ពេល​ដែល​លោក​ជីម ដាវីឌសិន(Jim Davidson) ឡើង​ភ្នំ​រេនា គាត់​បាន​ឆ្លង​ស្ពាន​ដែល​កើត​ឡើង​ពី​ព្រឹល​គរ​លើ​គ្នា​ ហើយ​ស្ពាន​នោះ​ក៏បាក់​ស្រុត ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ក្នុង​ប្រលោះ​​ផ្ទាំង​​ទឹកកក​ដ៏​ជ្រៅ។ លោក​ជីម​បាន​ឈរ​ទាំង​មាន​ឈាម និង​ស្នាម​ជាំ ក្នុង​រូង​ទឹក​កក​ដ៏ងងឹត ហើយ​ពេល​នោះ គាត់​ក៏​នឹ​ក​ចាំថា​ កាលពី​ក្មេង ឪពុក​គាត់​បាន​រំឭ​កគា​ត់ជា​​ច្រើន​ដង​ថា គាត់​អាច​សម្រេច​ការ​ធំបាន បើ​សិន​ជា​គាត់​ក្រាញ់​ននាល​នឹង​ការ​លំបាក មិន​ព្រម​រាថយ។ ពាក្យ​សម្តី​នោះ​ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​លោក​ជីម ខណៈពេ​ល​ដែល​គាត់​ខំ​តោង​ឡើង​តាម​ជញ្ជាំង​ទឹក​កក ចេញ​ពី​ល្អាង​​ទឹកកក​ដ៏​ងងឹត​នោះ ទៅ​កាន់​ទី​សុវត្ថិ​ភាព ដោយ​ចំណាយ​ពេល​អស់​៥​ម៉ោង ដោយប្រើ​ឧបករណ៍​ដែល​គាត់​មាន​បន្តិច​បន្តួច និង​ក្នុង​ស្ថាន​ភា​ព​ដ៏​ពិបាក​ក្រែ​លែង។

យ៉ាង​ណាមិ​ញ មាន​ពេល​ខ្លះ​អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏ធ្លា​ប់​ឆ្លងកា​ត់​ការ​ពិបាក​ ដូច​លោកជី​មផ​ង​ដែរ ពោល​គឺ​គាត់ហា​ក់​ដូច​ជា​បាន​ខំ​តោងឡើ​ង ចេញ​ពី​រូង​ភ្នំនៃ​​​ទុ​ក្ខវេ​ទនា និងការឈឺ​ចា​ប់ ដោយ​រំឭក​ខ្លួន​ឯង អំពី​ព្រះ​បន្ទូល​របស់​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌។ គាត់​បាន​ទទួល​ស្គាល់ថា​ បើសិន​ជា​ព្រះ និង​ព្រះបន្ទូល​របស់​ព្រះអ​ង្គ មិនបា​ន​ទ្រទ្រង់​គាត់ ឲ្យ​មាន​ក្តី​អំណរ​ទេ នោះគា​ត់​មុខ​ជា​ស្លាប់ ក្នុ​ងទុក្ខ​វេទនា​នោះហើយ​(ទំនុកដំកើង ១១៩:៩២)។ គាត់​បាន​បង្ហាញ​នូវ​ទំនុក​ចិត្តទាំ​ង​ស្រុង ចំពោះ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ នៃ​ព្រះ​អម្ចាស់​(ខ.៨៩) និង​ទុក​ចិត្ត​លើ​ភាព​ស្មោះត្រ​ង់ នៃ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​អង្គ​(ខ.៩០)។ ដោយ​សារ​តែ​ភាព​ស្មោះត្រ​ង់​របស់​ព្រះ អ្នក​និព​ន្ធ​ទំនុក​ដំកើង​ បាន​ប្តេជ្ញា​ចិត្ត​ថា ​គាត់នឹ​ង​មិន​បំភ្លេ​ច​ព្រះ​បន្ទូ​ល ដែ​លព្រះ​អ​ង្គ​​មាន​មក​កាន់​គាត់​ទេ ព្រោះ​ព្រះប​ន្ទូល​ព្រះអង្គ​ មាន​តួនាទី​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ការ​ជួយ​រំដោះ​ជីវិត​គាត់ និង​នាំ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង​វិញ។

ពេល​ដែល​យើង​ស្ថិត​ក្នុង​រូង​ភ្នំ​ដ៏ងងឹត​បំផុត និង​ស្ថិត​នៅ​ក្នុង​ពេល​ដ៏​វេទនា ព្រះ​វរ​បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ អាច​ធ្វើឲ្យវិ​ញ្ញាណ​របស់​យើង​មាន​កម្លាំង​ឡើង​វិញ កាល​ណាយើ​ង​រំឭក​ខ្លួន​ឯង អំពី​ព្រះ​បន្ទូល​ដែ​លលើ​កទឹ​ក​ចិ​ត្ត។—Marvin Williams