ក្នុងខែមេសា ឆ្នាំ១៩៣៧ កងទ័ពរបស់លោកមូសូលីនី(Mussolini) នៃប្រទេសអ៊ីតាលី បានឈ្លានពានប្រទេសអេធីយ៉ូពី ធ្វើឲ្យបេសកជនទាំងអស់ ដែលកំពុងធ្វើការបម្រើព្រះ ក្នុងតំបន់វ៉លឡាម៉ូ ត្រូវបង្ខំចិត្តគេចចេញពីប្រទេសអេធីយ៉ូពី។ ពួកគេបានបន្សល់ទុកគ្រីស្ទបរិស័ទតែ៤៨នាក់ ដែលទើបទទួលជឿព្រះថ្មីៗ និងមានតែកណ្ឌព្រះគម្ពីរម៉ាកុសប៉ុណ្ណោះ សម្រាប់ចម្អែតវិញ្ញាណរបស់ខ្លួន ឲ្យមានការលូតលាស់។ ក្នុងចំណោមពួកគេ មានមនុស្សតែពីរបីនាក់ទេ ដែលចេះអានអក្សរ។ ប៉ុន្តែ ពេលដែលពួកបេសកជនធ្វើដំណើរត្រឡប់មករកពួកគេវិញ ក្នុងពេល៤ឆ្នាំក្រោយមកទៀត ពួកគេក៏បានរកឃើញថា ពួកជំនុំមួយនោះ មិនគ្រាន់តែនៅបន្តរមានជំនឿប៉ុណ្ណោះ តែថែមទាំងកើនចំនួនដល់១ម៉ឺននាក់ទៀតផង!
ពេលដែលសាវ័កប៉ុលត្រូវគេបង្ខំឲ្យចាកចេញពីទីក្រុងថែស្សាឡូនិច(មើល កិច្ចការ ១៧:១-១០) គាត់ចង់ដឹងថា គ្រីស្ទបរិស័ទមួយក្រុមតូចនៅក្រុងថែស្សាឡូនិច ដែលគាត់បានចាកចេញនោះ នៅបន្តមានជំនឿទៀតឬអត់(១ថែស្សាឡូនិច ២:១៧)។ ក្រោយមក ពេលដែលលោកធីម៉ូថេ ទៅសួរសុខទុក្ខពួកជំនុំនៅក្រុងថែស្សាឡូនិច គាត់បាននាំដំណឹងទៅដល់សាវ័កប៉ុល នៅក្រុងអាថែន អំពី “សេចក្តីជំនឿ និងសេចក្តីស្រឡាញ់”(៣:៦)។ ពួកគេបានក្លាយជា “គំរូល្អ” ដល់គ្រីស្ទបរិស័ទ ក្នុងតំបន់ជិតខាង ក្នុងស្រុកម៉ាសេដូនា និងស្រុកអាខៃ(១:៨)។
សាវ័កប៉ុលមិនដែលយកស្នាដៃ សម្រាប់ចំនួននៃពួកជំនុំដែលបានកើនឡើង ក្នុងការងាររបស់គាត់ឡើយ។ ហើយគាត់ក៏មិនបានថា ការនោះជាស្នាដៃរបស់អ្នកផ្សេងដែរ។ ផ្ទុយទៅវិញ គាត់បានសរសើរដំកើងព្រះ។ គឺដូចដែលគាត់បានសរសេរ ក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ”(១កូរិនថូស ៣:៦)។
កាលៈទេសៈដែលពិបាកៗ អាចរារាំងគោលបំណងដ៏ល្អបំផុតរបស់យើងបាន ដោយធ្វើឲ្យមិត្តសំឡាញ់បែកគ្នា ដោយប្រការណាមួយ។ ប៉ុន្តែ ព្រះកំពុងធ្វើឲ្យពួកជំនុំរបស់ព្រះអង្គ លូតលាស់ តាមរយៈការលំបាកនីមួយៗ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវមានចិត្តស្មោះត្រង់ ហើយថ្វាយលទ្ធផលដល់ព្រះអង្គ។-C.P.HIA