងចំចំណុច ។