ដើមស្លឹករញ្ជួយ
ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅលេង នៅឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន(Michigan) ខ្ញុំក៏បានចាប់អារម្មណ៍លើដើមឈើពីរដើម។ ថ្វីបើស្លឹកឈើនៃដើមដទៃទៀតដែលនៅជុំវិញមិនកំរើកក៏ដោយ ក៏ស្លឹកនៃដើមឈើទាំងនេះបែរជាបក់រវិចៗ ដោយគ្រាន់តែមានខ្យល់បក់តិចៗប៉ុណ្ណោះ។ ខ្ញុំក៏ចង្អុលប្រាប់ភរិយារបស់ខ្ញុំ ហើយនាងប្រាប់ខ្ញុំថា ដើមឈើនោះ ឈ្មោះដើមស្លឹករញ្ជួយ។ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពនៃស្លឹកឈើ ដែលកំពុងតែញ័របែបនោះ។ ខណៈដែលដើមឈើដទៃទៀត មើលទៅហាក់ដូចជានៅស្ងៀម ហើយនៅទ្រឹង ស្លឹកឈើទាំងនោះបែរជាកម្រើក ទោះខ្យល់គ្រាន់តែបក់រហៀកៗតិចៗប៉ុណ្ណោះ។
ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចជាដើមស្លឹករញ្ជួយនោះដែរ។ មនុស្សដែលនៅជុំវិញខ្ញុំ ហាក់ដូចជារស់នៅក្នុងជីវិត ដោយគ្មានបញ្ហា និងឥតក្តីបារម្ភសោះ មើលទៅដូចជានឹងនរ ហើយសុខស្រួល ខណៈពេលដែលខ្ញុំគ្មានចិត្តស្ងប់ ដោយសារបញ្ហាដ៏តូចបំផុត។ ខ្ញុំមើលទៅអ្នកដទៃ ហើយស្ងើចសរសើរ ចំពោះភាពស្ងប់សុខរបស់ពួកគេ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏ឆ្ងល់ផងដែរ ថាហេតុអ្វីបានជាជីវិតរបស់ខ្ញុំងាយនឹងរញ្ជួយម្ល៉េះ។ តែខ្ញុំអរព្រះគុណព្រះអម្ចាស់ ដែលបានរំឭកខ្ញុំតាមរយៈបទគម្ពីរថា យើងអាចរកឃើញភាពស្ងប់សុខដ៏ពិត និងថិតថេរ នៅក្នុងព្រះវត្តមាននៃព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្ដល់សេចក្តីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះទ្រង់មិនត្រឹមតែប្រទានមកនូវសេចក្តីសុខសាន្តប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គទ្រង់ផ្ទាល់គឺជាព្រះអម្ចាស់នៃសេចក្តីសុខសាន្តតែម្តង។
នៅពេលយើងជួបការរំខាន និងភាពមិនស្ងប់សុខនៅក្នុងជីវិត នោះយើងចាំបាច់ត្រូវដឹងថា សេចក្តីសុខសាន្តដ៏ពិត គឺមាននៅក្នុងព្រះនៃសេចក្តីសុខសាន្ត។ — Bill Crowder