លោក អាល់ហ្វ្រេឌ ណូបែល(Alfred Nobel) រកបានប្រាក់យ៉ាងច្រើន ពីការច្នៃប្រឌិតរំសេវផ្ទុះ ដែលបានផ្លាស់ប្ដូររបៀបនៃការធ្វើសង្រ្គាម។ ក្រោយមក រំសេវផ្ទុះបាននាំឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងសម័យសង្រ្គាម ប្រហែលមកពីហេតុនេះហើយ បានជាគាត់បានធ្វើពាក្យបណ្ដាំមួយ ឲ្យគេធ្វើកម្មវិធីប្រគល់ពាន់រង្វាន់ពិសេសមួយ ជាប្រចាំឆ្នាំ ដល់អស់អ្នកណាដែលបានខិតខំធ្វើការ ដើម្បីលើកស្ទួយឲ្យមានសន្តិភាព។ សព្វថ្ងៃនេះ គេហៅពានរង្វាន់នោះថា ពានរង្វាន់ណូបែលសន្តិភាព។
ការដែលព្រះបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកក្នុងលោកិយនេះ ជាការបង្ហាញចេញនូវសន្តិភាពរបស់ព្រះអង្គ ដល់ពិភពលោកយើងនេះ។ នៅពេលព្រះយេស៊ូវបានប្រសូត្រមក ពួកទេវតាបានថ្លែងព្រះរាជសារ យ៉ាងច្បាស់លាស់ មិនឲ្យមានការច្រឡំ ដល់ពួកអ្នកគង្វាលចៀមថា “សេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(លូកា ២:១៤)។
តាមព្រះគម្ពីរ អត្ថន័យនៃពាក្យថា សន្តិភាព ជាដំបូងបង្អស់គឺនិយាយសំដៅទៅលើ សន្តិភាពជាមួយ ព្រះ(រ៉ូម ៥:១)។ អំពើបាបធ្វើឲ្យយើងត្រឡប់ជាខ្មាំងសត្រូវនឹងព្រះ(ខ.១០) ប៉ុន្តែ ការដែលព្រះយេស៊ូវបានយាងចុះមកផែនដី និងការសុគតនៅលើឈើឆ្កាង បានបង្វែរសេចក្ដីក្រោធរបស់ព្រះចេញ។ ឥឡូវនេះ យើងអាចទទួលផ្សះផ្សាជាមួយនឹងព្រះអង្គវិញ។ ព្រះយេស៊ូវបានផ្សះផ្សារទំនាក់ទំនងរបស់យើង ឲ្យបានជាមេត្រីនឹងព្រះរួចហើយ ឥឡូវនេះ ព្រះអង្គជួយឲ្យយើងអាចផ្តួលរំលំរនាំងនៃទំនាក់ទំនងរវាងយើង និងអ្នកដទៃ។
សន្តិភាពមួយប្រភេទទៀត គឺការមានសេចក្តីសុខសាន្ត របស់ ព្រះ(ភីលីព ៤:៧)។ យើងមិនចាំបាច់ត្រូវមានការថប់បារម្ភអំពីរឿងអ្វីទាំងអស់ ដ្បិតយើងដឹងថា យើងអាចទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់យើងបាន។
ព្រះយេស៊ូវបាននាំមកនូវសន្តិភាព ឬសេចក្តីសុខសាន្តហើយ ឥឡូវនេះ ព្រះយេស៊ូវគង់នៅខាងស្ដាំនៃព្រះដ៏ជាព្រះវរបិតា (ហេព្រើរ ១២:២)។ សព្វថ្ងៃនេះ យើងអាចមានសន្តិភាពជាមួយ ព្រះ និងមានសេចក្តីសុខសាន្តរបស់ ព្រះ។—C.P. Hia