លោកវីឡាត អេសបូយល(Willard S. Boyle) ជាអ្នកដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងផ្នែករូបវិទ្យា និងបានចូលរួម ក្នុងការឆ្នៃបង្កើត “ភ្នែកអេឡិចត្រូនិក” ដែលគេបានប្រើក្នុងកាមីរ៉ាឌីជីធល និងកែវយឺតអាវកាសហាប់ប៊ល(Hubble)។ មានពេលមួយ គាត់បានទៅផ្សា ដើម្បីរកមើលកាមីរ៉ាឌីជីធលថ្មីមួយគ្រឿង ហើយក៏បានទៅមើលនៅហាងមួយ នៅក្រុងហាលីហ្វាក(Halifax) ខេត្តណូវា ស្កូធា(Nova Scotia) ប្រទេសកាណាដា។ បុរសដែលជាភ្នាក់ងារលក់ បានព្យាយាមពន្យល់ ភាពសាំញ៉ាំនៃកាមីរ៉ាដល់លោកបូយល តែលោកបូយលបានឲ្យឈប់ពន្យល់វិញ ព្រោះគាត់មានអារម្មណ៍ថា វាហាក់ដូចជាសាំញ៉ាំពេកសម្រាប់គាត់។ បន្ទាប់មក លោកបូយលក៏បាននិយាយត្រង់ៗ ទៅកាន់បុរសនោះតែម្តងថា “អ្នកមិនចាំបាច់ពន្យល់ខ្ញុំទេ ព្រោះខ្ញុំជាអ្នកឆ្នៃបង្កើតវាមក”។
បន្ទាប់ពីព្រះបានអនុញ្ញាតឲ្យសាតាំងល្បងលលោកយ៉ូប ដោយដកយកក្រុមគ្រួសារ សុខភាព និងទ្រព្យសម្បត្តិចេញពីគាត់ហើយ(យ៉ូប ១-២) លោកយ៉ូបក៏បានទួញសោក ចំពោះថ្ងៃកំណើតរបស់គាត់(ជំពូក៣)។ ក្នុងជំពូកបន្ទាប់ លោកយ៉ូបក៏បានទូលសួរព្រះ ថាហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យគាត់ ទទួលរងនូវការឈឺចាប់ដ៏ខ្លាំងយ៉ាងនេះ។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូលរំឭកគាត់ ដោយផ្ទាល់ថា ទ្រង់ “បានច្នៃបង្កើត” ជីវិត ហើយបានបង្កើតពិភពលោក(ជំពូក ៣៨-៤១)។ ទ្រង់បានឲ្យគាត់គិតឡើងវិញ អំពីអ្វីដែលគាត់បាននិយាយមុននោះ។
ព្រះទ្រង់ក៏បានបង្ហាញឲ្យលោកយ៉ូបដឹងថា គាត់មានភាពល្ងង់ខ្លៅប៉ុណ្ណា ដោយនាំឲ្យគាត់ពិចារណាអំពីអំណាចគ្រប់គ្រងរបស់ទ្រង់ និងអំពីជម្រៅនៃប្រាជ្ញាទ្រង់ ដែលបានសម្តែងឡើង នៅគ្រប់ទិសទី ក្នុងលោកិយនេះ(៣៨:៤-៤១)។
ពេលណាមានការល្បួង ដែលនាំឲ្យយើងចង់ទូលព្រះថា ជីវិតរបស់មនុស្សគួរមានដំណើរការយ៉ាងនេះ ឬយ៉ាងនោះ នោះសូមយើងចាំថា ទ្រង់ជាអ្នកដែលបានច្នៃបង្កើតជីវិតមនុស្សមក! សូមយើងអនុញ្ញាតឲ្យទ្រង់ជួយ ឲ្យយើងបន្ទាបខ្លួន និងទទួលស្គាល់ភាពល្ងង់ខ្លៅរបស់យើង ហើយពឹងផ្អែកលើទ្រង់ ដែលជាអ្នកបង្កើតសកលលោកទាំងមូល។—Marvin Williams