លោកស្ទីវ ចប(Steve Job) ជាសហស្ថាបនិកនៃក្រុមហ៊ុនអេបផល។ ពេលដែលគាត់កំពុងតយុទ្ធនឹងជម្ងឺមហារីកប្រចាំកាយ គាត់បានមានប្រសាសន៍ថា “ការដែលខ្ញុំចាំថា ខ្ញុំនឹងស្លាប់ ក្នុងពេលដ៏ខ្លីខាងមុននេះ ជាគន្លឹះមួយដ៏សំខាន់បំផុត ដែលខ្ញុំបានជួប ដែលនឹងជួយឲ្យខ្ញុំ ធ្វើការសម្រេចចិត្តដ៏ធំ ក្នុងជីវិត។ ព្រោះថាអ្វីៗទាំងអស់ ដែលមានដូចជា ការរំពឹងចង់បានតែសម្បកក្រៅ មោទនភាពទាំងអស់ ទាំងការភ័យខ្លាច ការអាម៉ាស ក៏ដូចជាការខ្លាចបរាជ័យ របស់ទាំងអស់នេះនឹងរលាយបាត់អស់ ពេលដែលយើងស្លាប់ទៅ ដោយបន្សល់ទុក តែរបស់អ្វីដែលពិតជាសំខាន់ប៉ុណ្ណោះ”។ ត្រង់ចំណុចនេះ ការឈឺចាប់របស់គាត់ បានជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់គាត់។
ប៉ុន្តែ សម្រាប់សាវ័កពេត្រុសវិញ គាត់ចង់លើកទឹកចិត្តអ្នកអានសំបុត្ររបស់គាត់ ឲ្យប្រើការឈឺចាប់ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេ មានប្រយោជន៍អស់កល្បជានិច្ច។ ហើយគាត់ចង់ឲ្យការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវលើកទឹកចិត្តពួកគេ ឲ្យទទួលយកសង្គ្រាមខាងវិញ្ញាណ និងការបៀតបៀន កើតចេញពីការប្រកាសព្រះនាមព្រះយេស៊ូវ។ ដោយសារតែពួកគេស្រឡាញ់ព្រះយេស៊ូវ នោះការឈឺចាប់ក្លាយជារឿងធម្មតា។ ការរងទុក្ខរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាការលើកទឹកចិត្ត ឲ្យបោះចោលសេចក្តីប៉ងប្រាថ្នា ដែលពេញដោយអំពើបាប ហើយព្រមស្តាប់បង្គាប់តាមព្រះវិញ(១ពេត្រុស ៤:១-២)។ បើពួកគេចង់ឲ្យជីវិតខ្លួន មានប្រយោជន៍អស់កល្បជានិច្ច នោះពួកគេត្រូវឈប់ដេញតាមការសប្បាយ នៃលោកិយដែលមានតែបណ្តោះអាសន្ន ហើយត្រូវព្រមរស់នៅ ឲ្យគាប់ព្រះហប្ញទ័យព្រះវិញ។
ការនឹកចាំថា ព្រះយេស៊ូវបានរងទុក្ខ និងសុគត ដើម្បីអត់ទោសបាបយើង ជាការនឹកចាំដ៏សំខាន់បំផុតក្នុងគំនិតយើង ដែលបណ្តាលចិត្តយើង ឲ្យធ្វើការសម្រេចចិត្តដោយកោតខ្លាចព្រះនៅថ្ងៃនេះ និងធ្វើឲ្យជីវិតយើងមានប្រយោជន៍អស់កល្បជានិច្ច។–Marvin Williams