ក្នុងការប្រកួតអត្តពលកម្ម អាយរិនមែន(Ironman) មានការហែលទឹក ចម្ងាយ៣,៨ គីឡូម៉ែត្រ ការប្រណាំងកង់ចម្ងាយ ១៨០,២ គីឡូម៉ែត្រ និងការរត់ប្រណាំង ចម្ង៉ាយ ៤៦,១ គីឡូ ម៉ែត្រ ។ គេមិនងាយទទួលបានជោគជ័យ ក្នុងការប្រកួតនេះឡើយ ។ ប៉ុន្តែ លោកឌីក ហូយត៍(Dick Hoyt)បានចូលរួមនៅក្នុងការប្រកួតនេះ ហើយបានសម្រេចទៅដល់ទី ជាមួយកូនប្រុសរបស់គាត់ គឺរិក(Rick) ដែលជាជនពិការ ។ នៅពេលលោកឌីក ហែលទឹក គាត់បានសណ្តោងកូនប្រុសរបស់គាត់ ដែលនៅក្នុងកូនទូក ។ នៅពេលលោករីកប្រណាំងកង់ គាត់បានដាក់កូនប្រុសរបស់គាត់ ឲ្យអង្គុយនៅពីក្រោយគាត់ ។ នៅពេលលោកឌីករត់ប្រណាំង គាត់បានរុញកូនប្រុសរបស់គាត់ ដែលអង្គុយនៅលើកៅអីរុញ ។ រិកបានពឹងផ្អែកទៅលើឪពុករបស់ខ្លួន ដើម្បីទៅដល់ទី បើពុំនោះទេ គាត់មិនអាចទទួលជោគជ័យបានឡើយ ។
យើងអាចឃើញភាពស្របគ្នា រវាងរឿងរបស់ពួកគេ និងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ ។ រិកបានពឹងផ្អែកទៅលើឪពុករបស់គាត់ ចំណែកយើងវិញ គឺពឹងផ្អែកទៅលើព្រះគ្រីស្ទ ដើម្បីទទួលជោគជ័យនៅក្នុងការរត់ប្រណាំងនៃគ្រីស្ទបរិស័ទ ។
នៅពេលយើងព្យាយាមរស់នៅ តាមបំណងព្រះទ័យព្រះ យើងដឹងថា ទោះបីជាយើងមានបំណងចិត្ត និងការប្តេជ្ញាចិត្តដ៏ល្អបំផុតក៏ដោយ ក៏ជាញឹកញាប់ យើងមានការជំពប់ដួល ហើយខ្វះខាត ។ បើយើងពឹងផ្អែកទៅលើកម្លាំងរបស់យើង នោះយើងមិនអាចទទួលជោគជ័យបានឡើយ ។ យើងពិតជាត្រូវការជំនួយពីព្រះអម្ចាស់ខ្លាំងណាស់! ហើយទ្រង់បានប្រទាននូវជំនួយដល់យើងហើយ ។ សាវ័កប៉ុលបានប្រកាសអំពីជំនួយនេះ ដោយពាក្យថា “ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ”(កាឡាទី ២:២០)។
យើងមិនអាចរត់ប្រណាំងទៅដល់ទីនៃគ្រីស្ទបរិស័ទបានឡើយ បើយើងពឹងផ្អែកលើកម្លាំងរបស់ខ្លួននោះ ។ យើងត្រូវរត់ប្រណាំង ដោយពឹងផ្អែកលើព្រះយេស៊ូវ ដែលរស់ក្នុងយើង ។ – Albert Lee