កាលពីពេលកន្លងទៅ តារាភាពយន្តដែលបានឈ្នះពានរង្វាន់អេមមី(Emmy) បានក្រោកឈរឡើង ហើយដើរចេញទៅខាងក្រៅ ដោយចិត្តក្លាហាន នៅពេលដែលកម្មវិធីពាន់រង្វាន់តន្រ្តីអាមេរិកប្រចាំឆ្នាំ កំពុងតែប្រព្រឹត្តទៅ។ មូលហេតុដែលនាងបានសម្រេចិត្តធ្វើដូចនេះ គឺដោយសារតែនាងមានការមិនសប្បាយចិត្ត និងខកចិត្តកាន់តែខ្លាំង ដោយសារតែ “ការនិយាយចម្អកឡកឡឺយ យ៉ាងស្មោកគ្រោក និងការបញ្ចេញយោបល់ដ៏អសុរោះ និងអាសអាភាស” របស់ពួកអ្នកឡើងធ្វើបទបង្ហាញ អ្នកសម្តែង និងពិធីករ។ នាងនិយាយថា កម្មវិធីនៅពេលល្ងាចថ្ងៃនោះ គឺជាការមាក់ងាយ មកលើអស់អ្នកដែលស្រឡាញ់ភាពថ្លៃថ្នូរ និងមានការគោរពខ្លួនឯង។
ការនិយាយស្តីឥតបើគិត ក៏ជាបញ្ហា ដែលកើតមានក្នុងសម័យរបស់សាវ័កប៉ុលផងដែរ។ គាត់បានរំឭកគ្រីស្ទបរិស័ទ នៅក្រុងអេភេសូរថា ពួកគេត្រូវតែលះអស់ទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត និងពាក្យកំប្លែងស្មោកគ្រោក ពាក្យមួលបង្កាច់ ពាក្យសម្តីអាសអាភាស ចេញពីជីវិតរបស់ពួកគេ(អេភេសូរ ៥:៤ កូល៉ុស ៣:៨)។ ពាក្យសម្តីទាំងនោះបានបង្ហាញពីជីវិតចាស់របស់ពួកគេ(១កូរិនថូស ៦:៩-១១) ហើយវាមិនសក្តិសម ចំពោះអត្តសញ្ញាណថ្មីរបស់ពួកគេក្នុង ព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ ជីវិតរបស់ពួកគេត្រូវតែមានភាពត្រឹមត្រូវ ដោយពាក្យសម្តីដែលសមរម្យ។ ពាក្យសម្តីដែលល្អ ឬត្រឹមត្រូវរបស់ពួកគេ នឹងផ្តល់ព្រះគុណដល់អ្នកដែលស្តាប់(អេភេសូរ ៤:២៩)។ ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយការពារពាក្យសម្តីរបស់ពួកគេ ហើយធ្វើឲ្យពួកគេភ្ញាក់ខ្លួន ពេលដែលពួកគេនិយាយពាក្យសម្តីដែលស្មោកគ្រោក ព្រមទាំងជួយពួកគេ ឲ្យចេះប្រើពាក្យសម្តី ដែលមានប្រយោជន៍ចំពោះអ្នកដទៃ(យ៉ូហាន ១៦:៧-១៣)។
ព្រះបានត្រាសហៅយើងឲ្យឆ្លុះបញ្ចាំងជីវិតយើង ឲ្យអ្នកដទៃឃើញទ្រង់ តាមរយៈការរស់នៅរបស់យើង ដែលរាប់បញ្ចូលទាំងពាក្យសម្តីរបស់យើងផងដែរ។ សូមឲ្យមាត់របស់យើងបានពេញទៅដោយពាក្យអរព្រះគុណ និងមានប្រយោជន៍ចំពោះអ្នកដទៃ។–Marvin Williams