ក្នុងការប្រយុទ្ធគ្នាជាលើកទីមួយ ក្នុងខេត្តម៉ាន ក្នុងអំឡុងសង្រ្គាមលោកលើកទី១ លោក ហ្វឺឌីណង់ ហ្វូច(Ferdinand Foch) ដែលជាមេទ័ពរបស់ប្រទេសបារាំង បានធ្វើសេចក្តីថ្លែងការ ដល់កងទ័ពរបស់គាត់ថា “ទ័ពកណ្តាល កំពុងតែបោះបង់ចោលការប្រយុទ្ធ ទ័ពនៅខាងស្តាំខ្ញុំកំពុងដកថយ។ ស្ថានភាពល្អប្រសើរណាស់។ ខ្ញុំនៅតែបន្តប្រយុទ្ធទៀត”។ ទោះគាត់ស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានសង្ឃឹម ហើយទីបំផុត ការនេះក៏បាននាំឲ្យកងទ័ពរបស់គាត់ទទួលបានជ័យជម្នះ។
ជួនកាល ពេលយើងជួបសង្គ្រាមនៃជីវិត យើងប្រហែលជាមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងចាញ់ នៅក្នុងសមរភូមិទាំងអស់ ដែលមានដូចជា ការមិនចុះសម្រុងគ្នាក្នុងគ្រួសារ ការអន់ថយក្នុងមុខជំនួញ វិបត្តិហិរញ្ញវត្ថុ ឬការចុះខ្សោយសុខភាពជាដើម ដែលការទាំងអស់នេះ សុទ្ធតែអាចធ្វើឲ្យយើងមានគំនិតអវិជ្ជមាន ចំពោះការរស់នៅ។ ប៉ុន្តែ អ្នកជឿលើព្រះគ្រីស្ទ នៅតែអាចនិយាយថា “ស្ថានភាពមានភាពល្អប្រសើរណាស់”។
ចូរយើងស្វែងយល់អំពីជីវិតរបស់សាវ័កប៉ុលចុះ។ ពេលដែលគេចាប់គាត់ដាក់គុក ដោយសារគាត់ផ្សាយដំណឹងល្អ គាត់នៅតែមានគំនិតវិជ្ជមាន ខុសពីមនុស្សធម្មតា។ គឺដូចដែលគាត់បានសរសេរនៅក្នុងសំបុត្រទៅកាន់ពួកជំនុំ នៅទីក្រុងភីលីពថា “បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចម្រើនដល់ដំណឹងល្អវិញ”(ភីលីព ១:១២)។ សាវ័កប៉ុលបានមើលឃើញស្ថានភាពក្នុងមន្ទីរឃុំឃាំង ជាឱកាសថ្មីមួយ សម្រាប់ផ្សាយដំណឹងល្អដល់ពួករ៉ូម៉ាំង ដែលជាអ្នកយាមគុក។ ម្យ៉ាងទៀត ស្ថានភាពរបស់គាត់ ក៏បានបណ្តាលចិត្តគ្រីស្ទបរិស័ទដទៃទៀត ឲ្យកាន់តែក្លាហាន ក្នុងការផ្សាយដំណឹងល្អ(ខ.១៣-១៤)។
ព្រះទ្រង់អាចប្រើទុក្ខលំបាករបស់យើង ជាប្រយោជន៍ ដើម្បីឲ្យយើងបានចម្រើនឡើង ទោះបីជាទុក្ខលំបាកនោះ នាំឲ្យយើងមានការភ័យខ្លាចក៏ដោយ(រ៉ូម ៨:២៨)។ ការនេះក៏អាចនាំឲ្យយើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គផងដែរ។-Dennis Fisher