ប្រទេសកម្ពុជា

ការងារបម្រើព្រះ ដែលអង្គការនំម៉ាណាប្រចាំថ្ងៃបានធ្វើ នៅប្រទេសកម្ពុជា បានចាប់ផ្តើមដោយមានបុគ្គលិកតែម្នាក់គត់ គឺមិទាន់មានលក្ខណៈជាអង្គការនៅឡើយទេ។ ការងាររបស់យើងមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដោយបុគ្គលិរបស់យើងម្នាក់បានមើលការខុសត្រូវ លើការបកប្រែ ការកែសម្រួលអត្ថបទ ការបោះពុម្ភ និងការចែកផ្សាយសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ ក្រោយមក ក្រុមការងាររបស់យើងក៏បានពង្រីក ដោយមានអ្នកបកប្រែមួយចំនួន និងអ្នកកែសម្រួលអត្ថបទម្នាក់ ដែលបានជួយឲ្យយើងខ្ញុំផលិត និងចែកផ្សាយធនធានបន្ថែមទៀត ជាជំនួយដល់ប្រិយមិត្តអ្នកអាន នៅក្នុងការដើរជាមួយព្រះជាប្រចាំថ្ងៃ។

សព្វថ្ងៃនេះ យើងបានចែកផ្សាយសៀវភៅសម្រាប់ប្រកបជាមួយព្រះប្រចាំថ្ងៃ ជាភាសាខ្មែរ សម្រាប់អានរយៈពេល៦ខែ ក៏ដូចជាក្រុមសៀវភៅការរុករកឃើញ ដែលមានប្រធានបទផ្សេងៗជាច្រើន។ សព្វថ្ងៃនេះ យើងក៏មានគេហទំព័រសៀវភៅនំម៉ាណាប្រចាំថ្ងៃ ជាភាសាខ្មែរ ដែលផ្តល់ឱកាសដល់អ្នកអានទាំងឡាយដែលមានអ៊ីនធើណែតប្រើ នៅទូទាំងប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសមួយចំនួន ឲ្យអាចអានអត្ថបទនំម៉ាណាប្រចាំថ្ងៃ និងស្តាប់សម្លេងអានសៀវភៅនំម៉ាណាប្រចាំថ្ងៃ ក៏ដូចជាទទួលបាននូវធនធានដទៃទៀត ហើយទន្ទឹមនឹងនោះ យើងខ្ញុំក៏បានបង្កើតទំព័រក្នុង Facebook សម្រាប់ទំនាក់ទំនង និងលើកទឹកចិត្តប្រិយមិត្តអ្នកអានផងដែរ។

យើងខ្ញុំបានប្រើប្រាស់ធនធានដែលយើងខ្ញុំមាន ដើម្បីសម្រេចគោលដៅឈោងចាប់ ទៅដល់ប្រជាជនកម្ពុជា ដោយសេចក្តីស្រឡាញ់របស់ព្រះ ហើយនាំប្រាជ្ញានៃព្រះបន្ទូលទ្រង់ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ទៅដល់គ្រប់ទិសទី ក្នុងប្រទេសជាតិយើងខ្ញុំ។