មានគ្រីស្ទបរិស័ទជាច្រើន ចង់ចំណាយពេលជារៀងរាល់ថ្ងៃ ជាមួយព្រះ ដោយការអធិស្ឋាន និងការ អានព្រះបន្ទូលព្រះអង្គ។ ប៉ុន្តែ ពួកគេតែងតែមានការរំខាន ដោយសារកាលវិភាគដ៏មមាញឹករបស់ខ្លួន។ ពួកគេមានការខកបំណងកាន់តែខ្លាំងឡើង នៅពេលដែលភាពរវល់ ហាក់ដូចជាចេះតែរុញច្រានចូល មកក្នុងចន្លោះទំនេរ ក្នុងកាលវិភាគរបស់ពួកគេ។
លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើសេចក្តីពន្យល់ដ៏មានន័យ អំពីអំណាចដែលធ្វើឲ្យមានការផ្លាស់ប្រែ ដែលកើតមាន ក្នុងការចំណាយសូម្បីតែ៥នាទី ក្នុងព្រះវត្តមាននៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំណាយពេលដ៏ខ្លី ដើម្បីអធិស្ឋានទូលអង្វរ និងជញ្ជឹងគិតព្រះបន្ទូលព្រះ ក៏នៅតែមានតម្លៃដ៏ធំ បានជាគាត់មានប្រសាសន៍ថា “ការដែលយើងចំណាយពេលវេលាច្រើន មិនប្រាកដថា នឹងសូនច្នៃយើងនោះទេ ប៉ុន្តែ អ្វីដែលពិតជាសូនច្នៃយើងនោះ គឺការចំណាយពេលវេលា ទៅលើការអ្វីដែលមានអំណាចចេស្តាដ៏អស្ចារ្យបំផុត។ រយៈពេល៥នាទី ដែលយើងចំណាយជាមួយព្រះ និងព្រះបន្ទូល មានតម្លៃវិសេសជាងពេលវេលាផ្សេងទៀត ពេញមួយថ្ងៃ។” ត្រង់ចំណុចនេះ គេប្រហែលជាយល់ថា លោកឆេមប៊័រ បាននិយាយជ្រុលពេកហើយ។ ប៉ុន្តែ យើងនៅតែអាចទទួលលទ្ធផលដ៏មានអំណាច ទោះយើងបានចំណាយពេលដ៏ខ្លីជាមួយព្រះអង្គក៏ដោយ ព្រោះព្រះទ្រង់ មានពេញដោយអំណាចចេស្តា។
ពេលខ្លះ ពេលវេលាប្រចាំថ្ងៃរបស់យើង មានពេញដោយតម្រូវការដ៏មមាញឹក ដែលធ្វើឲ្យយើងពិបាករកពេលស្ដាប់ និងឆ្លើយតបចំពោះព្រះអង្គ។ ប៉ុន្តែ មិនថាយើងនៅទីកន្លែងណាក៏ដោយ ឲ្យតែយើងបានចំណាយពេលដើម្បីស្អាង “អាសនា” ខាងឯព្រលឹងវិញ្ញាណរបស់យើងថ្វាយព្រះ ដូចដែលលោកអ័ប្រាហាំបានស្អាង(លោកុប្បត្តិ ១២:៨) នោះមានន័យថា យើងកំពុងបើកទ្វារ ឲ្យអំណាចរបស់ព្រះអង្គ ចូលមកជួយឲ្យជីវិតផ្លាស់ប្រែហើយ។ បើសិនជាលោកអ្នកកំពុងពិបាករៀបចំឲ្យមានពេលវេលាជាមួយព្រះ នោះលោកអ្នកអាចចាប់ផ្ដើម ដោយការចំណាយពេលត្រឹមតែ៥នាទី ហើយចាំមើលថាតើនឹង មានអ្វីកើតឡើង។ ព្រះនៃយើង ទ្រង់សព្វព្រះទ័យ នឹងចំណាយពេលជាមួយយើង ហើយសំដែងព្រះចេស្ដារបស់ព្រះអង្គ ក្នុងជីវិតរបស់យើង។—Dennis Fisher