លោកម៉ាធូ លីត(Mathew Litt) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា បុណ្យណូអែល ឆ្នាំ១៩៤៥ ដែលក្នុងសៀវភៅនោះ គាត់បាននិយាយ អំពីការអបអរសាទរពិធីបុណ្យណូអែល ក្នុងពេលមានសន្តិភាពជាលើកដំបូង នៅសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ ទន្ទឹមនឹងនោះ ដើម្បីជម្រាបអ្នកអាន ឲ្យទន្ទឹងរង់ចាំទស្សនានាវាចម្បាំងមួយកង នៅកំពង់ផែក្រុងញូយ៉ក កាសែត ញូយ៉ក ដេលី(The New York Daily) បានជូនដំណឹងថា “នៅថ្ងៃបុណ្យណូអែល យើងនឹងបានឃើញកងនាវាដ៏ជាញជ័យ ដែលរួមមាន នាវាចម្បាំង៤គ្រឿង នាវាផ្ទុកយន្តហោះ៦គ្រឿង នាវាល្បាត៧គ្រឿង និងនាវាពិឃាដ២៤គ្រឿង”។ ប៉ុន្តែ នាវាទាំងនោះមិនមែនមកធ្វើសង្រ្គាមទេ ផ្ទុយទៅវិញ ពួកគេបានទទួលកុមារក្រីក្រ១ពាន់នាក់ នៅក្នុងនាវាទាំងនោះ។
គេបានវ៉ាស់ខ្នាតកុមារទាំងនោះទុកជាមុន ដើម្បីឲ្យពួកគេម្នាក់ៗអាចពាក់អាវពណ៌ខៀវរបស់កងទ័ពជើងទឹក និងពាក់មួកកាតិបធ្វើពីរ៉ោមចៀម នៅលើនាវាបានយ៉ាងសមសួន។ អាវនឹងមួកទាំងនេះ ត្រូវបានគេវេចខ្ចប់ជាអំណោយទុកជាស្រេច សម្រាប់ត្រៀមចែកកុមារទាំងនោះ នៅលើនាវា។
គេបានធ្វើឲ្យនាវាចម្បាំងទាំងអស់នេះ ក្លាយជានាវាដែលនាំសេចក្តីអាណិត។ ហោរាអេសាយបានថ្លែងទំនាយ អំពីថ្ងៃដែលព្រះគ្រីស្ទនឹងយាងមកគ្រប់គ្រងផែនដីនេះ ដោយសុខសាន្ត គឺដូចដែលមានសេចក្តីចែងថា “គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ”(២:៤)។ ថ្ងៃបុណ្យណូអែល ជាថ្ងៃដែលរំឭកយើងរាល់គ្នាថា នៅទីបញ្ចប់ ព្រះអម្ចាស់នៃសន្តិភាព ទ្រង់នឹងនាំមកនូវភាពសុខសាន្តត្រាន និងសេចក្តីអាណិត នៅទូទាំងពិភពលោក។
ពេលយើងប្រាព្ធពិធីរំឭកពីការយាងមកលើកទីមួយ នៃព្រះអម្ចាស់នៃសន្តិភាព ហើយរង់ចាំការយាងមកវិញរបស់ទ្រង់ សូមយើងចាំថា យើងមានអភ័យឯកសិទ្ធិបម្រើទ្រង់ ក្នុងនាមជា“អ្នកនាំសេចក្តីអាណិត” របស់ទ្រង់។—Dennis Fisher