អ្នកខ្លះមានអារម្មណ៍ថា ខ្លួនប្រៀបដូចជាគ្រាប់គ្រួសដ៏តូចមួយ ដែលធ្លាក់ចូល ទៅក្នុងជ្រោះដ៏ជ្រៅ។ ប៉ុន្តែ ទោះបីជាយើងគិតថា ខ្លួនឯងមានភាពអន់ខ្សោយយ៉ាងណាក៏ដោយ ក៏ព្រះនៅតែអាចប្រើយើង ឲ្យធ្វើការដ៏ធំប្រសើរ។
ពេលលោកម៉ាធីន លូសឺរ ឃីង(Martin Luther King Jr.) អធិប្បាយព្រះបន្ទូល ក្នុងដើមឆ្នាំ ១៩៦៨ គាត់បានដកស្រង់ព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ ដែលនិយាយអំពីភាពជាអ្នកបម្រើ។ រួចគាត់មានប្រសាសន៍ថា “មនុស្សម្នាក់ៗ សុទ្ធតែអាចមានភាពធំប្រសើរ ព្រោះយើងម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកបម្រើ។ ដើម្បីទៅធ្វើជាអ្នកបម្រើ អ្នកមិនចាំបាច់ត្រូវមានសញ្ញាប័ត្រមហាវិទ្យាល័យឡើយ។ ទោះអ្នកមិនអាចនិយាយឲ្យត្រូវវេយ្យករណ៍ ក៏អ្នកធ្វើជាអ្នកបម្រើបានដែរ។ ដើម្បីធ្វើជាអ្នកបម្រើ អ្នកមិនចាំបាច់ត្រូវចេះទ្រឹស្តីរបស់ប្លាតុង និងអារីស្តូតដែលជាទស្សនវិទូនោះឡើយ … និយាយរួម អ្នកគ្រាន់តែចាំបាច់ត្រូវមានចិត្តដែលមានពេញដោយព្រះគុណ និងមានវិញ្ញាណដែលកើតចេញពីសេចក្តីស្រឡាញ់ប៉ុណ្ណោះ”។
ពេលពួកសិស្សរបស់ព្រះយេស៊ូវប្រកែកគ្នាអំពីតំណែងកិត្តិយស ដែលពួកគេនឹងទទួលក្នុងនគរស្ថានសួគ៌ ព្រះអង្គក៏បានប្រាប់ពួកគេថា “អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៤៣-៤៥)។
ចុះចំណែកយើងវិញ តើយើងមានការយល់ដឹងដូចម្តេចដែរ អំពីភាពធំប្រសើរ? តើយើងនឹងធ្វើការបម្រើព្រះ ដោយអំណរ ដោយធ្វើកិច្ចការដ៏តូច ដែលគេមិនចាប់អារម្មណ៍ឬទេ? តើយើងបម្រើព្រះ ដើម្បីបំពេញបំណងព្រះទ័យព្រះអម្ចាស់ ឬដើម្បីឲ្យគេសរសើរ? បើសិនជាយើងស្ម័គ្រចិត្តបន្ទាបខ្លួន ធើ្វអ្នកបម្រើ នោះអ្នកដទៃនឹងបានមើលឃើញព្រះដែលពិតជាធំប្រសើរ តាមរយៈការរស់នៅរបស់យើងមិនខានទេ។-Vernon Grounds