នាពេលយប់មួយ ក្នុងរដូវរងា លោកយ៉ូហាន សេបាស្ទាន បាច(Johann Sebastian Bach) ដែលជាអ្នកនិពន្ធបទភ្លេង បានរៀបគម្រោង ទៅធ្វើការប្រគុំបទភ្លេង ដែលគាត់ទើបតែបាននិពន្ធថ្មីៗ ឲ្យគេស្តាប់ជាលើកដំបូង។ ពេលគាត់មកដល់ព្រះវិហារ គាត់រំពឹងថា នឹងមានមនុស្សមកចូលរួមពេញព្រះវិហារ។ តែផ្ទុយទៅវិញ គាត់មិនឃើញមាននរណាម្នាក់មកសោះ។ ដោយមិនបង្អង់យូរ គាត់ក៏បានប្រាប់តន្រ្តីករទំាងឡាយថា ពួកគេនៅតែប្រគុំតន្ត្រី តាមការគ្រោងទុកដដែល។ ពួកគេក៏ចូលកន្លែងរៀងខ្លួន លោកបាចក៏បានលើកចង្កឹះដឹកនាំការប្រគុំតន្រ្តី ហើយមិនយូរប៉ុន្មាន សម្លេងតន្រ្តីដ៏ពិរោះអស្ចារ្យក៏បានលាន់ឡើង ពេញក្នុងព្រះវិហារដ៏ស្ងាត់ជ្រងំ ដែលគ្មានមនុស្សមកចូលរួមនោះ។
រឿងនេះបានបណ្តាលចិត្តខ្ញុំឲ្យឆែកពិនិត្យមើលវិញ្ញាណរបស់ខ្លួនឯងឡើងវិញ។ ខ្ញុំសួរខ្លួនឯងថា បើសិនជាខ្ញុំនិពន្ធសៀវភៅ ហើយមានតែព្រះទេ ដែលនឹងអានសៀវភៅនោះ តើខ្ញុំនឹងនិពន្ធសៀវភៅនោះឬទេ? បើសិនជាដូច្នោះមែន តើការនិពន្ធរបស់ខ្ញុំនឹងមានភាពខុសប្លែកយ៉ាងណា? គេបានណែនាំអ្នកនិពន្ធថ្មីៗ ឲ្យស្រមៃឃើញមនុស្សម្នាក់ ដែលនឹងអានសៀវភៅដែលពួកគេកំពុងសរសេរ ដើម្បីឲ្យពួកគេមានការផ្តោតអារម្មណ៍បានល្អ នៅក្នុងការនិពន្ធ។ ខ្ញុំក៏បានអនុវត្តដូចនេះផងដែរ ពេលដែលខ្ញុំនិពន្ធសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ខ្ញុំព្យាយាមគិតអំពីអ្នកអានសៀវភៅរបស់ខ្ញុំ ព្រោះខ្ញុំចង់សរសេរអំពីសេចក្តីអ្វី ដែលពួកគេនឹងចូលចិត្តអាន និងជាជំនួយសម្រាប់ពួកគេ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញ ស្តេចដាវីឌក៏ជាអ្នកនិពន្ធបទគម្ពីរ សម្រាប់ឲ្យយើងប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ ដែលបានផ្តល់នូវការកម្សាន្តចិត្ត និងលើកទឹកចិត្តយើងផងដែរ។
ខ្ញុំក៏ឆ្ងល់ផងដែរថា តើទ្រង់គិតអំពីនរណា ពេលទ្រង់និពន្ធទំនុកទាំងនោះ។ ជាការពិតណាស់ ពេលនោះ ទ្រង់គិតអំពីព្រះ ដែលសព្វព្រះទ័យនឹងអាន និងស្តាប់សេចក្តីដែលទ្រង់បាននិពន្ធ។
ទោះបីជាការប្រព្រឹត្តរបស់យើង ដែលមានចែងក្នុងបទគម្ពីរម៉ាថាយ ជំពូក៦ ជាការងារសិល្បៈ ឬជាការបម្រើក៏ដោយ ក៏យើងគួរតែចាំថា កិច្ចការទាំងនោះ ស្ថិតនៅក្នុងទំនាក់ទំនង រវាងយើងនិងព្រះ។ ទោះមាននរណាម្នាក់បានមើលឃើញយើងធ្វើការនោះ ឬអត់ គឺមិនសំខាន់ទេ។ ព្រះអង្គជាអ្នកមើល និងស្តាប់យើងហើយ។-Julie Ackerman Link