ជីវិតកាន់តែវេទនា
នៅខែសីហាឆ្នាំ២០០៩ លោកប្ល៊ែរ(Blair) និងអ្នកស្រីរ៉ូណា ម៉ាទីន(Ronna Martin)បានបាត់បង់កូនប្រុសអាយុ៩ឆ្នាំ ឈ្មោះម៉ាទី(Martti)ដោយសារតែគោជាន់ស្លាប់។ ក្រោយមក ខ្ញុំក៏បានមានឱកាសជួបគ្រួសារមួយនេះ នៅតំបន់ខេនណៃ ក្នុងរដ្ឋអាឡាស្កា ហើយក៏បានចូលរួមរំលែកទុក្ខផងដែរ។
ខ្ញុំដឹងថា សោកនាដកម្មនេះមានសភាពធ្ងន់ធ្ងរកម្រិតណាសម្រាប់ក្រុមគ្រួសានេះ។ ខ្ញុំដឹងថា ពួកគេកំពុងតែស្វែងរកជំនួយមកពីព្រះអម្ចាស់ ដើម្បីឲ្យទ្រង់ជួយសម្រាលទុក្ខរបស់ពួកគេ។ នៅខណៈពេលនោះ ម្តាយរបស់ម៉ាទីបានធ្វើការសង្កេតមើល ដ៏មានតម្លៃយ៉ាងខ្លាំង ចំពោះអ្នកដែលកំពុងឆ្លងកាត់ជ្រលងជីវិត។ ពេលអ្នកស្រី រ៉ូណាកំពុងធ្លាក់ទឹកចិត្ត គាត់បានអានព្រះគម្ពីរ ២កូរិនថូស ១:៩ ដែលចែងថា “មិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់បានរស់ឡើងនោះវិញ”។ នាងមានអារម្មណ៍ថា ព្រះយេស៊ូវហាក់ដូចជា កំពុងមានបន្ទូលមកនាងថា “រ៉ូណាអើយ! បិតាដឹងថាដំណើរជីវិតរបស់កូនលំបាក់ណាស់ទៅហើយ ហើយកូនក៏រសាយចិត្តផង។ ចូរកុំឲ្យខ្មាសអៀន ចំពោះការខ្សោះល្វើយនោះឡើយ។ ផ្ទុយទៅវិញ ចូរកូនដឹងថា នេះជាឱកាសមួយសម្រាប់ឲ្យបិតា មើលថែជីវិតរបស់កូន”។
នៅពេលណាដំណើរជីវិតរបស់យើងជួបឧបសគ្គ ពិបាកឆ្ពោះទៅមុខទៀត បទគម្ពីរ ២កូរិនថូស ១:៩ បានរំឭកយើងថា យើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើងមានព្រះមួយអង្គចាំជួយយើងជានិច្ច ទ្រង់មានប្ញទា្ធនុភាពរស់ពីសុគតឡើងវិញ ហើយទ្រង់បង្ហាញប្ញទ្ធានុភាពរបស់ទ្រង់ម្តងទៀត ពេលទ្រង់ប្រោសអ្នកជឿដ៏ជាទីស្រឡាញ់គ្រប់ជំនាន់ ឲ្យទទួលជីវិតអស់កល្បជានិច្ច។ អ្នកស្រីរ៉ូណាមានប្រសាសន៍ថា “កម្លាំងនិងក្តីសង្ឃឹមរបស់ខ្ញុំ គឺបានទទួលមកពីព្រះគ្រីស្ទតែមួយគត់”។ នេះគឺជាការពិតដែលយើងត្រូវតែដឹង ពេលណាយើងធ្វើដំណើរតាមផែនការណ៍ ដែលព្រះអម្ចាស់ប្រទានមកយើង។_Dave Brannon