នៅថ្ងៃទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នកតាំងទីលំនៅប្រហែល៥០ក្រុមគ្រួសារ នៅក្នុងភូមិមួយ នៅក្រុងលេនខាស់ស្ទ័រ រដ្ឋម៉ាសាឈូសេត កំពុងខ្លាចជនជាតិដើម នៅអាមេរិក វាយលុកចូលកន្លែងរស់នៅរបស់ពួកគេ។ លោកយ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែលជាអ្នកបម្រើព្រះនិកាយភួរីទិន(Puritan) នៅក្នុងភូមិនោះ កំពុងសុំការការពារពីរដ្ឋាភិបាល នៅក្រុងបូស្តុន(Boston) ពេលដែលអ្នកស្រីម៉ារី(Mary) ដែលជាភរិយារបស់គាត់ កំពុងនៅជាមួយកូនៗ ក្នុងភូមិនោះ។ ពេលថ្ងៃរះឡើង ពួកជនជាតិដើមទាំងនោះ ក៏បានវាយលុកចូលក្នុងភូមិ។ ពួកនោះសម្លាប់ប្រជាជនមួយចំនួន ហើយបានចាប់អ្នកស្រីម៉ារី និងអ្នកដែលរួចជីវិតដទៃទៀត យកទៅជាមួយ។ អ្នកស្រីម៉ារីបានពិសោធនឹងភាពសប្បុរស ក៏ដូចជាភាពសាហាវព្រៃផ្សៃរបស់ពួកនោះ។ ពួកជនជាតិដើមអាមេរិក បានដឹងលក្ខណៈនៃជំនឿសាសនារបស់ប្រជាជនទាំងនោះ បានជាពួកគេប្រគល់ព្រះគម្ពីរមួយក្បាលឲ្យនាង គឺព្រះគម្ពីរដែលពួកគេបានរឹបអូសយកកាលនោះ។ ក្រោយមក នាងក៏បានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់នាង អំពីការនឹកចាំអំពី “សេចក្តីសប្បុរសរបស់ព្រះ ដែលបានប្រទាននូវបទគម្ពីរជាច្រើន ដើម្បីលើកទឹកចិត្តនាង ត្រូវនឹងស្ថានភាពដ៏លំបាក ក្នុងពេលនោះ”។ ព្រះបន្ទូលព្រះបានផ្តល់ឲ្យនាង នូវការកម្សាន្តចិត្តដ៏អស្ចារ្យ មុនពេលគេលោះនាង នៅថ្ងៃទី២ ខែសីហា។
ពេលដែលពួកសាសន៍យូដាបានដឹងថា ចក្រភពបាប៊ីឡូន នឹងលើកទ័ពចូលមកចាប់ពួកគេជាឈ្លើយ(អេសាយ ៣៩:៥-៧) ពួកគេប្រាកដជាមានទុក្ខព្រួយជាខ្លាំង។ ប៉ុន្តែ សូម្បីតែនៅពេលដែលពួកគេកំពុងរង់ចាំទុក្ខវេទនានោះមកដល់ ក៏ព្រះទ្រង់នៅតែកម្សាន្តចិត្តពួកគេ ដោយពាក្យថា “ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ!”(ខ.៨)។
តើអ្នកធ្លាប់ស្ថិតនៅក្នុងស្ថានភាព ដែលចាប់ចងវិញ្ញាណអ្នក ដែលធ្វើឲ្យអ្នកមិនអាចគ្រប់គ្រងឬទេ? បើសិនជាធ្លាប់មែន នោះសូមអាន ហើយជញ្ជឹងគិតព្រះបន្ទូលទ្រង់។ បន្ទាប់មក សូមពិសោធនឹងការកម្សាន្តចិត្តរបស់ព្រះចុះ។–Dennis Fisher