ជារៀងរាល់ឆ្នាំ ក្នុងខែមិនា ការណាំងរទេះ តាមផ្លូវលំ អ៊ីឌីតារ៉ត(Iditarod) តែងតែប្រារព្ធឡើង នៅរដ្ឋអាឡាស្កា។ នៅក្នុងការប្រកួតនោះ សត្វឆ្កែទាំងហ្វូងដែលអូសរទេះ និងអ្នកបររទេះ ត្រូវបានគេហៅថា “មូស័រ” ហើយពួកគេត្រូវប្រណាំង ក្នុងចម្ងាយផ្លូវជាង ១៦០០គីឡូម៉ែត្រ ចាប់ពីក្រុងអេនខូរីច(Anchorage)ទៅក្រុងណូម(Mome)។ ក្រុមដែលចូលរួមប្រកួតទាំងអស់ នឹងត្រូវឆ្លងកាត់ចម្ងាយផ្លូវនេះ ក្នុងរយៈពេល ពី៨ទៅ១៥ថ្ងៃ។ កាលពីឆ្នាំ២០១១ លោកចន បេឃ័រ(John Baker) បានបំបែកឯកត្តកម្មថ្មីមួយ ដោយឆ្លងកាត់ចម្ងាយផ្លូវនេះ ក្នុងរយៈពេលត្រឹមតែ៨ថ្ងៃ ១៩ម៉ោង ៤៦នាទី និង៣៩វិនាទីប៉ុណ្ណោះ។ ការនេះសបញ្ជាក់ថា ការធ្វើការជាក្រុម រវាងហ្វូងឆ្កែអូសរទេះ និងសត្វឆ្កែ ពិតជាគួរឲ្យកត់សំគាល់ណាស់ ហើយអ្នកចូលរួមការប្រកួត សុទ្ធតែខំប្រឹងប្រែង ដោយផ្តោតទៅលើការដណ្តើមយកជ័យជម្នះឲ្យបាន។ អ្នកឈ្នះលេខ១ទទួលរង្វាន់ជាទឹកប្រាក់ និងបានរថយន្តភីកអាប់ថ្មីមួយគ្រឿង។ ប៉ុន្តែ ដោយសារពួកគេមានការទ្រាំទ្រនឹងអាកាសធាតុដ៏អាក្រក់ នោះការកោតសរសើរ និងរង្វាន់ដែលគេទទួលបាន ហាក់បីដូចជាមិនសំខាន់ និងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។
សាវ័កប៉ុលក៏មានការយល់ដឹង អំពីភាពរំភើបរីករាយដែលមានក្នុងការប្រណាំងផងដែរ គ្រាន់តែគាត់បាននិយាយ អំពីការប្រណាំងនេះ ដើម្បីពន្យល់អំពីរង្វាន់ដ៏អស្ចារ្យអស់កល្បជានិច្ចវិញ។ លោកប៉ុលបានសរសេរថា “ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំសង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នេះដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដមួយដែលមិនចេះពុករលួយឡើយ” (១កូរិនថូស ៩:២៥)។
ជួនកាល យើងជួបការល្បួង ដែលនាំឲ្យផ្តោតចិត្តទៅលើរង្វាន់បណ្តោះអាសន្ន ដែលត្រូវវិនាសនៅពេលណាមួយ។ ប៉ុន្តែ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើរបស់ដែលសិ្ថតស្ថេរវិញជាការប្រសើរជាង។ យើងថ្វាយព្រះកិត្តិនាមដល់ព្រះ តាមរយៈការស្វែងរកឥទ្ធិពលខាងវិញ្ញាណ ដែលនឹងនាំឲ្យបានរង្វាន់ដ៏អស់កល្បជានិច្ចវិញ។–Dennis Fisher