ពេលភ្នាក់ងាររដ្ឋាភិបាលហ្វឹកហ្វឺនបុគ្គលិកធនាគារ ឲ្យចេះកំណត់ប្រាក់ក្លែងក្លាយ នោះពួកគេអាចបញ្ជាក់ថាប្រាក់ណាក្លែងក្លាយ ប្រាក់ណាពិតប្រាកដ។ ដើម្បីលុបបំបាត់ការក្លែងបន្លំក្រដាសប្រាក់ ពួកគេត្រូវស្វែងរកភាពខុសគ្នារវាងក្រដាសប្រាក់ពិតប្រាកដ និងក្រដាសប្រាក់ក្លែងក្លាយ គឺពួកគេមិនស្វែងរកលក្ខណៈស្រដៀងគ្នានោះឡើយ។
នៅក្នុងបទគម្ពីរ១យ៉ូហាន ២ លោកយ៉ូហានជួយអ្នកជឿឲ្យចេះការពារខ្លួនពីពួកបោកបញ្ឆោត ដោយបង្ហាញគំរូរបស់គ្រូបង្រៀន និងគ្រីស្ទបរិស័ទក្លែងក្លាយ។ មានសញ្ញាសម្គាល់មួយនៅសម័យចុងក្រោយនេះ គឺពួកប្រឆាំងព្រះគ្រីស្ទ(១យ៉ូហាន ២:១៨)។ ពួកប្រឆាំងព្រះគ្រីស្ទ គឺអស់អ្នកណាដែលប្រកាសថា មានប្ញទ្ធានុភាព និង សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តែតាមពិតពួកគេមិនមានទេ ឬក៏អស់អ្នកណាដែលបដិសេធ និងប្រឆាំងព្រះគ្រីស្ទ និង សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ។
លោកយ៉ូហានបានបង្ហាញសញ្ញាសម្គាល់៣យ៉ាងរបស់គ្រូក្លែងក្លាយ ដែលគ្រប់គ្រងដោយវិញ្ញាណអាក្រក់ និងពួកប្រឆាំងព្រះគ្រីស្ទ៖ ពួកគេមិនមែនជាគ្នាយើងទេ(ខ.១៩) ពួកគេបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទ (ខ.២២) ពួកគេបោកបញ្ឆោតអ្នកជឿចេញពីព្រះយេស៊ូវ(ខ.២៦)។ លោកយ៉ូហានលើកទឹកចិត្តអ្នកជឿឲ្យចេះការពារខ្លួនប្រឆាំងនឹងវិញ្ញាណនៃពួកប្រឆាំងព្រះគ្រីស្ទ ដោយពឹងផ្អែកលើវត្តមានព្រះវិញ្ញាណបរិសុទ្ធ ស្គាល់សេចក្តីពិត និងនៅជាប់នៅជាមួយព្រះយេស៊ូវ។
យើងអាចការពារខ្លួនពីកំហុស និងការភាន់ច្រឡំទាំងឡាយ ស្វែងយល់កំហុស របស់យើងដោយសេចក្តីពិត គឺជាព្រះយេស៊ូវគ្រីស្ទ។-Marvin Williams